ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីអភិបាលរងធនាគារបម្រុងនៃប្រទេសឥណ្ឌា លោក Michael Patra ថា ទីក្រុងវ៉ាស៊ីនតោនបានចោទសួរទៅកាន់ទីក្រុងញូវដេលី ជាមួយនឹងសំណួរអំពីផលិតផលប្រេងរបស់រុស្ស៊ី ដែលត្រូវបានចោទប្រកាន់ថាបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាម៉េរិកពីប្រទេសឥណ្ឌា ។
រតនាគារសហរដ្ឋអាម៉េរិកបានជូនដំណឹងដល់អាជ្ញាធររបស់ប្រទេសឥណា្ឌថា កប៉ាល់ឥណ្ឌាមួយត្រូវបានចោទប្រកាន់ថាបានយកប្រេងពីកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី ហើយបញ្ជូនវាទៅកាន់កំពង់ផែក្នុងរដ្ឋ Gujarat មុនពេលប្រេងត្រូវបានដំណើរការជញ្ជូនទៅកាន់ទីក្រុងញូវយ៉ក ។
មន្ត្រីរូបនោះមិនបានបង្ហាញឈ្មោះកប៉ាល់ដែលកំពុងចោទប្រកាន់នោះទេ ហើយក៏មិនបានផ្តល់ព័ត៌មានលម្អិតអ្វីផ្សេងទៀតអំពីបញ្ហានោះទេ ប៉ុន្តែបាននិយាយថា “នោះជារបៀបធ្វើសង្គ្រាម វាធ្វើការខុសប្លែកពីគេ”។
សហរដ្ឋអាម៉េរិកបានហាមប្រាមមិនឲ្យផលិតផលប្រេង និងប្រេងរបស់រុស្ស៊ី ចូលប្រទេសនៅដើមឆ្នាំនេះ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មសំដៅទៅលើទីក្រុងម៉ូស្គូ ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន ។