ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា កងទ័ពរបស់គាត់កំពុងកំណត់គោលដៅទាហានរុស្ស៊ីដែលកំពុងកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងត្បូងនៃប្រទេស នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។
រុស្សី និងអ៊ុយក្រែនបានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញឧប្បត្តិហេតុថ្មីៗជាច្រើននៃការបាញ់ផ្លោងនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ខណៈទាហានរុស្ស៊ីបានដណ្តើមយករោងចក្រនេះតាំងពីសង្រ្គាមចាប់ផ្ដើមដំបូង ។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃសៅរ៍ថា “ទាហានរុស្ស៊ីគ្រប់រូបដែលបាញ់ផ្លោងដាក់រោងចក្រ ឬប្រើប្រាស់រោងចក្រនេះដើម្បីធ្វើជាជម្រក ត្រូវតែយល់ថាគាត់ក្លាយជាគោលដៅពិសេសសម្រាប់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើង សម្រាប់ប្រតិបត្តិការពិសេសរបស់យើង សម្រាប់កងទ័ពរបស់យើង” ។ .
លោក ហ្សេលេនស្គី ដែលមិនបានផ្តល់ព័ត៌មានលម្អិតបានចោទម្តងហើយម្តងទៀតថា រុស្ស៊ីកំពុងប្រើរោងចក្រនេះជាទម្រង់នៃការគំរាមកំហែងនុយក្លេអ៊ែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់អ៊ុយក្រែនមុននេះ បានព្រមានអំពី “ការបង្កហេតុ” ថ្មីរបស់រុស្ស៊ីនៅជុំវិញរោងចក្រ ខណៈដែលអភិបាលក្រុងដែលត្រូវបាននិរទេសខ្លួនជាកន្លែងដែលរោងចក្រមានទីតាំងនៅបាននិយាយថា រោងចក្រនេះបានស្ថិតក្រោមការបាញ់ផ្លោងរបស់រុស្ស៊ីជាថ្មី