Breaking News

សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាក្នុងការបង្កើនការធ្វើសមយុទ្ធយោធារួមគ្នាបន្ថែមទៀត បន្ទាប់ពីមានការគំរាមកំហែងជាថ្មីពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន !!

សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាក្នុងការបង្កើនការធ្វើសមយុទ្ធយោធារួមគ្នាបន្ថែមទៀត បន្ទាប់ពីមានការគំរាមកំហែងជាថ្មីពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ​នេះបើតាមការចេញផ្សាយដោយសារព័ត៌មា​ន Bloomberg ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin និងសមភាគីកូរ៉េខាងត្បូងលោក Lee Jong-sup បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ហើយបានយល់ព្រម “ក្នុងការបង្កើនការធ្វើសមយុទ្ធរួមគ្នានៅ៦ខែចុងក្រោយនៃឆ្នាំ 2022នេះ” ។ ពួកគេក៏បានប្តេជ្ញាពង្រឹង “ជំហររារាំង”  ដោយធ្វើការដាក់ពង្រាយអាវុធយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកទៅកាន់ឧបទ្វីបកូរ៉េ។

ប្រទេសទាំងពីរក៏បានយល់ព្រមនៅក្នុងសេចក្តីថ្លែងការណ៍ដើម្បី “ឆ្លើយតបយ៉ាងម៉ឺងម៉ាត់រួមគ្នា” ចំពោះអ្វីដែលពួកគេបានហៅថា សកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង ដោយលោក Austin បានសន្យាថានឹងប្រើប្រាស់ “សមត្ថភាពទាំងអស់របស់សហរដ្ឋអាម៉េរិក” ដើម្បីការពារកូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីមេដឹកនាំរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានគំរាម “វាយប្រហារ” កូរ៉េខាងត្បូង ហើយបាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រយុទ្ធណាមួយជាមួយសហរដ្ឋអាម៉េរិក នៅក្នុងសុន្ទរកថាដើម្បីប្រារព្ធខួបលើកទី 69 នៃកិច្ចព្រមព្រៀងដែលបានបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមកូរ៉េ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version