Breaking News

ឯកអគ្គរដ្ឋទូតរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំប្រទេសអ៊ីស្រាអែល បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពយោធាអ៊ីស្រាអែលនាពេលថ្មីៗនេះ នៅតំបន់ហ្គាហ្សាដែលបានសម្លាប់មនុស្សរាប់សិបនាក់!!

ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសអ៊ីស្រាអែល លោក Tom Nides បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គាំទ្រអ៊ីស្រាអែលពេញទំហឹងចំពោះការប្រយុទ្ធប្រឆាំងនឹង “មនុស្សអាក្រក់” នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្មានថ្ងៃបន្ទាប់ពីការផ្ទុះអាវុធដ៏សាហាវរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា ។

ថ្លែងទៅកាន់ទូរទស្សន៍ Channel 13 របស់អ៊ីស្រាអែលសម្រាប់បទសម្ភាសន៍កាលពីថ្ងៃពុធ លោក Nides បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានដឹងពីស្ថានភាពដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា ហើយជឿជាក់ថាប្រតិបត្តិការចុងក្រោយរបស់អ៊ីស្រាអែលនៅទីនោះកាលពីសប្តាហ៍មុនគឺជាផ្នែកនៃបេសកកម្មដ៏សំខាន់ ។

បេសកជនបានបន្តដោយសំដៅទៅលើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនថា ពួកគេទាំងនេះគឺជាមនុស្សអាក្រក់ ដោយបន្ថែមថា យើងគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន សិទ្ធិរបស់ខ្លួនក្នុងការចាត់វិធានការជាមូលដ្ឋានដែលវាត្រូវការដើម្បីរក្សាកន្លែងនេះឱ្យមានសុវត្ថិភាព ដូច្នេះយើងគាំទ្រយ៉ាងពេញទំហឹងនូវសកម្មភាពរបស់អ៊ីស្រាអែល។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកការវាយប្រហាររយៈពេល 3 ថ្ងៃលើតំបន់ហ្គាហ្សាដោយ ចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយអ៊ីស្រអែលបានអះអាងថា ខ្លួនកំណត់គោលដៅ​លើក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ដែលជាក្រុមសកម្មប្រយុទ្ធដែលត្រូវបានចោទប្រកាន់ពីបទបាញ់គ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ។ យោងតាមមន្ត្រីក្នុងតំបន់ ជនជាតិប៉ាឡេស្ទីនប្រមាណ ៤៤នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនេះ រួមទាំងកុមារតូចម្នាក់ផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version