អ៊ុយក្រែនជំរុញឱ្យអាម៉េរិកដាក់ទណ្ឌកម្មធនាគាររុស្ស៊ីទាំងអស់!!
Breaking News

អ៊ុយក្រែនជំរុញឱ្យអាម៉េរិកដាក់ទណ្ឌកម្មធនាគាររុស្ស៊ីទាំងអស់!!

អ៊ុយក្រែនកំពុងអំពាវនាវឱ្យរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន ដាក់ទណ្ឌកម្មធនាគារឯកជនរុស្ស៊ីទាំងអស់ នេះបើតាម Bloomberg បានរាយការណ៍នៅថ្ងៃសុក្រនេះដោយដកស្រង់សម្តីរបស់លោកស្រី Oksana Markarova បេសកជនរបស់ទីក្រុងគៀវប្រចាំនៅទីក្រុង Washington ។

លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ចង់ឱ្យសហរដ្ឋអាម៉េរិកបន្ថែមធនាគារពីរបីក្នុងមួយសប្តាហ៍ទៅក្នុងបញ្ជីស្ថាប័នហិរញ្ញវត្ថុដែលជាប់ទណ្ឌកម្មរបស់ខ្លួន ។ លោកស្រីឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា លោកស្រីបានបញ្ជូនសំណើនេះទៅក្រសួងរតនាគារសហរដ្ឋអាម៉េរិកដើម្បីពិចារណាហើយ ។

លោកស្រី Markarova ធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងបទសម្ភាសន៍ថា “ទណ្ឌកម្មមានសារៈសំខាន់ដូចអាវុធ” ដោយបន្ថែមថាធនាគាររុស្ស៊ី​គឺជាគោលដៅទណ្ឌកម្មស្របច្បាប់ ។

លោកស្រីបានអះអាងថា “នៅពេលដែលធនាគារមួយត្រូវបានដាក់ទណ្ឌកម្ម ធនាគារឯកជនមួយចំនួនទៀតភ្លាមៗក្លាយជាអ្នកផ្តល់ហិរញ្ញប្បទាននៃឧស្សាហកម្ម ឬយោធា” ដោយបន្ថែមថា លោកស្រីក៏កំពុងជំរុញឱ្យក្រសួងការបរទេសអាម៉េរិកចាត់ទុកប្រទេសរុស្ស៊ីជា​រដ្ឋគាំទ្រភេរវកម្មផងដែរ ។

​សហរដ្ឋអាម៉េរិក រួមជាមួយនឹងចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងប្រទេសដទៃទៀត បានដាក់ទណ្ឌកម្មយ៉ាងពេញទំហឹងលើវិស័យធុរកិច្ច និងនយោបាយរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅអ៊ុយក្រែនមក ។ ការរឹតបន្តឹងជាពិសេសបានកំណត់គោលដៅទៅលើស្ថាប័នហិរញ្ញវត្ថុធំជាងគេរបស់រុស្ស៊ីដូចជា Sberbank និងធនាគារ VTB និងធនាគារកំពូលផ្សេងទៀត ព្រមទាំងបុគ្គលរាប់រយនាក់ រួមទាំងប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *