កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលសារជាថ្មីម្ដងទៀត ដើម្បីគំរាមអាម៉េរិក
Asia

កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលសារជាថ្មីម្ដងទៀត ដើម្បីគំរាមអាម៉េរិក

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលជាការបាញ់បង្ហោះមីស៊ីលសារជាថ្មីម្ដងទៀត បន្ទាប់ពីគ្រាប់រ៉ុក្កែតពីរដែលត្រូវបានរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ដីគោករបស់សហរដ្ឋអាម៉េរិកត្រូវបានបាញ់កាលពីដើមសប្ដាហ៍នេះ ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា មីស៊ីលនេះត្រូវបានបាញ់នៅម៉ោងប្រហែល ១១៖០៥ នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃអាទិត្យ ឆ្ពោះទៅកាន់ដែនទឹកនៅភាគខាងកើតនៃឧបទ្វីបកូរ៉េ ដោយដកស្រង់សម្តីរបស់អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ។ អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Toshiro Ino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា មីស៊ីលរបស់កូរ៉េខាងជើងហោះបានចម្ងាយប្រហែល៨០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធលើអាកាសរួមគ្នាលើឧបទ្វីបកូរ៉េដែលចូលរួមដោយយន្តហោះទម្លាក់គ្រាប់បែក B-1B និងយន្តហោះចម្បាំងនៅថ្ងៃអាទិត្យនេះ ។ វាគឺជាផ្នែកមួយនៃសមយុទ្ធយោធាទ្រង់ទ្រាយធំដោយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងខែនេះ ដែលហៅថា “Freedom Shield” និងមានរយៈពេលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៣ ខែមីនា ដែលត្រូវបានធ្វើឡើងដើម្បីពង្រឹងការការពារសន្តិសុខក្នុងតំបន់ ។

ប្រភព ៖ Bloomberg

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *