រុស្ស៊ីបានច្រានចោលការចរចាជាមួយជប៉ុននៅជុំវិញការអនុញ្ញាតឱ្យអ្នកនេសាទជប៉ុនចូលទៅនេសាទក្បែរកោះ Kurils ដែលមានជម្លោះរវាងប្រទេសទាំង២
World

រុស្ស៊ីបានច្រានចោលការចរចាជាមួយជប៉ុននៅជុំវិញការអនុញ្ញាតឱ្យអ្នកនេសាទជប៉ុនចូលទៅនេសាទក្បែរកោះ Kurils ដែលមានជម្លោះរវាងប្រទេសទាំង២

រុស្ស៊ីបាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងមិនធ្វើកិច្ចចរចាប្រចាំឆ្នាំជាមួយជប៉ុនលើការបន្តកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ្នកនេសាទជប៉ុនធ្វើប្រតិបត្តិការនៅជិតកោះដែលមានជម្លោះទៀតទេ ដោយនិយាយថាជប៉ុនបានចាត់វិធានការប្រឆាំងនឹងរុស្ស៊ី ។ គួរឱ្យដឹងថា កោះដែលស្ថិតនៅភាគខាងជើងនៃកោះហុកកៃដូរបស់ប្រទេសជប៉ុនត្រូវបានគេស្គាល់នៅក្នុងប្រទេសរុស្ស៊ីថា ជាកោះ Kurils និងនៅក្នុងប្រទេសជប៉ុនជាដែនដីភាគខាងជើង ហើយវាបានក្លាយជាចំណុចស្នូលនៃភាពតានតឹងជាច្រើនទសវត្សរ៍រវាងប្រទេសជិតខាងទាំងពីនេះផងដែរ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានរាយការណ៍ថា “នៅក្នុងបរិបទនៃវិធានការប្រឆាំងនឹងរុស្ស៊ីដែលធ្វើឡើងដោយរដ្ឋាភិបាលជប៉ុន … ភាគីរុស្ស៊ីបានជូនដំណឹងដល់ទីក្រុងតូក្យូថា ខ្លួនមិនអាចយល់ព្រមលើការរៀបចំការពិគ្រោះយោបល់អន្តររដ្ឋាភិបាលស្តីពីការអនុវត្តកិច្ចព្រមព្រៀងនេះទេ” ។

គួររំលឹកដែរថា ប្រទេសជប៉ុន ដែលជាសម្ពន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គការរុស្ស៊ីរាប់សិបនាក់ភ្លាមៗ បន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនកាលពីថ្ងៃទី 24 ខែកុម្ភៈឆ្នាំមុន ។ កាលពីថ្ងៃសុក្រនេះ ខ្លួនបានរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ីដេលជាការឆ្លើយតបនឹងការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ីលើទីក្រុងអ៊ុយក្រែន ។

Source : Reuters

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *