ថ្ងៃទី02 ខែសីហានេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានព្រមានថា សហគមន៍អន្តរជាតិត្រូវជៀសឲ្យឆ្ងាយពីចំណុចដែលនឹងត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយលោកមានការព្រួយបារម្ភអំពីស្ថានភាពគ្រោះថ្នាក់ដែលមិនធ្លាប់មានពីមុនមក រាប់ចាប់តាំងពីសង្គ្រាមត្រជាក់នៅដើមទសវត្សរ៍ឆ្នាំ1990 ។
លោក Guterres បានបង្ហាញជំហររបស់គាត់ នៅក្នុងកិច្ចប្រជុំមួយដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាមិនឲ្យមានការរីកសាយភាយអាវុធនុយក្លេអ៊ែរ (Non-Proliferation Treaty-NPT) ដែលបានបង្កើតឡើងជាលើកដំបូងសម្រាប់ការធ្វើការចុះហត្ថលេខាកាលពីឆ្នាំ1968 គឺនៅបន្ទាប់ពីវិបត្តិមីស៊ីលគុយបាដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ពិភពលោក ដូចទៅនឹងសហរដ្ឋអាម៉េរិក និងរុស្ស៊ី (សហភាពសូវៀតនៅពេលនោះ) ពួកគេបានឈានកាន់តែជិតបំផុតទៅនឹងចំណុចនៃសង្រ្គាមនុយក្លេអ៊ែរទៅហើយ បើទោះបីជាប្រទេសទាំងពីរបានយល់ដឹងអំពីមេរៀនពីភាពសាហាវឃោរឃៅនៃអាវុធប្រល័យលោកក្នុងអំឡុងសង្គ្រាមលោកលើកទីពីរក៏ដោយ ។
សន្ធិសញ្ញា NPT ត្រូវបានទទួលស្គាល់ដោយប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួន 5ប្រទេសរួមមាន សហរដ្ឋអាម៉េរិក រុស្ស៊ី បារាំង ចក្រភពអង់គ្លេស និងប្រទេសចិន ដែលសុទ្ធសឹងតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្របពេលដែលមានប្រទេសចំនួន04 ផ្សេងទៀតដែលត្រូវបានគេជឿថា មានអាវុធនុយក្លេអ៊ែរផងដែរនោះរួមមាន ប្រទេសឥណ្ឌា កូរ៉េខាងជើង ប៉ាគីស្ថាន និងប្រទេសអ៊ីស្រាអែល ។ គោលដៅសំខាន់នៃសន្ធិសញ្ញានេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យារបស់វា និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ក៏ដូចជាការត្រួសត្រាយផ្លូវសម្រាប់ការលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យារបស់វាផងដែរ ។
ប្រភព ៖ BBC