ក្រសួងការបរទេសអាម៉េរិកបានអនុម័តការលក់ប្រព័ន្ធរុករក និងតាមដានអ៊ីនហ្វ្រារ៉េដ និងឧបករណ៍ផ្សេងទៀតសម្រាប់យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាម៉េរិកទៅកាន់កោះតៃវ៉ាន់ ។ កិច្ចព្រមព្រៀងដែលមានតម្លៃ ៥០០ លានដុល្លារត្រូវបានប្រកាសកាលពីថ្ងៃពុធ ខណៈដែលភាពតានតឹងនៅតែបន្តរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាម៉េរិក (DSCA) កញ្ចប់យោធាដែលត្រូវបានអនុម័តនេះរួមបញ្ចូលគ្រឿងបន្លាស់ សូហ្វវែរសម្រាប់ជំនួយយន្តហោះ គ្រាប់រំសេវ និងឧបករណ៍ហ្វឹកហាត់ ។ DSCA បាននិយាយថា ការលក់ដែលបានស្នើឡើងនឹងជួយកែលម្អសុវត្ថិភាព និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ។
តៃវ៉ាន់កំពុងធ្វើទំនើបកម្មយន្តហោះ F-16A/B របស់ខ្លួន។ រដ្ឋាភិបាលតៃប៉ិបានទិញយន្តហោះ F-16V ថ្មីចំនួន ៦៦ គ្រឿងពីទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ ២០១៩ ។ តៃប៉ិក៏នឹងទទួលបានរថក្រោះ M1A2T Abrams ផលិតនៅសហរដ្ឋអាមេរិកជាង ១០០ គ្រឿងដោយរថក្រោះចំនួន ៣៨ គ្រឿងដំបូងនឹងមកដល់តៃវ៉ាន់នៅឆ្នាំក្រោយ នេះបើតាមប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ។
ទីក្រុងប៉េកាំងទទូចថា ការលក់អាវុធរបស់អាម៉េរិកទៅឱ្យតៃវ៉ាន់រំលោភលើគោលនយោបាយ “ចិនតែមួយ” ហើយចាត់ទុកកិច្ចព្រមព្រៀងដូចជាការជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុករបស់ខ្លួន ។
RT