សហរដ្ឋអាម៉េរិកអនុម័តជំនួយយោធាសម្រាប់តៃវ៉ាន់ ក្រោមកម្មវិធីហិរញ្ញវត្ថុយោធាបរទេសសម្រាប់រដ្ឋឯករាជ្យ
China USA World

សហរដ្ឋអាម៉េរិកអនុម័តជំនួយយោធាសម្រាប់តៃវ៉ាន់ ក្រោមកម្មវិធីហិរញ្ញវត្ថុយោធាបរទេសសម្រាប់រដ្ឋឯករាជ្យ

សហរដ្ឋអាម៉េរិកបានយល់ព្រមផ្តល់ជំនួយយោធាដល់កោះតៃវ៉ាន់ក្រោមកម្មវិធីមួយដែលជាធម្មតាត្រូវបានប្រើដើម្បីជួយរដ្ឋអធិបតេយ្យប៉ុណ្ណោះ ដែលទំនងជានឹងធ្វើឲ្យចិនដែលតែងតែទាមទារកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងជាទឹកដីរបស់ខ្លួនខឹងសម្បារជាថ្មីមិនខាន ។

ក្រសួងការបរទេសអាម៉េរិកបានជូនដំណឹងដល់សភាអាម៉េរិកកាលពីថ្ងៃអង្គារអំពីកញ្ចប់ថវិកាចំនួន ៨០ លានដុល្លារ ដែលមានលក្ខណៈតិចតួចបើប្រៀបធៀបជាមួយនឹងការលក់យោធាថ្មីៗទៅតៃវ៉ាន់ ប៉ុន្តែនេះគឺជាលើកទីមួយហើយដែលទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយដល់តៃប៉ិក្រោមកម្មវិធីហិរញ្ញវត្ថុយោធាបរទេស (FMF) ដែលជាទូទៅជាជំនួយ ឬកម្ចីដល់ប្រទេសដែលអធិបតេយ្យភាព ឬជារដ្ឋឯករាជ្យ ។

ការប្រកាសនេះទំនងជាបង្កើនភាពតានតឹងរវាងអាម៉េរិកជាមួយក្រុងប៉េកាំងកាន់តែខ្លាំងបន្ថែមទៀតលើបញ្ហាតៃវ់ាន់ ដែលមិនបានច្រានចោលការប្រើកម្លាំងដើម្បីគ្រប់គ្រងតៃវ៉ាន់ ។

ក្រសួងការបរទេសអាម៉េរិកបានទទូចថា ជំនួយដំបូងដែលមិនធ្លាប់មានក្រោមកម្មវិធីហិរញ្ញវត្ថុយោធាបរទេស FMF មិនបានបញ្ជាក់ពីការទទួលស្គាល់អធិបតេយ្យភាពតៃវ៉ាន់របស់អាម៉េរិកឡើយ ។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា “អនុលោមតាមច្បាប់ទំនាក់ទំនងតៃវ៉ាន់ និងគោលនយោបាយចិនតែមួយរបស់យើង ដែលមិនមានការផ្លាស់ប្តូរ សហរដ្ឋអាម៉េរិកផ្តល់ជូនសម្រាប់អត្ថបទ និងសេវាកម្មការពារជាតិតៃវ៉ាន់ ដែលចាំបាច់ដើម្បីឱ្យវារក្សាបាននូវសមត្ថភាពការពារខ្លួនឱ្យបានគ្រប់គ្រាន់” ។ “សហរដ្ឋអាម៉េរិកប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ដែលមានសារៈសំខាន់ចំពោះសន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក”។

ក្រសួងការពារជាតិតៃវ៉ាន់បានសម្តែងការដឹងគុណដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “ជំនួយនេះនឹងជួយដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់” ។ ចំណែកភាគីចិនមិនទាន់មានការឆ្លើយតបណាមួយលើជំនួយថ្មីនេះ ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *