ស្រុកមួយនៅភាគខាងកើតប្រទេសចិនប្រកាសផ្ដល់រង្វាន់ដល់គូស្នេហ៍ចំនួន ១,០០០ យន់ (១៣៧ ដុល្លារ) ប្រសិនបើបានរៀបការជាមួយកូនក្រមុំមានអាយុ ២៥ ឆ្នាំ ឬក្មេងជាងនេះ ដែលជាវិធានការចុងក្រោយបំផុតរបស់អាជ្ញាធរចិនក្នុងការលើកទឹកចិត្តមនុស្សវ័យក្មេងឱ្យរៀបការចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអត្រាកំណើតធ្លាក់ចុះ ។
សេចក្តីជូនដំណឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនី Wechat ផ្លូវការរបស់ស្រុក Changshan កាលពីសប្តាហ៍មុនបាននិយាយថា រង្វាន់គឺដើម្បីលើកកម្ពស់ការរៀបអាពាហ៍ពិពាហ៍សមស្របតាមអាយុ និងការបង្កើតកូន ។ វាក៏រួមបញ្ចូលផងដែរនូវការឧបត្ថម្ភប្រាក់សម្រាប់ថែទាំកូន ការមានកូន និងការអប់រំសម្រាប់គូស្វាមីភរិយាដែលមានកូន ។
ដោយមានការព្រួយបារម្ភអំពីការធ្លាក់ចុះចំនួនប្រជាជនលើកដំបូងរបស់ប្រទេសចិនក្នុងរយៈពេលប្រាំមួយទសវត្សរ៍ និងចំនួនប្រជាជនវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័សរបស់ខ្លួន អាជ្ញាធរចិនកំពុងព្យាយាមជាបន្ទាន់ដាក់ចេញនូវវិធានការមួយចំនួនដើម្បីលើកអត្រាកំណើត រួមទាំងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងការកែលម្អកន្លែងថែទាំកុមារ ។ ការកំណត់អាយុស្របច្បាប់របស់ប្រទេសចិនសម្រាប់អាពាហ៍ពិពាហ៍គឺ ២២ សម្រាប់បុរស និង ២០ សម្រាប់ស្ត្រី ប៉ុន្តែចំនួនគូស្វាមីភរិយារៀបការបានធ្លាក់ចុះ ។
អត្រារៀបអាពាហ៍ពិពាហ៍ឈានដល់កម្រិតទាបបំផុតក្នុងឆ្នាំ ២០២២ នៅ ៦,៨ លានគូ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨៦ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅក្នុងខែមិថុនា។
ការចំណាយខ្ពស់លើការមើលថែកូន និងការបញ្ឈប់អាជីពរបស់ពួកគេ បានធ្វើឱ្យស្ត្រីជាច្រើនលែងចង់មានកូនច្រើន ឬក៏មិនចង់កូនសោះតែម្ដង ។ ការរើសអើងយេនឌ័រ និងគំរូបែបប្រពៃណីដែលតម្រូវឲ្យស្ត្រីជាអ្នកមើលថែកូនរបស់ពួកគេនៅតែរីករាលដាលពាសពេញប្រទេស ។
Reuters