News & Blogs

News អត្ថបទព័ត៌មាន

អាម៉េរិកកំពុងតែយល់ច្រលំ ប្រសិនបើខ្លួនគិតថា វៀតណាមនឹងផ្តល់នូវមូលដ្ធានមីស៊ីល ឬជួយខ្លួនគ្រប់យ៉ាងនៅក្នុងជម្លោះណាមួយជាមួយនឹងប្រទេសចិន

អាម៉េរិកកំពុងតែយល់ច្រលំ

អាម៉េរិកកំពុងតែយល់ច្រលំ ប្រសិនបើខ្លួនគិតថា វៀតណាមនឹងផ្តល់នូវមូលដ្ធានមីស៊ីល ឬជួយខ្លួនគ្រប់យ៉ាងនៅក្នុងជម្លោះណាមួយជាមួយនឹងប្រទេសចិន

ទីក្រុងហាណូយអាចមានភាពខុសគ្នាច្រើនជាមួយនឹងទីក្រុងប៉េកាំង ហើយវៀតណាមក៏មានការប្រុងប្រយ័ត្នចំពោះប្រទេសជិតខាងរបស់ខ្លួនដ៏មានឥទ្ធិពលនេះផងដែរ ប៉ុន្តែការប្រជុំជាន់ខ្ពស់មួយនៅចុងសប្តាហ៍នេះបានចង្អុលបង្ហាញថា វៀតណាមនឹងមិនចូលរួមជាមួយសម្ពន្ធមិត្តប្រទេសលោកខាងលិចក្នុងការប្រឆាំងនឹងចិននោះទេ។

ទោះបីជាពួកគេមានមនោគមវិជ្ជារួមមួយប្រឆាំងនឹងទស្សនៈពិភពលោករបស់ចក្រពត្តិនិយម និងការគាំទ្រជាប្រវត្តិសាស្រ្តរបស់លោកម៉ៅចំពោះវៀតណាមខាងជើង ក្នុងការតស៊ូដ៏យូរអង្វែងប្រឆាំងនឹងសហរដ្ធអាម៉េរិកនៅចន្លោះឆ្នាំ១៩៥៥ និងឆ្នាំ១៩៧៥ ក៏ដោយ ក៏ចិននិងវៀតណាមមិនមែនជាសម្ពន្ធមិត្តហ្នឹងគ្នាដែរ ។ តាមពិតទៅ ភាពមិនត្រូវគ្នាដែលមានជាយូរមកហើយរវាងប្រទេសទាំងពីរនេះគឺធំធេញណាស់ ។

អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយដែលប្រទេសវៀតណាមបានដឹងថា ប្រទេសចិនគឺជាប្រទេសជិតខាងក្នុងតំបន់ដែលបានព្យាយាមបង្កើនការប៉ុនប៉ងធ្វើគ្រប់យ៉ាងដើម្បីឱ្យវៀតណាមស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។ ចាប់តាំងពីពេលដែលវៀតណាមនៅជាផ្នែកមួយនៃរាជវង្សហាន (Han dynasty) រហូតដល់ក្លាយជារដ្ឋចំណុះនៃរាជវង្សឈិង (Qing dynasty) នឹងត្រូវបានឈ្លានពានដោយប្រទេសចិននៅក្នុងឆ្នាំ១៩៧៩ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់លោកតេង ស៊ាវពីង ដើម្បីលុបបំបាត់ឥទ្ធិពលរបស់សហភាពសូវៀតនៅអាស៊ីអាគ្នេយ៍ ទីក្រុងហាណូយមានមូលហេតុពិតជាក់ស្ដែងជាច្រើន ដែលធ្វើឱ្យខ្លួនមានអារម្មណ៍ប្រុងប្រយ័ត្នចំពោះទីក្រុងប៉េកាំងជានិច្ច ។

ប្រទេសទាំងពីរក៏កំពុងប្រឈមនឹងភាពតានតឹងជាមួយគ្នាក្នុងការទាមទារតំបន់ត្រួតស៊ីគ្នានៅដែនសមុទ្រចិនខាងត្បូងផងដែរ ។

ជាមួយនឹងរឿងរ៉ាវល្អក់កករទាំងនេះ វាមិនមែនជាការភ្ញាក់ផ្អើលនោះទេដែលសហរដ្ឋអាម៉េរិកមានបំណងធ្វើឱ្យប្រទេសនានាបង្កើនសកម្មភាពប្រឆាំងនឹងប្រទេសចិន និងហ៊ុមព័ទ្ធយោធាពួកគេ ។ សហរដ្ឋអាម៉េរិកបានយល់ឃើញថាប្រទេសវៀតណាម (ទោះបីជាខ្លួនធ្លាប់បង្កការបំផ្លាញលើប្រទេសនេះម្ដងរួចមកហើយក៏ដោយ) គឺជាកូនអុកមួយដ៏មានសក្តានុពលនៅក្នុងយុទ្ធសាស្រ្ត “​ឥណ្ឌូ-ប៉ាស៊ីហ្វិក” របស់ខ្លួន ។ យោងទៅតាមការជឿជាក់នេះ​ ទីក្រុងហាណូយអាចត្រូវបានបញ្ចុះបញ្ចូលឱ្យយល់ព្រមអនុញ្ញាតឱ្យអាម៉េរិកដាក់មូលដ្ឋានមីស៊ីលរបស់ពួកគេនៅលើទឹកដីរបស់វៀតណាម ។

អតីតទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងការពារជាតិអាម៉េរិកម្នាក់បានប្រាប់កាសែតយោធា ( Military Times) កាលពីឆ្នាំមុនថា ប្រទេសវៀតណាមគឺជាដៃគូសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសចិន ពីព្រោះវៀតណាមជាប្រទេសដែលមានព្រំដែនចម្ងាយ ១.៣០០ គីឡូម៉ែត្រជាមួយប្រទេសជិតខាងនៅភាគខាងជើងរបស់ខ្លួនមួយនេះ ។

ការស៊ើបអង្កេតដែលពិបាកយល់មួយនាពេលថ្មីៗនេះដោយគេហទំព័រសារព័ត៌មានឯករាជ្យហ្គ្រេយហ្សូន (Grayzone) បានបង្ហាញលម្អិតអំពីកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានព្យាយាមពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងហាណូយដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ។ នេះរួមបញ្ចូលទាំងការធ្វើទស្សនកិច្ចរបស់លោកមៃ ភមភីអូ (Mike Pompeo) (គាត់ហាក់ដូចជាមិនស្អប់ពួកកុម្មុយនីស្តទាំងនេះឡើយ) និងការបញ្ចប់ការដាក់ទណ្ឌកម្មអាវុធរបស់សហរដ្ឋអាម៉េរិកដោយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា (Barack Obama) មកលើវៀតណាម ។

ប៉ុន្តែ ក្តីសង្ឃឹមដែលអាម៉េរិកសង្ឃឹមថា ខ្លួនប្រហែលជាអាចបញ្ចុះបញ្ចូលប្រទេសវៀតណាមឱ្យចូលរួមប្រឆាំងនឹងចិន ត្រូវបានរលាយបាត់នៅសប្តាហ៍នេះ។

កាលពីថ្ងៃចន្ទកន្លងទៅ រដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោកវេ ហ្វេង (Wei Fenghe) បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ហើយបានជួបជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចរបស់ប្រទេសវៀតណាមគឺលោក ង្វៀន ភូ ជុក (Nguyen Phu Trong) ក៏ដូចជាលោកប្រធានាធិបតី ង្វៀន ស៊ុន ហ្វុក (Nguyen Xuan Phuc) នៅទីក្រុងហាណូយ ។ អំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ ប្រព័ន្ធផ្សព្វផ្សាយចិនហ្សិនហ៊ួ (Xinhua) បានឱ្យដឹងថា លោកហ្វុក (Phuc)បានធ្វើការអត្ថាធិប្បាយថា វៀតណាមនឹងមិនដើរតាមប្រទេសដទៃទៀត ក្នុងការប្រឆាំងនឹងចិនឡើយ ។

ដូចដែលអត្ថបទរបស់គេហទំព័រហ្គ្រេយហ្សូន (Grayzone) បានកត់សម្គាល់ថា មន្រ្តីការិយាល័យការពារជាតិអាម៉េរិក ផិនតាហ្គន (Pentagon)  និងក្រុមអ្នកគំាទ្រដែលកំពុងរស់នៅក្នុងប្រទេស ហើយកំពុងគិតថា ពួកគេអាចផ្លាស់ប្តូរជំហររបស់ប្រទេសដែលមិនចូលបក្សសម្ពន្ធជាមួយខ្លួន ​ហើយដាក់កងទ័ព និងមីស៊ីលនៅទីនោះក្នុងគោលបំណងហ៊ុមព័ទ្ធប្រទេសចិន ។

នយោបាយការបរទេសរបស់វៀតណាមបានផ្តោតជាប្រចាំលើយុទ្ធសាស្ត្របដិសេធចំនួន៣ (3 nos) គឺ៖ គ្មានសម្ពន្ធមិត្តយោធា គ្មានការចូលរួមជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀត និងគ្មានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីវៀតណាមឡើយ ។ ប៉ុន្តែ សហរដ្ឋអាម៉េរិកមិនបានយកចិត្តទុកដាក់ចំពោះជំហរដ៏ម៉ឺងម៉ាត់ទាំងនេះរបស់វៀតណាមឡើយ ដោយពួកគេនៅតែសង្ឃឹមថា ពួកគេនឹងអាចកេងចំណេញផលប្រយោជន៍ពីជម្លោះព្រំដែនរវាងវៀតណាមនឹងចិន ដើម្បីធ្វើឱ្យវៀតណាមងាកមកសហការជាមួយខ្លួនដើម្បីប្រឆាំងចិន ។

ទោះបីជាមានជម្លោះជាច្រើន និងវិសមភាពនៃអំណាចជាក់ស្តែងរវាងចិន និងវៀតណាមក៏ដោយ ក៏ចុងក្រោយទីក្រុងហាណូយនៅតែមិនព្រមចូលបក្សសម្ពន្ធជាមួយអាម៉េរិក ហើយវៀតណាមនៅតែទទួលបានផលចំណេញជាច្រើន ក្នុងការរក្សាជំហបែបនេះ ។ ហេតុអ្វីទៅ? វៀតណាមមិនចង់ត្រូវបានគ្រប់គ្រង ឬត្រួតត្រាដោយទីក្រុងប៉េកាំងទេ ប៉ុន្តែចំណងទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិត​ចិន(People’s Republic of China) ក៏នៅតែមានអត្ថប្រយោជន៍ខាងយុទ្ធសាស្ត្រ និងភាពចាំបាច់ផងដែរ ។ ការរស់រានមានជីវិតនៃមនោគមវិជ្ជា និងភាពជោគជ័យរបស់សាធារណរដ្ឋប្រជាមានិត​ចិន គឺជាសុវត្ថិភាពសម្រាប់ប្រព័ន្ធនយោបាយរបស់វៀតណាមដែលជារដ្ឋកុម្មុយនីស្តដូចគ្នាមួយដែលកំពុងដើរតាមមាគ៌ានៃកំណែទម្រង់សេដ្ឋកិច្ចរបស់ចិន ។

ប្រសិនបើគ្មានឥទ្ធិពលកុម្មុយនីស្តនៅប្រទេសចិនទេ ប្រទេសវៀតណាមក៏ងាយនឹងទទួលរងឥទ្ធិពលមនោគមវិជ្ជា និងយុទ្ធសាស្ត្រពីប្រទេសលោកខាងលិច ដែលបច្ចុប្បន្នកំពុងតែសប្បាយចិត្តនឹងប្រើប្រាស់ទីក្រុងហាណូយធ្វើជាធនធានយុទ្ធសាស្ត្រមិនច្បាស់លាស់មួយ ពីព្រោះទីក្រុងហាណូយមិនមែនជាសម្ពន្ធមិត្តផ្លូវការរបស់ទីក្រុងប៉េកាំងនោះទេ ទោះបីជារដ្ឋាភិបាលទីក្រុងហាណូយ នឹងមិនព្រមសហការជាមួយប្រទេសលោកខាងលិចក៏ដោយ ។ សម្រាប់វៀតណាម ការឈរនៅខ្សែកណ្តាលគឺជាយុទ្ធសាស្ត្រ “ឈ្នះឈ្នះ” មួយរបស់ខ្លួន ។

ពេលខ្លះប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាសមាជិកថ្មីនៃក្រុម “Quad” (Quadrilateral Security Dialogue) ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំងដែលជាក្រុមមួយដឹកនាំដោយសហរដ្ឋអាម៉េរិក តែធាតុពិតគឺមិនមានភាពច្បាស់លាស់ និងមិនសូវមានភាពជោគជ័យសម្រាប់ទីក្រុងវ៉ាស៊ីនតោននោះទេ ។ ទីក្រុងហាណូយកំពុងធ្វើឱ្យមានតុល្យភាពនៃចំណុចអាទិភាពមួយចំនួនពោលគឺ ការរស់រានមានជីវិតនៃរបប និងប្រព័ន្ធកុម្មុយនីស្តរបស់ខ្លួនក្នុងចំណោមពួកគេ ខណៈពេលដែលមានគោលបំណងដើម្បីរក្សា “ឯករាជ្យភាពជាយុទ្ធសាស្ត្រ” ពីទីក្រុងប៉េកាំងផងដែរ ។ វាជាខ្សែរឹតដ៏តឹងពិបាកដោះមួយ ហើយជាលទ្ធផល រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនគួររំពឹងទៅលើប្រទេសវៀតណាមច្រើនពេកនោះទេ ព្រោះវាពិបាកក្នុងការធ្វើឱ្យប្រទេសមួយដែលធ្លាប់រងការខ្ចេចខ្ទាំដោយសារខ្លួនប្រែមកក្លាយជាសម្ពន្ធមិត្តយោធានឹងខ្លួនណាស់ ។

ទីក្រុងហាណូយពិតជាមានភាពឆ្លាតវ័យដោយមិនបណ្ដោយខ្លួនឱ្យក្លាយទៅជាសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវីទីពីរដែលជារដ្ឋកុម្មុយនីស្តតូចមួយដែលបានចូលរួមសហការជាមួយបស្ចិមប្រទេស ហើយត្រូវបានបែកបាក់ជារដ្ឋតូចៗ នៅពេលដែលសត្រូវកុម្មុយនីស្តធំរបស់ប្រទេសលោកខាងលិចត្រូវបានផ្តួលរលំ ។ យុទ្ធសាស្ត្ររបស់វៀតណាមគឺជាការនៅស្ងៀម រក្សាភាពស្ងប់ស្ងាត់ និងរកចន្លោះប្រហោងសម្រាប់ខ្លួនឯង ៕

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!