លោក បៃដិន បន្តបន្ទោសលោក ពូទីន ពីការធ្វើឲ្យអតិផរណារបស់អាម៉េរិកឡើងខ្ពស់បំផុតមិនធ្លាប់មាន!!
Breaking News

លោក បៃដិន បន្តបន្ទោសលោក ពូទីន ពីការធ្វើឲ្យអតិផរណារបស់អាម៉េរិកឡើងខ្ពស់បំផុតមិនធ្លាប់មាន!!

ប្រធានាធិបតី ចូ បៃដិន បានបន្ទោសសមភាគីរុស្ស៊ីម្តងទៀតហើយ ចំពោះការបង្កអតិផរណាខ្ពស់បំផុតក្នុងរយៈពេល 40 ឆ្នាំ ដោយលើកនេះថាលោក វ្ល៉ាឌីមៀរ ពូទីន កំពុងធ្វើឱ្យតម្លៃទំនិញនៅទូទាំងសហរដ្ឋអាម៉េរិកកើនឡើង និងមួយផ្នែកទៀតដោយសារការរំខានដល់ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ។

លោក បៃដិន បាននិយាយកាលពីថ្ងៃពុធថា៖ «យើងមានផ្លូវវែងឆ្ងាយក្នុងការទៅមុខតែដោយសារអតិផរណា ដោយសារតែខ្ញុំហៅវាថាការដំឡើងពន្ធរបស់លោកពូទីន ហើយដោយសារតែលោក ពូទីន នេះដែលធ្វើឲ្យប្រេងសាំង និងគ្រាប់ធញ្ញជាតិទាំងអស់ ដែលគាត់រក្សាទុកមិនអាចលក់ទៅទីផ្សារបាន”។ លោកបាននិយាយដូច្នេះនៅពេលលោកថ្លែងសុន្ទរកថាទៅកាន់ក្រុមសហជីពនៅរដ្ឋអូហៃអូ។

អស់ជាច្រើនខែមកនេះ ប្រធានាធិបតីអាម៉េរិកបានស្តីបន្ទោសការវាយលុកយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនចំពោះការកើនឡើងអតិផរណាដោយហៅវាថា “ការដំឡើងតម្លៃរបស់ពូទីន” ។ ទឡ្ហីករណ៍របស់លោក បៃដិន បានផ្តោតលើតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត បើទោះបីជាសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តលោកខាងលិចមួយចំនួនបានជ្រើសរើសការដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូដោយការបញ្ឈប់ការនាំចូលថាមពលពីរុស្ស៊ីក៏ដោយ ។ សុន្ទរកថាកាលពីថ្ងៃពុធបានពង្រីកលើការទាមទារដោយលើកឡើងផងដែរនូវការនាំចេញគ្រាប់ធញ្ញជាតិ ទោះបីជាលោក បៃដិន មិនបានពន្យល់ពីរបៀបដែលការំខានបែបនេះនឹងធ្វើឱ្យមានអតិផរណានៅក្នុងសហរដ្ឋអាម៉េរិក ដែលជាអ្នកនាំចេញគ្រាប់ធញ្ញជាតិធំបំផុតរបស់ពិភពលោកក៏ដោយ ។

អ៊ុយក្រែនមានប្រហែល 5% នៃការនាំចេញគ្រាប់ធញ្ញជាតិរបស់ពិភពលោក។ ទោះយ៉ាងណាក៏ដោយ ជម្លោះដែលកំពុងបន្តបានជាប់គាំងស្រូវសាលីប្រហែល 20 លានតោន និងគ្រាប់ធញ្ញជាតិផ្សេងទៀតនៅក្នុងកំពង់ផែរបស់ប្រទេសនេះ ។ ក្រុងគៀវបានចោទរុស្ស៊ីថាបានលួចគ្រាប់ធញ្ញជាតិរបស់ខ្លួន ខណៈរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Anthony Blinken បានអះអាងថាក្រុងម៉ូស្គូកំពុងប្រើអាហារជាអាវុធសម្លាប់លោកខាងលិច ។

ខណៈពេលដែលបណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ីពីការបិទច្រកសមុទ្ររបស់អ៊ុយក្រែន តែទីក្រុងម៉ូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ប្រសិនបើក្រុងគៀវសម្អាតមីនចេញពីកំពង់ផែរ៉ែរបស់ខ្លួន ហើយបានស្នើឱ្យនាំចេញគ្រាប់ធញ្ញជាតិតាមរយៈកំពង់ផែ Berdyansk និង Mariupol ដែលគ្រប់គ្រងដោយរុស្ស៊ី ។

ប្រភព ៖ Washington Post & RT

Leave a Reply

Your email address will not be published. Required fields are marked *