ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសទួរគី AFAD បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥,៦ រិចទ័របានអង្រួនភាគខាងត្បូងប្រទេសទួរគីនៅថ្ងៃចន្ទនេះថ្មីម្ដងទៀតហើយ បីសប្តាហ៍បន្ទាប់ពីរញ្ជួយដីដ៏មហន្តរាយមួយបានបំផ្លិចបំផ្លាញតំបន់នេះ ដែលបណ្តាលឱ្យអគារមួយចំនួនដែលរងការខូចខាតរួចហើយបានដួលរលំ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ។
ប្រធាន AFAD លោក Yunus Sezer បានប្រាប់អ្នកយកព័ត៌មានថា មនុស្ស ៦៩ នាក់ផ្សេងទៀតបានរងរបួសជាលទ្ធផលនៃការរញ្ជួយដីដែលស្ថិតនៅកណ្តាលទីក្រុង Yesilyurt ក្នុងខេត្ត Malatya ។ អគារជាង៣០កន្លែងបានដួលរលំ ។
អភិបាលក្រុង Yesilyurt លោក Mehmet Cinar បានប្រាប់ទូរទស្សន៍ HaberTurk ថា ឪពុក និងកូនស្រីត្រូវបានជាប់នៅក្រោមគំនរបាក់បែកនៃអគារកម្ពស់បួនជាន់នៅក្នុងទីក្រុង ។ អ្នកទាំងពីរបានចូលទៅក្នុងអគារដែលរងការខូចខាតដើម្បីប្រមូលរបស់របរ ។
HaberTurk បានរាយការណ៍ថានៅកន្លែងផ្សេងទៀតក្នុងខេត្ត Malatya ក្រុមស្វែងរក និងក្រុមជួយសង្គ្រោះកំពុងរុះរើតាមគំនរបាក់បែកនៃអគារពីរដែលរងការខូចខាតដែលបានដួលរលំពីលើរថយន្តចតមួយចំនួន ។
Malatya ស្ថិតក្នុងចំណោមខេត្តចំនួន ១១ របស់ប្រទេសទួរគីដែលរងគ្រោះដោយការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃភាគខាងត្បូងតួកគី និងភាគខាងជើងនៃប្រទេសស៊ីរីកាលពីថ្ងៃទី ៦ ខែកុម្ភៈ។
ប្រភព ៖ AP
By Suon Visal