មន្ត្រីដែលបានតែងតាំងដោយរុស្ស៊ីក្នុងតំបន់បាននិយាយថា មនុស្ស ៥ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៨០ នាក់បានរងរបួសក្នុងការបាញ់ផ្លោងនៅទីក្រុង Novaya Kakhovka ដោយកងកម្លាំងអ៊ុយក្រែន ។ ទីក្រុងនេះស្ថិតនៅក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយត្រូវបានគ្រប់គ្រងដោយទីក្រុងម៉ូស្គូ ។ លោក Kirill Stremousov អនុប្រធានតំបន់ក៏បានប្រាប់សារព័ត៌មានរុស្ស៊ី RIA Novosti ថា មនុស្សប្រាំពីរនាក់កំពុងបាត់ខ្លួន។
លោក Vladimir Leontyev ប្រធានរដ្ឋបាលនៃទីក្រុង Novaya Kakhovka បាននិយាយថា ឃ្លាំងស្តុកជីមួយកន្លែងត្រូវបានបំផ្ទុះដោយការបាញ់ផ្លោងកាលពីថ្ងៃចន្ទ ហើយផ្ទះជាច្រើនខ្នងត្រូវបានខូចខាត ក៏ដូចជាកន្លែងជនស៊ីវិលផ្សេងទៀត រួមទាំងផ្សារ និងមន្ទីរពេទ្យផងដែរ ។
លោក Natalya Zarya ដែលជាអ្នកសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ទីក្រុងនេះបាននិយាយថា ឃ្លាំងស្តុកទុកជំនួយមនុស្សធម៌មួយដែលមានជំនួយចំនួន 35 តោន រួមទាំងអាហារក៏ត្រូវបានបំផ្លាញផងដែរ ។
មន្ត្រីក្នុងតំបន់បានអះអាងថា កងទ័ពអ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ុក្កែត HIMARS ដែលផ្តល់ដោយសហរដ្ឋអាម៉េរិក ដើម្បីវាយប្រហារទីក្រុងនេះ ។
“ការវាយប្រហារបែបនេះនៅលើទីតាំងជនស៊ីវិលត្រូវតែធ្វើការថ្កោលទោសយ៉ាងដាច់ខាត ។ លោក Dmitry Polyansky អនុប្រធានបេសកកម្មរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ RIA Novosti កាលពីថ្ងៃអង្គារថា វាគឺជាផលវិបាកដោយផ្ទាល់នៃការប្រគល់អាវុធដោយសហរដ្ឋអាម៉េរិកទៅកាន់ទីក្រុងគៀវ ។
ប្រភព ៖ RT