Breaking News

រុស្ស៊ីបើកការវាយប្រហារលើស្ថានីយរថភ្លើងមួយកន្លែងរបស់អ៊ុយក្រែនសម្លាប់ទាហានអ៊ុយក្រែន ២០០នាក់ ចំណែកឯភាគីអ៊ុយក្រែនវិញអះអាងថា ការវាយប្រហារនេះបានបណ្ដាលឲ្យជនស៊ីវិល២៥នាក់បាត់បង់ជីវិត

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទីតាំងយោធាអ៊ុយក្រែននៅស្ថានីយរថភ្លើងក្នុងទីក្រុង Chaplyne ក្នុងតំបន់ Dnipropetrovsk របស់អ៊ុយក្រែនដោយបានសម្លាប់ទាហានអ៊ុយក្រែនប្រមាណ ២០០នាក់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ចំណែកឯទីក្រុងគៀវវិញអះអាងថា ជនស៊ីវិល 25 នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ​ ។ រុស្ស៊ី​បដិសេធ​ការ​កំណត់​គោលដៅ​ជន​ស៊ីវិល​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា “ប្រតិបត្តិការ​យោធា​ពិសេស” នៅ​អ៊ុយក្រែន ។

នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់ខ្លួនថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មីស៊ីល Iskander បានវាយប្រហារលើរថភ្លើងយោធានៅទីក្រុង Chaplyne ដែលគ្រោងនឹងបញ្ជូនអាវុធទៅកាន់សមរភូមិជួរមុខនៅក្នុងតំបន់ Donbas ភាគខាងកើត ។

ទីក្រុងម៉ូស្គូក៏បាននិយាយផងដែរថា ខ្លួនបានបំផ្លាញយន្តហោះចម្បាំងអ៊ុយក្រែនចំនួនប្រាំបីគ្រឿងក្នុងការវាយប្រហារប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសនៅក្នុងតំបន់ Poltava និង Dnipropetrovsk របស់ប្រទេសអ៊ុយក្រែន។  នោះ​នឹង​ជា​ការ​ខាត​បង់​ដ៏​ធ្ងន់​ធ្ងរ​បំផុត​មួយ​សម្រាប់​កង​ទ័ព​អាកាស​អ៊ុយក្រែន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version