លោក ពូទីន និយាយ​ថា លោក ស៊ី ជីនពីង មាន​ការ​ព្រួយ​បារម្ភ​ចំពោះស្ថានការណ៍នៅ​អ៊ុយក្រែន ​
Breaking News

លោក ពូទីន និយាយ​ថា លោក ស៊ី ជីនពីង មាន​ការ​ព្រួយ​បារម្ភ​ចំពោះស្ថានការណ៍នៅ​អ៊ុយក្រែន ​

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​បាននិយាយថា លោកយល់ថា លោក ស៊ី ជីនពីង មានចម្ងល់ និងកង្វល់អំពីស្ថានការណ៍នៅអ៊ុយក្រែន ប៉ុន្តែបានសរសើរមេដឹកនាំចិន ចំពោះអ្វីដែលលោកបាននិយាយថា ជាជំហរ “មានតុល្យភាព” លើជម្លោះនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានរុញច្រានសេដ្ឋកិច្ចពិភពលោកទៅក្នុងរបត់ថ្មីមួយដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការកើនឡើងនៃតម្លៃអាហារ និងថាមពល ចំពេលមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងទីក្រុងម៉ូស្គូជាមួយលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់មក ។

នៅក្នុងជំនួបទល់មុខគ្នាជាលើកដំបូងរបស់ពួកគាត់ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនមក លោក ស៊ី ជីនពីង បានហៅលោក ពូទីនថា “មិត្តចាស់” របស់គាត់ បន្ទាប់ពីលោកពូទីនបាននិយាយថា ការប៉ុនប៉ងរបស់សហរដ្ឋអាម៉េរិកដើម្បីបង្កើតពិភពលោកគ្មានប៉ូលនឹងបរាជ័យ ។

លោក ពូទីន បានប្រាប់លោក ស៊ី ថា “យើងវាយតម្លៃខ្ពស់ចំពោះជំហរតុល្យភាពរបស់មិត្តចិនរបស់យើង នៅពេលដែលវិបត្តិអ៊ុយក្រែនមកដល់” ។

“យើងយល់ពីសំណួរ និងកង្វល់របស់លោក ស៊ី អំពីបញ្ហានេះ ។ ក្នុងអំឡុងពេលកិច្ចប្រជុំថ្ងៃនេះ យើងនឹងពន្យល់ពីជំហររបស់យើង” ។

ប្រទេសចិនបានបដិសេធមិនថ្កោលទោសប្រតិបត្តិការរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ឬហៅវាថាជា “ការឈ្លានពាន” ស្របតាមវិមានក្រឹមឡាំង ដែលចាត់ទុកសង្រ្គាមនេះថាជា “ប្រតិបត្តិការយោធាពិសេស”។

ជាលើកចុងក្រោយដែលលោក ស៊ី និងលោក ពូទីន បានជួបផ្ទាល់ គឺប៉ុន្មានសប្តាហ៍មុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី 24 ខែកុម្ភៈ ពួកគេបានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” និងចុះហត្ថលេខាលើការសន្យាដើម្បីសហការបន្ថែមទៀតប្រឆាំងនឹងលោកខាងលិច ។

Leave a Reply

Your email address will not be published. Required fields are marked *