អ៊ុយក្រែននិយាយថា ការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីពុំអាចវិវត្តទៅមុខបាននោះទេ ខណៈអាម៉េរិកអះអាងថា ទីក្រុងម៉ូស្គូបាត់បង់ទាហានប្រហែល ៨ ម៉ឺននាក់ហើយ!!
Breaking News

អ៊ុយក្រែននិយាយថា ការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីពុំអាចវិវត្តទៅមុខបាននោះទេ ខណៈអាម៉េរិកអះអាងថា ទីក្រុងម៉ូស្គូបាត់បង់ទាហានប្រហែល ៨ ម៉ឺននាក់ហើយ!!

អ៊ុយក្រែននិយាយថា ស្ថានការណ៍ប្រយុទ្ធគ្នានៅតែបន្តមានភាពតានតឹងនៅគ្រប់សមរភូមិទាំងអស់ ប៉ុន្តែអ៊ុយក្រែននៅតែអាចទប់ទល់ទៅនឹងការវាយប្រហាររបស់រុស្ស៊ីបានដដែល ។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរនៅតែបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ Zaporizhia ។ ដោយឡែកខាងមន្ទីរបញ្ចកោណបានអះអាងថា ការខាតបង់ផ្នែកយោធារបស់ទីក្រុងម៉ូស្គូមានកម្រិត “ខ្ពស់ខ្លាំងណាស់” ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមកទល់ពេលនេះរុស្ស៊ីបានបាត់បង់ទាហានក្នុងចំនួនប្រហែលចន្លោះពី 70,000-80,000 នាក់រួចទៅហើយ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក Pavlo Kirilenko អភិបាលនៃតំបន់ Donetsk ដែលជាផ្នែកមួយនៃភូមិភាគ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែនបានលើកឡើងថា ស្ថានការណ៍ប្រយុទ្ធគ្នានៅតែមានភាពតានតឹងដដែល ដោយកងកម្លាំងរុស្ស៊ីបានបន្តបើកការវាយប្រហារជាបន្តបន្ទាប់ រួមទាំងការវាយប្រហារតាមផ្លូវអាកាសផងដែរ ប៉ុន្តែនៅតែមិនអាចកាន់កាប់តំបន់នេះទាំងស្រុងបាន ។

លោក Oleksi Arestovic ទីប្រឹក្សាប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហោះនៅលើប្រព័ន្ធ YouTube ដោយបានអះអាងថា នៅភាគឦសានកងកម្លាំងអ៊ុយក្រែនអាចរំដោះយកទីក្រុង Dovenky ដែលនៅជិតនឹងតំបន់ Kharkiv ពីរុស្ស៊ីត្រឡប់មកវិញបានដោយជោគជ័យ ហើយខ្លួនក៏កំពុងវាយដណ្ដើមយកទីក្រុង Izum មកវិញផងដែរ ។

របាយការណ៍ប្រចាំថ្ងៃរបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបញ្ជាក់ថា  ទីក្រុងនានានៅភាគខាងត្បូង ខាងកើត និងភាគអាគ្នេយ៍នៃទីក្រុង Kharkiv ត្រូវបានរងផលប៉ះពាល់ខ្លាំងពីការវាយប្រហារដោយរថក្រោះ កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ។

លោក Arestovic បានលើកឡើងបន្តថា កងទ័ពអ៊ុយក្រែនទទួលបានជោគជ័យដ៏ធំមួយ ខណៈពេលដែលរុស្ស៊ីមិនអាចទទួលបានទឹកដីដែលខ្លួនធ្លាប់ដណ្ដើមបានយកទៅវិញ ហើយនៅទីបំផុតកងទ័ពរុស្ស៊ីអាចនឹងត្រូវធ្លាក់ចូលក្នុងការឡោមព័ទ្ធរបស់អ៊ុយក្រែន ។

Leave a Reply

Your email address will not be published. Required fields are marked *