News & Blogs

News អត្ថបទព័ត៌មាន

រឿងរ៉ាវអស្ចារ្យទាំង ៨ ដែលពិភពលោកអាចរៀនសូត្របានពីព្រះរាជាណាចក្រប៊ូតាន (Bhutan)

2021-05-19 12.05.14

រឿងរ៉ាវអស្ចារ្យទាំង ៨ ដែលពិភពលោកអាចរៀនសូត្របានពីព្រះរាជាណាចក្រប៊ូតាន (Bhutan)

តំបន់ជួរភ្នំដាច់ស្រយ៉ាល ហិម៉ាឡៃ (Himalayan) របស់ព្រះរាជាណាចក្រប៊ូតាន (Bhutan) ជាផ្នែកមួយនៃទ្វីបអាស៊ីភាគខាងត្បូង ប៉ុន្តែប្រទេសនេះពិតជាមិនបានបោះជំហានទៅរកការបែងចែកខាងផ្នែកនយោបាយដូចប្រទេសជិតខាងខ្លួនក្នុងតំបន់នោះទេ ។ ប្រជាជាតិពុទ្ធសាសនាច្រើនលើសលុបនៅប៊ូតាន ហាក់ដូចជាបានទៅដល់កម្រិតនិព្វានមួយរបស់ខ្លួនដែលអំណាចការឃោសនា ឥទ្ធិពល និងអំពើពុករលួយគឺជាទង្វើដែលមិនមានសារសំខាន់ទាល់តែសោះចំពោះពួកគេ ។ ការដើរតាមប្រពៃណីព្រះពុទ្ធសាសនា និងការយកចិត្តទុកដាក់ចំពោះសុភមង្គលរបស់ប្រជាជន នេះហើយគឺជាអ្វីដែលពិភពលោកទាំងមូលអាចរៀនសូត្របានពីប្រទេសប៊ូតានបាន ។

.  សុភមង្គលជាតិជាធំ

ខណៈពេលដែលបណ្តាប្រទេសភាគច្រើនវាស់ចំណូល និងកំណើនសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈផលិតផល និងសេវាកម្ម ជាប្រាក់ចំណូលមធ្យម ជីឌីភី (GDP) ប្រទេសប៊ូតានបានជ្រើសរើសយកវិធីផ្សេងល្អមួយដើម្បីស្វែងយល់នឹងទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។ សុភមង្គលជាតិជាធំ (Gross National Happiness) រក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ភាពរឹងមាំនៃវប្បធម៌ ការអភិរក្សបរិស្ថាន និងអភិបាលកិច្ចល្អ ។ សសរស្តម្ភទាំងបួននេះត្រូវបានបញ្ជាក់ដោយវិស័យចំនួន ៩ និងសូចនាកររងចំនួន ១២៤ ។

សុភមង្គលជាតិជាធំ

ក្នុងឆ្នាំ២០១៥ ប្រជាជនប៊ូតាន ៩១,២% ត្រូវបានគេរាយការណ៍ថាជា​ប្រជាជនដែលមានភាពសប្បាយរីករាយច្រើន ដោយសារតែការកែលម្អនៃកម្រិតជីវភាព ការថែទាំសុខភាព និងការចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ ។ មេដឹកនាំប៊ូតានផ្តោតសំខាន់លើការបង្កើតលក្ខខណ្ឌមួយដែលធ្វើឱ្យសុភមង្គលក្នុងប្រទេសអាចរីកលូតលាស់បានយ៉ាងល្អ ។

២. ការថែទាំសុខភាពទូទៅ

យោងទៅតាមអង្គការសុខភាពពិភពលោក រដ្ឋធម្មនុញ្ញរបស់ប្រទេសប៊ូតានបានសន្យាថា នឹងផ្តល់ជូននូវការព្យាបាលដោយឥតគិតថ្លៃ ទាំងការថែទាំសុខភាពបែបវេជ្ជសាស្រ្តទំនើប និងការថែទាំសុខភាពបែបបុរាណ ​ និងឱសថស្ថានចូលជាផ្នែកមួយនៃកម្មវិធីសុភមង្គលជាតិជាធំ ។ រដ្ឋធម្មនុញ្ញក៏នឹងខិតខំផងដែរ ក្នុងការផ្តល់នូវសន្តិសុខសណ្តាប់ធ្នាប់នៅពេលប្រជាជនមានជំងឺ ។

គោលនយោបាយ និងផែនការសុខភាពជាតិ ផ្តល់ជូនប្រជាជនទាំងអស់នូវសេវាថែទាំសុខភាពដោយឥតគិតថ្លៃ ដោយផ្អែកលើវិធីសាស្រ្តថែទាំដ៏សំខាន់ដែលជាយុទ្ធសាស្ត្រការពារ និងអភិវឌ្ឍសង្គម ។

ការថែទាំសុខភាពទូទៅ

៣- ការអប់រំត្រូវបានផ្តល់ជាមូលនិធិដោយរដ្ឋ

ការអប់រំចំពោះកុមារនៅប្រទេសប៊ូតាន ត្រូវបានផ្តល់ជាមូលនិធិផ្គត់ផ្គង់ដោយរដ្ឋ​រហូតដល់ថ្នាក់ទី១០  បន្ទាប់ពីនោះទៅមានតែសិស្សដែលបានជាប់ការប្រឡងរបស់ពួកគេនៅថ្នាក់ទី១០ តែប៉ុណ្ណោះ ដែលនឹងត្រូវបានឧបត្ថម្ភបន្តនៅថ្នាក់អនុវិទ្យាល័យ ។ សិស្សដែលមិនត្រូវបានជ្រើសរើសសម្រាប់ការអប់រំបន្ថែមដែលឧបត្ថម្ភដោយរដ្ឋាភិបាល អាចបន្តការសិក្សានៅអនុវិទ្យាល័យឯកជន ឬរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងវិទ្យាស្ថានបណ្តុះបណ្តាលឯកជនណាមួយ តែការរៀនៅសាលាទាំងពីរនេះ ពួកគេនឹងចំណាយកាន់តែច្រើន ។ ចាប់តាំងពីឆ្នាំ២០០៦ មក សាលារៀនបានបង្កើតកម្មវិធីដើម្បីទទួលយកសិស្សដែលបានបោះបង់ការសិក្សា ហើយចង់បន្តការសិក្សាបន្តទៀត ។

ការអប់រំត្រូវបានផ្តល់ជាមូលនិធិដោយរដ្ឋ

៤. ការធ្វើសមាធិប្រចាំថ្ងៃនៅក្នុងសាលារៀន

ថ្នាក់រៀននៅតាមសាលារៀនភាគច្រើននៅប៊ូតាន​ ចាប់ផ្តើមដោយការសញ្ជឹងគិតដោយភាពស្ងៀមស្ងាត់ ឬការធ្វើសមាធិ ។ លំហាត់ប្រាណសមាធិប្រចាំថ្ងៃនេះបានធ្វើឱ្យលោកគ្រូអ្នកគ្រូដឹងថា សិស្សរបស់ពួកគេផ្តោតការយកចិត្តទុកដាក់ក្នុងការសិក្សា និងដោះស្រាយភាពតានតឹងបានល្អប្រសើរ ។

ការធ្វើសមាធិប្រចាំថ្ងៃ

៥. បង្រៀនអំពីតម្លៃរបស់មនុស្សតាំងពីពួកគេនៅវ័យក្មេង

ទោះបីការអប់រំនៅប៊ូតានមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រទេសជាច្រើនទៀតដែលអនុវត្តតាមកម្មវិធីសិក្សាបស្ចិមប្រទេសក៏ដោយ ក្មេងៗក៏ត្រូវបានបង្រៀនមេរៀនស្តីពីការអភិរក្សបរិស្ថាន ការកែច្នៃ និងការគិតពិចារណាដល់មនុស្សដទៃទៀតផងដែរ ។

អ្នកអប់រំនៅប្រទេសប៊ូតានជឿជាក់ថា សូម្បីតែរបៀបដែលគ្រូធ្វើការប្រាស្រ័យទាក់ទងមកកាន់សិស្សក៏គួរតែជះឥទ្ធិពលដល់តម្លៃមួយចំនួនផងដែរ ។

បង្រៀនអំពីតម្លៃរបស់មនុស្សតាំងពីពួកគេនៅវ័យក្មេង

៦. កសិកម្មសរីរាង្គ

ប្រទេសប៊ូតានបានប្រកាសនៅឆ្នាំ២០១៣ ថា ខ្លួននឹងដាំដំណាំសរីរាង្គទាំងស្រុង ទាក់ទងនឹងការអនុវត្តលើវិស័យកសិកម្ម ដោយហេតុថា មានការអំពាវនាវឱ្យមានការហាមឃាត់ទាំងស្រុងចំពោះដំណាំដែលមានការកែប្រែខុសពីធម្មជាតិខ្លាំងពេក (GMOs) ។

កសិកម្មសរីរាង្គ

បើតាមលោកភីម៉ា ហ្គីមហ្សូ (Pema Gyamtsho) រដ្ឋមន្រ្តីក្រសួងកសិកម្មរបស់ប្រទេសប៊ូតានបានមានប្រសាសន៍ថា “ដីរបស់ពួកយើងជាតំបន់ជួរភ្នំ នៅពេលដែលយើងប្រើជាតិគីមី ជីទាំងអស់នោះមិននៅតែមួយកន្លែងដែលយើងប្រើវានោះទេ វាក៏ប៉ះពាល់ដល់ទឹក និងរុក្ខជាតិផ្សេងទៀតផងដែរ ។ យើងនិយាយថា យើងត្រូវតែគិតគូរពីបរិស្ថានទាំងអស់ ។ ការធ្វើកសិកម្មរបស់យើងភាគច្រើនគឺកសិកម្មបែបប្រពៃណី ដូច្នេះពួកយើងភាគច្រើនក៏ជាអ្នកដំណាំសិរីរាង្គនិយមដែរ ។ ពួកយើងជាពុទ្ធសាសនិក ហើយយើងក៏ជឿលើការរស់នៅដោយសុខដុមរម្យនាជាមួយនឹងធម្មជាតិ ។ សត្វក៏មានសិទ្ធិរស់រានមានជីវិតនៅលើផែនដីនេះដែរ យើងសប្បាយចិត្តនៅពេលឃើញរុក្ខជាតិ និងសត្វល្អិតផ្សេងៗសប្បាយរីករាយ” ។

៧.ការងាកទៅរកប្រភពថាមពលនៃធម្មជាតិ

ទោះបីជាប្រទេសប៊ូតានមិនត្រូវបានបំពុលដូចប្រទេសជិតខាងនៅអាស៊ីខាងត្បូងក៏ដោយ ក៏រដ្ឋាភិបាលបានចាត់វិធានការរួចស្រេចទៅហើយក្នុងការលើកទឹកចិត្តដល់ការប្រើប្រាស់ប្រភពថាមពលនៃធម្មជាតិដែលមិនបង្កការបំពុលបរិស្ថាន និងប៉ះពាល់ដល់គុណភាពខ្យល់ ។ ការណែនាំថ្មីនៃរថយន្តបើកបរដោយថាមពល (CNG) និងខ្សែរ៉តគឺជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ការដឹកជញ្ជូននៅក្នុងតំបន់ដែលប្រើរថយន្តផ្សេងៗដែលងាយនឹងបំភាយឧស្ម័នពុល ។

ការងាកទៅរកប្រភពថាមពលនៃធម្មជាតិ

៨. ការដាំដើមឈើ

ដើមឈើគឺជានិមិត្តរូបដ៏ពិសិដ្ឋនៅក្នុងព្រះពុទ្ធសាសនា និងតំណាងឱ្យភាពមានអាយុវែង ភាពស្រស់ស្អាត ក្តីមេត្តា និងការមានប្រាជ្ញា ។ ប្រជាជនប៊ូតានចូលរួមយ៉ាងសកម្មក្នុងការដាំដើមឈើ ខណៈដែលរដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួនបានកំណត់ថា ៦០ ភាគរយនៃផ្ទៃដីរបស់ប្រទេសត្រូវតែស្ថិតនៅក្រោមម្លប់ព្រៃឈើ ។

ការដាំដើមឈើ

កាលពីឆ្នាំមុន ក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមនៅក្នុងប្រទេសបានដាំដើមឈើចំនួនជាង ៤៩,០០០ ដើមក្នុងរយៈពេលមួយម៉ោង ហើយថ្មីៗនេះដើមឈើចំនួន ១០៨,០០០ ដើមត្រូវបានគេដាំដើម្បីអបអរសារទនៃការប្រសូតព្រះរាជបុត្រារបស់មហាក្សត្រនៃព្រះរាជាណាចក្រប៊ូតាន ។

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖ ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia 

ស្តាប់ អាន តាមដានព័ត៌មាន

ចុះឈ្មោះចូលជាសមាជិក ចាប់ផ្តើមពី ២.៩៩ដុល្លារ/ខែ

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!