News & Blogs

ខ្លីៗពីអន្តរជាតិ

២០ ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន ៖ អ្វីដែលទទួលបាន តើវាសមនឹងតម្លៃដែរឬទេ?

Afganistan01

២០ ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន ៖ អ្វីដែលទទួលបាន តើវាសមនឹងតម្លៃដែរឬទេ?

បន្ទាប់ពីរយៈពេល ២០ឆ្នាំនៅក្នុងប្រទេស កងកម្លាំងអាម៉េរិក និងអង់គ្លេសកំពុងចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ។ នៅក្នុងខែមេសា លោកប្រធានាធិបតីបៃដិនបានប្រកាសថាទាហានប្រុសស្រីអាម៉េរិកដែលនៅសេសសល់ចំនួន ២,៥០០-៣,៥០០ នាក់នឹងត្រូវដកចេញទាំងអស់នៅត្រឹមថ្ងៃទី ១១ ខែកញ្ញា ។

កាលបរិច្ឆេទនេះគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ។ វាពិតជាមានរយៈពេល ២០ ឆ្នាំគត់ ចាប់តាំងពីការវាយប្រហាររបស់ក្រុមអាល់កៃដាទៅលើអគារពាណិជ្ជកម្មរបស់អាម៉េរិកនៅថ្ងៃទី១១ ខែកញ្ញា ដែលបានរៀបចំគម្រោង និងដឹកនាំផែនការវាយប្រហារពីប្រទេសអាហ្វហ្គានីស្ថាន ដែលបានបង្កើតឱ្យមាននូវសម្ពន្ធមិត្តដឹកនាំដោយសហរដ្ឋអាម៉េរិករហូតដល់ការឈានទៅទម្លាក់ពួកតាលីបង់ចេញពីអំណាច និងបណ្តេញក្រុមអាល់កៃដាចេញបានបណ្តោះអាសន្ន ។

ការចំណាយលើការចូលរួមផ្នែកយោធា និងសន្តិសុខរយៈពេល ២០ឆ្នាំនេះ បានធ្វើឱ្យការរស់នៅរបស់ប្រជាជនជួបការលំបាក បាត់បង់ជីវិតមនុស្ស និងប្រាក់កាសអស់ជាច្រើន ។ ទាហានស្រីប្រុសរបស់អាម៉េរិកជាង ២,៣០០ នាក់ត្រូវបានសម្លាប់ និងជាង ២ម៉ឺននាក់រងរបួសរួមជាមួយទាហានអង់គ្លេសជាង ៤៥០ នាក់ និងរាប់រយនាក់ទៀតមកពី សញ្ជាតិផ្សេងៗ ។

ប៉ុន្តែ អ្នកដែលរងគ្រោះខ្លាំងជាងគេនោះគឺជាជនជាតិអាហ្វហ្គានីស្ថានខ្លួនឯងផ្ទាល់ដែលបានរងគ្រោះដោយសារគ្រោះថ្នាក់នេះរួមមានសមាជិកសន្តិសុខចំនួនជាង ៦ ម៉ឺននាក់ត្រូវបានសម្លាប់ និងជិតទ្វេដងនៃចំនួនជនស៊ីវិល ។

ហិរញ្ញវត្ថុដែលបានចំណាយទៅលើសង្គ្រាមនេះ ត្រូវបានប៉ាន់ស្មានថា គឺស្មើនឹងទឹកប្រាក់ចំនួន ១លានលានដុល្លារអាម៉េរិក ។

ដូច្នេះ សំណួរដែលត្រូវសួរនោះគឺថា តើអ្វីដែលបានមកវិញ វាសមនឹងតម្លៃដែរឬទេ?

ចម្លើយគឺអាស្រ័យលើអ្វីដែលអ្នកយកមកវាស់វែងវា ៖ 

សូមគិតត្រលប់ថយក្រោយមួយភ្លែត ហើយពិចារណាថាហេតុអ្វីបានជាកងកម្លាំងប្រទេសលោកខាងលិចចូលមកឈរជើងនៅប្រទេសអាហ្វហ្គានីស្ថានកាលពីពេលដំបូង និងអ្វីដែលពួកគេបានកំណត់ធ្វើ ។ ក្នុងរយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ១៩៩៦-២០០១ ក្រុមភេរវករឆ្លងប្រទេសដែលត្រូវបានគេកំណត់ឈ្មោះថាអាល់កៃដានេះ បានកកើតឡើងនៅលើទឹកដីអាហ្វហ្គានីស្ថានដែលដឹកនាំដោយមេដឹកនាំអូសាម៉ា ប៊ិនឡាដិន បានបង្កើតជំរុំបណ្តុះបណ្តាលភេរវកររួមមាន ការសាកល្បងក្នុងការប្រើឧស្ម័នពុលលើសត្វឆ្កែ ហើយបានជ្រើសរើស និងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តជីហាដប្រមាណ ២ម៉ឺននាក់មកពីជុំវិញពិភពលោក ។ ហើយពួកគេក៏បានដឹកនាំការវាយប្រហារក្នុងពេលតែមួយទៅលើស្ថានទូតរបស់អាម៉េរិកនៅក្នុងប្រទេសកេនយ៉ា (Kenya) និងតង់ហ្សានី (Tanzania) ក្នុងឆ្នាំ១៩៩៨ ដោយបានសម្លាប់មនុស្សអស់ ២២៤ នាក់ដែលភាគច្រើនជាជនស៊ីវិលអាហ្វ្រិក ។

ក្រុមអាល់កៃដាអាចធ្វើប្រតិបត្តិការដោយគ្មាននិទណ្ឌភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ព្រោះពួកគេត្រូវបានការពារដោយរដ្ឋាភិបាលនៅពេលនោះ ៖ ពួកតាលីបង់ដែលបានកាន់កាប់ប្រទេសទាំងមូលក្នុងឆ្នាំ១៩៩៦ បន្ទាប់ពីការដកកងទ័ពក្រហមរបស់សូវៀត និងសង្គ្រាមស៊ីវិលបំផ្លិចបំផ្លាញជាច្រើនឆ្នាំ ។

សហរដ្ឋអាម៉េរិក តាមរយៈសម្ពន្ធមិត្តអារ៉ាប៊ីសាអ៊ូឌីតបានព្យាយាមបញ្ចុះបញ្ចូលក្រុមតាលីបង់ឱ្យបណ្តេញក្រុមអាល់កៃដាចេញពីប្រទេស ប៉ុន្តែពួកគេបានបដិសេធ ។ បន្ទាប់ពីការវាយប្រហារ ៩/១១ ក្នុងខែកញ្ញា ឆ្នាំ២០០១ សហគមន៍អន្តរជាតិបានស្នើសុំឱ្យតាលីបង់ប្រគល់អ្នកទទួលខុសត្រូវទាំងនោះមកឱ្យខ្លួន ប៉ុន្តែ ក្រុមតាលីបង់បានបដិសេធជាថ្មីម្ដងទៀត ។ ដូច្នេះ នៅខែបន្ទាប់ កងកម្លាំងប្រឆាំងតាលីបង់របស់អាហ្វហ្គានដែលត្រូវបានគេស្គាល់ថាជាសម្ពន្ធមិត្តខាងជើងបានឡើងលើទីក្រុងកាប៊ុលដែលត្រូវបានគាំទ្រដោយកងកម្លាំងអាម៉េរិក និងអង់គ្លេសដែលបានរុញច្រានពួកតាលីបង់ចេញពីអំណាច និងបញ្ជូនក្រុមអាល់កៃដាឱ្យភៀសខ្លួនពីព្រំដែនចូលប្រទេសប៉ាគីស្ថាន ។

នៅខែមេសា ឆ្នាំ២០២១ នេះ ប្រភពសន្តិសុខជាន់ខ្ពស់បានប្រាប់សារព័ត៌មាន BBC ថា ចាប់តាំងពីពេលនោះមក គឺមិនមានការវាយប្រហារភេរវកម្មអន្ដរជាតិណាមួយដែលត្រូវបានគ្រោងទុកពីប្រទេសអាហ្វហ្គានីស្ថានទទួលបានជោគជ័យនោះទេ ។ ដូច្នេះ តាមរយៈវិធានការណ៍នៃការប្រឆាំងភេរវកម្មអន្តរជាតិនេះ វត្តមានយោធា និងសន្តិសុខរបស់ប្រទេសលោកខាងលិចនៅទីនោះបានទទួលជោគជ័យទៅតាមគោលដៅរបស់ខ្លួន ។

ប៉ុន្តែ តាមពិតទៅនោះគឺជាការវាស់ស្ទង់យ៉ាងសាមញ្ញមួយ ព្រោះពួកគេមិនបានគិតដល់ការស្លាប់របស់ទាហាន និងប្រជាជនស៊ីវិលរបស់អាហ្វហ្គានីស្ថានឡើយ ។ ក្នុងរយៈពេល ២០ឆ្នាំទៅមុខទៀត ប្រទេសនេះនៅតែមិនមានសន្តិភាពដដែល នេះបើយោងទៅលើក្រុមស្រាវជ្រាវសកម្មភាពប្រឆាំងនឹងអំពើហិង្សាប្រដាប់អាវុធ (Action on Armed Violence) ឆ្នាំ២០២០ ឃើញថា ប្រជាជនអាហ្វហ្គានីស្ថានត្រូវបានសម្លាប់ដោយគ្រឿងផ្ទុះច្រើនជាងគេនៅលើពិភពលោក ។ ក្រុមជ្រុលនិយមអាល់កៃដា រដ្ឋអ៊ីស្លាម (IS) និងក្រុមសកម្មប្រយុទ្ធដទៃទៀតមិនទាន់រលាយបាត់នោះទេ ពួកគេបានកើតឡើងជាថ្មី និងមានការលើកទឹកចិត្តដោយគ្មានការសង្ស័យតាមរយៈការចាកចេញភ្លាមៗនៃកងកម្លាំងប្រទេសលោកខាងលិចដែលនៅសល់ចុងក្រោយ ។

ត្រលប់ទៅឆ្នាំ២០០៣ ដោយមានទីតាំងនៅកន្លែងផ្ទុះមួយនៅឯខេត្ត Paktika ជាមួយកងពលលេខ ១០ នៃកងទ័ពសហរដ្ឋអាម៉េរិក ខ្ញុំចាំបានថា សហសេវិករបស់អង្គភាពសារព័ត៌មាន BBC ដ៏ពោរពេញដោយពិសោធន៍ម្នាក់ឈ្មោះ Phil Goodwin បានបង្ហាញនូវការសង្ស័យរបស់គាត់ទៅលើអ្វីដែលជាកេរដំណែលនៃវត្តមានយោធារបស់សម្ពន្ធមិត្តនេះ ។ លោកមានប្រសាសន៍ថា “ក្នុងរយៈពេល ២០ឆ្នាំ ពួកតាលីបង់នឹងវិលត្រលប់មកកាន់កាប់ទឹកដីភាគច្រើននៅភាគខាងត្បូងវិញ” ។ បន្ទាប់ពីកិច្ចពិភាក្សាសន្តិភាពនៅទីក្រុងដូហា (Doha) និងការកាន់កាប់តំបន់មួយចំនួនរបស់ក្រុមតាលីបង់ ពួកគេបានត្រៀមខ្លួននឹងដើរតួជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការសម្រេចចិត្តទៅលើអនាគតរបស់ប្រទេសអាហ្វហ្គានីស្ថានទាំងមូល ។

ទោះយ៉ាងណា ឧត្តមសេនីយ៍ Sir Nick Carter អគ្គសេនាធិការកងទ័ពអង់គ្លេសដែលបម្រើការក្នុងដំណើរទស្សនកិច្ចជាច្រើនលើកនៅទីនោះ បានចង្អុលបង្ហាញថា “សហគមន៍អន្តរជាតិបានកសាងសង្គមស៊ីវិលមួយដែលបានផ្លាស់ប្តូរការគណនានូវអ្វីដែលជាភាពស្របច្បាប់ដ៏ពេញនិយមដែលក្រុមតាលីបង់ចង់បាន ។

លោកមានប្រសាសន៍ថា “ស្ថានភាពប្រទេសនេះនាពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងកាលពីឆ្នាំ២០០១ ហើយពួកតាលីបង់បានក្លាយជាមនុស្សដែលមានគំនិតបើកចំហជាងមុន” ។

លោកបណ្ឌិត Sajjan Gohel មកពីមូលនិធិអាស៊ីប៉ាស៊ីហ្វិក  (Asia Pacific Foundation) មានទស្សនៈទុទិដ្ឋិនិយមជាងនេះថា គឺអាចទៅរួចដែលអាហ្វហ្គានីស្ថានអាចវិលត្រលប់ទៅជាកន្លែងបង្កបង្កើតក្រុមឡើងវិញសម្រាប់ភាពជ្រុលនិយមដែលខ្លួនមាននៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ។ វាគឺជាការព្រួយបារម្ភរួមពីសំណាក់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសលោកខាងលិចជាច្រើនទៀតដូចគ្នាផងដែរ ។

បណ្ឌិត Gohel ព្យាករណ៍ថា ចាប់ពីពេលឥឡូវនេះទៅ នឹងមានរលកថ្មីនៃក្រុមអ្នកប្រយុទ្ធភេរវកម្មបរទេសមកពីបស្ចិមប្រទេសធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថានសម្រាប់ទទួលយកការបណ្តុះបណ្តាលភេរវកម្មឡើងវិញជាមិនខានឡើយ ។ ហើយប្រទេសលោកខាងលិចនឹងមិនអាចដោះស្រាយបញ្ហានេះបាននោះទេ ព្រោះពួកគេបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថានទាំងស្រុងទៅហើយ ។

រឿងនេះប្រហែលជាមិនអាចចៀសផុតបានឡើយ ។ វានឹងពឹងផ្អែកលើកត្តាពីរយ៉ាង៖ ទី១ ថាតើក្រុមតាលីបង់ដែលទទួលបានជ័យជម្នះ អនុញ្ញាតឱ្យមានសកម្មភាពអាល់កៃដានិង IS នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដែរឬទេ ។ ទី២ កម្រិតដែលសហគមន៍អន្តរជាតិបានត្រៀមដោះស្រាយនៅពេលពួកគេមិនមានកងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថានតទៅទៀត ។

ដូច្នេះ រូបភាពសន្តិសុខនាពេលអនាគតសម្រាប់ប្រទេសអាហ្វហ្គានីស្ថានគឺនៅស្រពិចស្រពិលនៅឡើយ ។ ប្រទេសដែលកងកម្លាំងលោកខាងលិចចាកចេញនៅរដូវក្តៅមួយនេះ គឺប្រហែល ជាមិនអាចការពារសុវត្តិភាពរបស់ខ្លួនបាននោះទេ ។ ប៉ុន្តែ មានមនុស្សតិចណាស់ដែលអាចព្យាករណ៍បានក្នុងប៉ុន្មានថ្ងៃក្រោយព្រឹត្តការណ៍ ៩/១១ ថាពួកគេនៅមានសកម្មភាពរហូតដល់ ២ទសវត្សរ៍បន្តទៀតឬអត់នោះ ។

ទាហានវ័យ ១៩ ឆ្នាំរបស់អាម៉េរិកម្នាក់មកពីរដ្ឋញូវយ៉កបានប្រាប់យើងពីរឿងដែលគាត់បានបាត់បង់មិត្តភក្ដិរបស់គាត់ពីរបីនាក់ក្នុងអំឡុងពេលឈរជើងនៅទីនោះ ហើយគាត់បាននិយាយទាំងញាក់ស្មាថា “ពេលណាដល់វេនខ្ញុំ គឺពេលហ្នឹងហើយ” ។ ហើយបន្ទាប់មក ក៏មានបុរសម្នាក់ទៀតលោតចេញមកជាមួយហ្គីតា ហើយច្រៀងសម្ដែងតាមបទ Creep របស់ប៉ុស្ដិ៍ Radiohead ។ វាបញ្ចប់ដោយពាក្យថា “តើខ្ញុំកំពុងធ្វើអ្វីនៅទីនេះ? ទីនេះមិនមែនជារបស់ខ្ញុំទេ” ។

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!