សហរដ្ឋអាម៉េរិកបិទមិនឲ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួនលក់បន្ទះឈីបមួយចំនួនទៅឲ្យប្រទេសចិន និងរុស្ស៊ី ដើម្បីកុំឲ្យសមត្ថភាពផ្នែកបញ្ញាសិប្បនិមិត្តរបស់ប្រទេសទាំង២​ដើរលឿនពេក
Breaking News

សហរដ្ឋអាម៉េរិកបិទមិនឲ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួនលក់បន្ទះឈីបមួយចំនួនទៅឲ្យប្រទេសចិន និងរុស្ស៊ី ដើម្បីកុំឲ្យសមត្ថភាពផ្នែកបញ្ញាសិប្បនិមិត្តរបស់ប្រទេសទាំង២​ដើរលឿនពេក

វ៉ាស៊ីនតោនបានដាក់កំហិតលើការលក់បន្ទះឈីបកុំព្យូទ័រដែលមានបច្ចេកវិទ្យាខ្ពស់ៗមួយចំនួនទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសចិន នេះបើយោងតាមសារព័ត៌មានអាម៉េរិកមួយចំនួនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមហ៊ុនផលិតបន្ទះឈីបធំៗរបស់សហរដ្ឋអាម៉េរិកគឺ Nvidia និង AMD ត្រូវបានដាក់កំហិតក្នុងការលក់បន្ទះឈីបទៅកាន់ប្រទេសគូសត្រូវរបស់អាម៉េរិកទាំង២ ។

យោងតាមកាសែត Wall Street Journal ការកំណត់ថ្មីនេះបានប៉ះពាល់ដល់បន្ទះឈីបអង្គដំណើរការក្រាហ្វិក ឬ GPU ដែលដំបូងឡើយត្រូវបានបង្កើតឡើងសម្រាប់ហ្គេមវីដេអូ ប៉ុន្តែត្រូវបានចាប់យកយ៉ាងឆាប់រហ័សដោយក្រុមហ៊ុនដែលដំណើរការកុំព្យូទ័រទំនើប និងអ្នកវិទ្យាសាស្ត្រ និងក្រុមហ៊ុនបច្ចេកវិទ្យាដែលត្រូវការពួកវាសម្រាប់បង្កើនសមត្ថភាពបច្ចេកវិជ្ជា AI  របស់ពួកគេ ។

វ៉ាស៊ីនតោនបាននិយាយថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាម៉េរិកឥឡូវនេះនឹងតម្រូវឲ្យមានអាជ្ញាប័ណ្ណនាំចេញពិសេស ដើម្បីអាចលក់បន្ទះឈីបប្រភេទទាំងនេះ​ ដោយសារតែលក្ខណៈពិសេសរបស់បន្ទះឈីបទាំងនេះ អាចត្រូវបានប្រើដោយរុស្ស៊ី និងចិនសម្រាប់ការអភិវឌ្ឍអាវុធ និងការប្រមូលផ្តុំស៊ើបការណ៍សម្ងាត់ ។

ក្រុមហ៊ុន Nvidia និង AMD បានទទួលស្គាល់ការរឹតបន្តឹងថ្មីនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ។ ខណៈពេលដែលក្រុមហ៊ុន AMD បាននិយាយថា ​ការហាមឃាត់នេះនឹងមិនប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួននោះទេ ចំណែកឯក្រុមហ៊ុន Nvidia វិញបានព្រមានថា ការរឹតបន្តឹងថ្មីនេះអាចរំខានដល់ការអភិវឌ្ឍន៍បន្ទះឈីបថ្មីរបស់ខ្លួន ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរបានធ្លាក់ចុះ បន្ទាប់ពីព័ត៌មានបានចេញផ្សាយកាលពីល្ងាចថ្ងៃពុធ ។

យោងតាមប្រភព New York Times ក្រុមហ៊ុនមួយចំនួនទៀតដែលផលិតបន្ទះសៀគ្វី ឬកម្មវិធីកុំព្យូទ័រ បានទទួលសំណើពីអាជ្ញាធរសហរដ្ឋអាមេរិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីបញ្ឈប់ការនាំចេញបច្ចេកវិទ្យាកម្រិតខ្ពស់របស់ពួកគេទៅកាន់ប្រទេសចិន និងរុស្ស៊ី ។

ទីក្រុងប៉េកាំងបានរិះគន់ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកស្រី Shu Jueting បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន ស្របពេលដែលបង្កគ្រោះថ្នាក់ដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកលផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *