Breaking News

សហរដ្ឋអាម៉េរិកបានធ្វើតេស្តសាកល្បងដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេង ដែលមានល្បឿន​លឿនជាងសំឡេង ៥ ដង ជាលើកទីពីរ​

ការប្រកួតប្រជែងសម្រាប់ការអភិវឌ្ឍន៍មីស៊ីលល្បឿនលឿនជាងសំឡេងនៅមានជាបន្តបន្ទាប់ កាលពីពេលថ្មីៗនេះ សហរដ្ឋអាម៉េរិកបានធ្វើតេស្តសាកល្បងដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេង HAWC ឬ Hypersonic Air-breathing Weapon Concept សម្រេចបានល្បឿនអតិបរមាលឿនជាងសំឡេង ៥ ដង ដោយជោគជ័យជាលើកទីពីរជាប់ៗគ្នា ។ មីស៊ីលល្បឿនលឿនជាងសំឡេងជំនាន់នេះត្រូវបានរចនា និងអភិវឌ្ឍឡើងដោយក្រុមហ៊ុន Raytheon Technology Company និង Northrop Grumman សុទ្ធសឹងតែជាក្រុមហ៊ុនបច្ចេកវិទ្យាយោធាឈានមុខគេ ទាំងផ្នែកការហោះហើរ និងទីអវកាស ។

ការសាកល្បងចុងក្រោយបង្អស់នៃមីស៊ីលល្បឿនលឿនជាងសំឡេង HAWC ធ្វើឡើងក្នុងខែកក្កដាកន្លងមកនេះ ដោយប្រើប្រាស់វិធីសាស្រ្ដបាញ់មីស៊ីលពីយន្តហោះទម្លាក់គ្រាប់បែកក្នុងរយៈកម្ពស់ខ្ពស់ មីស៊ីលដែលបំពាក់ដោយម៉ាស៊ីន Scramjet អាចធ្វើល្បឿនអតិបរមាលឿនជាងសំឡេង ៥ ដង ឬស្មើនឹង 6,174 គីឡូម៉ែត្រក្នុងមួយម៉ោង យ៉ាងណាមិញគោលដៅអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ក្រុមហ៊ុនទាំងពីរមិនត្រឹមតែផ្តោតទៅលើល្បឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីបង្កើនសមត្ថភាពក្នុងការវាយប្រហារដ៏ប៉ិនប្រសព្វ ក្រោមប្រព័ន្ធគ្រប់គ្រងដែលមានស្ថេរភាពខ្ពស់ ។

ការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង មិនមែនជាបច្ចេកវិទ្យាថ្មីដែលទើបនឹងបង្កើតឡើងនោះទេ ពីមុនមានប្រទេសជាច្រើនដូចជា រុស្ស៊ី និងចិន ជោគជ័យក្នុងការអភិវឌ្ឍន៍មីស៊ីលល្បឿនលឿនជាងសំឡេង នេះបានមួយរយៈរួចមកហើយ ។

សម្រាប់នៅឯសហរដ្ឋអាម៉េរិកវិញ កម្មវិធីអភិវឌ្ឍន៍មីស៊ីលល្បឿនលឿនជាងសំឡេង HAWC ស្ថិតនៅក្រោមការគ្រប់គ្រង និងមើលការខុសត្រូវដោយការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាកម្រិតខ្ពស់ ឬ DARPA ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក គម្រោងនេះត្រូវបានបង្កើតឡើងជាសម្ងាត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការសាកល្បងមីស៊ីល ល្បឿនលឿនជាងសំឡេង  HAWC ទទួលបានជោគជ័យលើកដំបូងនៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2021 កន្លងមកនេះ ។

ដំណើរការនៃការសាកល្បងបែងចែកជា ការចម្លងដោយប្រព័ន្ធកុំព្យូទ័រ និងការធ្វើតេស្តជាក់ស្តែងលើទីលាន ធ្វើឱ្យយើងអាចសន្សំលើថវិកា និងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង បានយ៉ាងឆាប់រហ័ស រួមទាំងដំណើរនៃការរចនាឱ្យទ្រាំទ្រនូវរូបរាងបែប ឌីណាមិក ស្របតាមគោលការណ៍វិជ្ជាជីវៈអវកាស ដំណើរការផលិតគ្រឿងបន្លាស់ ធន់នឹងកំដៅក្នុងកម្រិតឧស្សាហកម្ម ដែលមានសារៈសំខាន់ចំពោះបច្ចេកវិទ្យាការពារជាតិរបស់សហរដ្ឋអាម៉េរិក និងប្រទេសសម្ព័ន្ធមិត្ត ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version