បេសកជនការទូតរបស់សហរដ្ឋអាម៉េរិកនៅរដ្ឋធានីអ៊ុយក្រែនបានណែនាំជនជាតិអាម៉េរិកឱ្យចាកចេញពីប្រទេសដោយព្រមានថាស្ថានភាពសន្តិសុខអាចធ្លាក់ចុះយ៉ាងឆាប់រហ័ស នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
ស្ថានទូតអាម៉េរិកបាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអង្គារថា “ស្ថានទូតអាម៉េរិកជំរុញឱ្យពលរដ្ឋអាម៉េរិកចាកចេញពីអ៊ុយក្រែនឥឡូវនេះដោយប្រើជម្រើសដឹកជញ្ជូនតាមផ្លូវគោក ប្រសិនបើពួកគេមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ” ។
ស្ថានទូតបាននិយាយថា “ក្រសួងការបរទេសមានព័ត៌មានថារុស្ស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកន្លែងរដ្ឋាភិបាលរបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ស្ថានទូតបានបញ្ជាក់ដោយណែនាំជនជាតិអាម៉េរិកឱ្យមានការប្រុងប្រយ័ត្ន ស្តាប់ស៊ីរ៉ែនវាយប្រហារតាមអាកាស និងស្វែងរកកន្លែងលាក់ខ្លួននៅក្នុង ករណីនៃការវាយប្រហារដោយមីស៊ីល ឬយន្តហោះគ្មានមនុស្សបើក ។
ស្ថានការណ៍សន្តិសុខនៅទូទាំងប្រទេសអ៊ុយក្រែនមានភាពប្រែប្រួលខ្លាំង ហើយលក្ខខណ្ឌអាចនឹងកាន់តែយ៉ាប់យ៉ឺនដោយគ្មានការព្រមាន ។
ក្រសួងការពារជាតិរុស្ស៊ីអះអាងថា យន្តហោះរុស្ស៊ីវាយប្រហារតែគោលដៅយោធាក្នុងទីក្រុងគៀវ និងកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ដូចជាស្ថានីយរ៉ាដា ឃ្លាំងអាវុធ និងកន្លែងជួសជុលរថពាសដែក ។
ក្រសួងការបរទេសអាម៉េរិកបានជម្លៀសអ្នកការទូតអាម៉េរិកចេញពីទីក្រុងគៀវកាលពីខែកុម្ភៈ ខណៈស្ថានទូតអាម៉េរិកនៅរដ្ឋធានីអ៊ុយក្រែនត្រូវបានបើកជាថ្មីក្នុងខែឧសភា ។