Europe

អគារជាច្រើននៅក្នុងប្រទេសទួរគីបានបាក់រៀបដល់ដី ក្រោយគ្រោះរញ្ជួយដីកម្រិត៥,៦ រិចទ័របានអង្រួនភាគខាងត្បូងប្រទេសនេះ

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសទួរគី AFAD បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥,៦ រិចទ័របានអង្រួនភាគខាងត្បូងប្រទេសទួរគីនៅថ្ងៃចន្ទនេះថ្មីម្ដងទៀតហើយ​ បីសប្តាហ៍បន្ទាប់ពីរញ្ជួយដីដ៏មហន្តរាយមួយបានបំផ្លិចបំផ្លាញតំបន់នេះ ដែលបណ្តាលឱ្យអគារមួយចំនួនដែលរងការខូចខាតរួចហើយបានដួលរលំ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ។

ប្រធាន AFAD លោក Yunus Sezer បានប្រាប់អ្នកយកព័ត៌មានថា មនុស្ស ៦៩ នាក់ផ្សេងទៀតបានរងរបួសជាលទ្ធផលនៃការរញ្ជួយដីដែលស្ថិតនៅកណ្តាលទីក្រុង Yesilyurt ក្នុងខេត្ត Malatya ។ អគារ​ជាង​៣០កន្លែង​បាន​ដួលរលំ ។

អភិបាលក្រុង Yesilyurt លោក Mehmet Cinar បានប្រាប់ទូរទស្សន៍ HaberTurk ថា ឪពុក និងកូនស្រីត្រូវបានជាប់នៅក្រោមគំនរបាក់បែកនៃអគារកម្ពស់បួនជាន់នៅក្នុងទីក្រុង ។ អ្នក​ទាំង​ពីរ​បាន​ចូល​ទៅ​ក្នុង​អគារ​ដែល​រង​ការ​ខូច​ខាត​ដើម្បី​ប្រមូល​របស់​របរ ។

HaberTurk បានរាយការណ៍ថានៅកន្លែងផ្សេងទៀតក្នុងខេត្ត Malatya ក្រុមស្វែងរក និងក្រុមជួយសង្គ្រោះកំពុងរុះរើតាមគំនរបាក់បែកនៃអគារពីរដែលរងការខូចខាតដែលបានដួលរលំពីលើរថយន្តចតមួយចំនួន ។

Malatya ស្ថិតក្នុងចំណោមខេត្តចំនួន ១១ របស់ប្រទេសទួរគីដែលរងគ្រោះដោយការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃភាគខាងត្បូងតួកគី និងភាគខាងជើងនៃប្រទេសស៊ីរីកាលពីថ្ងៃទី ៦ ខែកុម្ភៈ។

ប្រភព ៖ AP

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version