Breaking News

លោក ពូទីន ដាក់ចេញនូវគោលដៅដើម្បីក្លាយជាមហាអំណាចដែនសមុទ្រ ហើយចាត់ទុកសហរដ្ឋអាម៉េរិច និងអង្គការណាតូ គឺជាកត្តាគម្រាមកំហែងដ៏សំខាន់ដល់ប្រទេសរុស្ស៊ី!!

កាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ2022 លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន របស់រុស្ស៊ី បានចូលរួមព្រឹត្តិការណ៍ទិវានៃកងទ័ពជើងទឹករុស្ស៊ី (Navy Day) ដែលបានធ្វើឡើងនៅក្នុងទីក្រុង St. Petersburg ហើយគាត់បានប្រកាសដាក់ចេញនូវគោលដៅដើម្បីក្លាយជាមហាអំណាចដែនសមុទ្រ ដោយបានកំណត់ចំណុចយុទ្ធសាស្ត្រសំខាន់ៗ ជាពិសេសគឺនៅក្នុងបរិវេណតំបន់អាកទិក ឬប៉ូលខាងជើង និងក្នុងបរិវេណសមុទ្រខ្មៅ រុស្ស៊ីក៏បានចាត់ទុកសហរដ្ឋអាម៉េរិក និងអង្គការណាតូថា “ជាកត្តាគម្រាមកំហែងដ៏សំខាន់ដល់ប្រទេសរុស្ស៊ី” ។

ក្នុងឳកាសនេះដែរលោក ពូទីន បានចុះហត្ថលេខាធានាលើគោលការណ៍របស់កងទ័ពជើងទឹកមួយច្បាប់ថ្មីកម្រាស់ 55ទំព័រ ដែលបានសសេរអំពីគោលដៅនៃការត្រលប់មកក្លាយជាមហាអំណាចក្នុងដែនសមុទ្រសារជាថ្មីម្ដងទៀត ដូចទៅនឹងព្រះអង្គម្ចាស់ Peter ធ្លាប់ធ្វើបានកាលពីសម័យអតីតកាល រុស្ស៊ីបានសម្លឹងឃើញថា កត្តាគម្រាមកំហែងដ៏សំខាន់របស់រុស្ស៊ី គឺគោលនយោបាយយុទ្ធសាស្រ្ដរបស់អាម៉េរិក ដែលចង់គ្រប់គ្រងដែនទឹក និងមហាសមុទ្រទាំងអស់នៅជុំវិញពិភពលោក ថែមទាំងការដែលបណ្ដាសម្ពន្ធមិត្តអង្គការណាតូបានរំកឹលកងទ័ពរបស់ពួកគេចូលមកកាន់តែកៀកទៅនឹងព្រំដែនរបស់រុស្ស៊ី បង្កឲ្យមានផលប៉ះពាល់ដល់ផ្នែកសន្តិសុខជាតិរបស់រុស្ស៊ី ។

ចក្ខុវិស័យដ៏សំខាន់របស់រុស្ស៊ី គឺការអភិវឌ្ឍយុទ្ធសាស្ត្រ និងពង្រឹងទំនាក់ទំនងជាមួយប្រទេសឥណ្ឌា រួមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត និងប្រទេសផ្សេងៗទៀត ដើម្បីការពារផលប្រយោជន៍ជាតិនានានៅជុំវិញមហាសមុទ្រទាំងអស់របស់ពិភពលោក ហើយខ្លួននឹងបង្កើតឲ្យមានកងកម្លាំងទ័ពជើងទឹកឲ្យបានច្រើនគ្រប់គ្រាន់ ដើម្បីធានាឲ្យបាននូវសន្តិសុខ និងអាចការពារប្រទេសជាតិបាន ។ ជាងនេះទៅទៀតលោក ពូទីន ក៏បានប្រកាសថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបណាមួយ ប្រសិនបើនរណាម្នាក់ហ៊ានឈ្លានពានអធិបតេយ្យភាពរបស់រុស្ស៊ី នោះការប្រើប្រាស់កងកម្លាំងយោធា និងមីស៊ីលល្បឿនលឿនជាងសំឡេង Hypersonic គឺជាជម្រើសតែមួយគត់ប្រសិនបើមានករណីចាំបាច់ណាមួយនោះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version