ក្រុមហ៊ុនផលិតស្រាបៀររបស់ហូឡង់ Heineken បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនធ្វើការចាកចេញពីប្រទេសរុស្ស៊ីដោយលក់ប្រតិបត្តិការរបស់ខ្លួននៅទីនោះទៅឱ្យក្រុមហ៊ុន Arnest Group របស់រុស្ស៊ីក្នុងតម្លៃនិមិត្តសញ្ញាមួយអឺរ៉ូ ។
ក្រុមហ៊ុនផលិតស្រាបៀរដ៏ធំបំផុតទីពីររបស់ពិភពលោកបាននិយាយថា កិច្ចព្រមព្រៀងនេះបានទទួលការយល់ព្រមតាមតម្រូវការទាំងអស់ ដែលធ្វើឲ្យក្រុមហ៊ុននេះខាតបង់ប្រាក់ប្រមាណ ៣០០ លានអឺរ៉ូ (៣២៤,៨ លានដុល្លារ) ។ Heineken បានប្រកាសពីចេតនារបស់ខ្លួនក្នុងការចាកចេញពីប្រទេសរុស្ស៊ីនៅខែមីនាឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដោយទទួលស្គាល់ថាដំណើរការនេះបានចំណាយពេលយូរជាងការរំពឹងទុក ។
ក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើនបានសម្រុកចាកចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើទីក្រុងម៉ូស្គូ ប៉ុន្តែវិមានក្រឹមឡាំងបានសងសឹកដោយការរឹបអូសទ្រព្យសម្បត្តិមួយចំនួន ។
Heineken មានរោងចក្រស្រាបៀរចំនួនប្រាំពីរនៅក្នុងប្រទេសរុស្ស៊ី និងបុគ្គលិកចំនួន ១,៨០០នាក់ដែលនឹងទទួលបានការធានាការងារសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ក្រុមហ៊ុន Heineken បាននិយាយថា កិច្ចព្រមព្រៀងនេះ ខ្លូនមិនបានដាក់លក្ខខណ្ឌក្នុងការទិញអាជីវកម្មត្រឡប់មកវិញទេ
ក្រុមហ៊ុន Arnest Group ជាម្ចាស់អាជីវកម្មវេចខ្ចប់កំប៉ុងធំមួយ និងជាក្រុមហ៊ុនផលិតថ្នាំអាសេរ៉ូលធំបំផុតរបស់រុស្ស៊ី ក៏ដូចជាការលក់គ្រឿងសំអាង និងទំនិញប្រើប្រាស់ក្នុងផ្ទះផងដែរ ។
Reuters