រុស្ស៊ីមិនគាំទ្រសេចក្តីថ្លែងការណ៍រួមស្ដីពីកម្មវិធីរំសាយអាវុធនុយក្លេអ៊ែរ ដោយខ្លួនយល់ថាវាមានភាពលំអៀងផ្នែកនយោបាយ
Breaking News

រុស្ស៊ីមិនគាំទ្រសេចក្តីថ្លែងការណ៍រួមស្ដីពីកម្មវិធីរំសាយអាវុធនុយក្លេអ៊ែរ ដោយខ្លួនយល់ថាវាមានភាពលំអៀងផ្នែកនយោបាយ

តំណាងរុស្ស៊ីមិនបានបោះឆ្នោតអនុម័តសេចក្តីព្រាងចុងក្រោយនៃសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយបន្ទាប់ពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីកម្មវិធីរំសាយអាវុធនុយក្លេអ៊ែរ ដោយបានអះអាងថា សេចក្តីថ្លែងការណ៍រួមនេះពោរពេញទៅដោយភាពលំអៀងខាងផ្នែកនយោបាយ ។

ទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃសុក្រ ទី26 ខែសីហា ឆ្នាំ2022 គណៈប្រតិភូរុស្ស៊ីបានសម្រេចចិត្តមិនគាំទ្រសេចក្តីប្រកាសស្តីពីកម្មវិធីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងសន្និសីទស្ដីពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) របស់អង្គការសហប្រជាជាតិ ដែលបានដំណើរការអស់រយៈពេល 4សប្តាហ៍រួចមកហើយនេះនោះទេ ដោយខ្លួនបានថ្កោលទោសថា សេចក្ដីថ្លែងការណ៍នេះមានភាពលំអៀងផ្នែកនយោបាយ ដោយយោងទៅតាមខ្លឹមសាររបស់វា ។

សន្និសីទស្ដីពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT ដែលក្នុងនោះមានប្រទេសហត្ថលេខីចំនួន191ប្រទេស ដែលត្រូវធ្វើការពិនិត្យឡើងវិញនូវសន្ធិសញ្ញានេះរៀងរាល់5ឆ្នាំម្តង ដើម្បីសំដៅទប់ស្កាត់ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ ជំរុញការរំសាយអាវុធនុយក្លេអ៊ែរដែលមានស្រាប់ និងគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ។

តំណាងរុស្ស៊ីលោក Igor Vishnevetsky បាននិយាយថា សេចក្តីព្រាងចុងក្រោយនៃសេចក្តីថ្លែងការណ៍រួម ដែលមានកម្រាស់ជាង 30ទំព័រ ហាក់មានភាពលំអៀងជាខ្លាំង ។ គាត់បានថ្លែងថា “ប្រតិភូរបស់យើងមានការជំទាស់ទៅនឹងកថាខណ្ឌសំខាន់ៗមួយចំនួន ដែលមានភាពលំអៀងផ្នែកនយោបាយចំៗ” ។ លោក Vishnevetsky ក៏បាននិយាយផងដែរថា រុស្ស៊ីមិនមែនជាប្រទេសតែមួយគត់ដែលមានបញ្ហាជាមួយនឹងខ្លឹមសារនៃសេចក្តីប្រកាសចុងក្រោយនោះទេ គឺមានប្រទេសជាច្រើនទៀតក៏មិនពេញចិត្តផងដេរ ។

Leave a Reply

Your email address will not be published. Required fields are marked *