Breaking News

សិង្ហបុរីស្វែងរកវិធីសាស្រ្ដប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយនូវកញ្ឆារបស់ថៃ

សេរីភាវូបនីយកម្មកញ្ឆារបស់ប្រទេសថៃចំពោះសិង្ហបុរី បើទោះបីជាកញ្ឆាត្រូវបានគេនិយាយថា បើកចំហរសម្រាប់គោលបំណងវេជ្ជសាស្រ្តក្នុងប្រទេសថៃក៏ដោយ ប៉ុន្តែវាបានបង្កផលប៉ះពាល់ដល់អ្នកជិតខាងក្នុងតំបន់ផងដែរ ។ ថ្មីៗនេះរដ្ឋមន្ត្រីសិង្ហបុរីបានហៅករណីនេះថា ជាបញ្ហាប្រឈមចំពោះជំហរប្រឆាំងគ្រឿងញៀនរបស់សិង្ហបុរី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

លោក K. Chanmugam រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងច្បាប់នៃប្រទេសសិង្ហបុរី បានធ្វើការអត្ថាធិប្បាយលើបណ្តាញព័ត៌មានម៉ាឡេស៊ី Astro Awani កាលពីថ្ងៃព្រហស្បតិ៍ ទី01 ខែកញ្ញា កន្លងមកនេះថា ការប្រើប្រាស់កញ្ឆាកាន់តែមានភាពងាយស្រួលនៅក្នុងប្រទេសជិតខាង ហើយបាននឹងកំពុងប្រឈមទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សិង្ហបុរីក្នុងការធ្វើឱ្យប្រទេសនេះគ្មានគ្រឿងញៀនខុសច្បាប់ ។

ថៃគឺជាប្រទេសដំបូងគេក្នុងទ្វីបអាស៊ី ដែលធ្វើអោយកញ្ឆាក្លាយជាករណីស្របច្បាប់នៅទូទាំងប្រទេសកាលពីថ្ងៃទី09ខែមិថុនាកន្លងមកនេះ ប៉ុន្តែត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ កញ្ឆាបានរីករាលដាលគ្រប់ទីកន្លែង ទាំងនៅក្នុងភេសជ្ជៈ អាហារ ថ្នាំដុសធ្មេញ និងនំគុគីផងដែរ ។

រដ្ឋមន្ត្រីមហាផ្ទៃក៏បានលើកឡើងអំពីលទ្ធផលការស្រាវជ្រាវដែលថា កញ្ឆាអាចញៀន អាចបណ្តាលឱ្យខូចខួរក្បាល បណ្តាលឱ្យមានជំងឺផ្លូវចិត្ត នេះបើតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានចង្អុលបង្ហាញថា តំបន់អាស៊ីបូព៌ា និងអាស៊ីខាងត្បូង កំពុងហែលក្នុងរង្វង់ដ៏កាចសាហាវនៃគ្រឿងញៀនមេតំហ្វេតាមីន methamphetamine ។

លោក Chanmugam ក៏មានប្រសាសន៍ផងដែរថា ថៃត្រូវចាត់វិធានការឲ្យបានឆាប់ ក្នុងការអនុម័តច្បាប់តឹងរ៉ឹងគ្រប់គ្រងលើការប្រើប្រាស់កញ្ឆា ។ គាត់ក៏បានលើកយកនូវទោសប្រហារជីវិតរបស់សិង្ហបុរីមកនិយាយផងដែរថា ថ្វីបើមានការស្តីបន្ទោសពីអន្តរជាតិក៏ដោយ ក៏កេរ្តិ៍ឈ្មោះរបស់ប្រទេសសិង្ហបុរីមិនត្រូវបានប៉ះពាល់ទាក់ទងដល់អ្នកដែលចង់មកធ្វើការវិនិយោគ ឬធ្វើដំណើរមកស្នាក់នៅក្នុងប្រទេសសិង្ហបុរីនោះទេ ។ នេះគឺជាកាតព្វកិច្ចរបស់លោកសម្រាប់ប្រជាជនសិង្ហបុរីនោះ ទោសប្រហារជីវិតគឺជាកត្តារារាំងយ៉ាងធ្ងន់ធ្ងរបំផុតក្នុងការរក្សាសុវត្ថិភាពសិង្ហបុរីទាំងមូលពីគ្រឿងញៀន ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version