ក្រុមហ៊ុនថាមពលរុស្ស៊ី Nord stream AG បានបញ្ជាក់ថា បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream របស់រុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់នឹងបិទរយៈពេល 10 ថ្ងៃ ដើម្បីធ្វើការជួសជុល និងថែទាំប្រចាំឆ្នាំ។
ខ្សែទាំងពីរនៃបំពង់បង្ហូរឧស្ម័ននឹងត្រូវបានផ្អាកប្រតិបត្តិការសម្រាប់ការងារជួសជុលចាប់ពីថ្ងៃទី 11 ខែកក្កដាដល់ថ្ងៃទី 21 ខែកក្កដា ។ ប្រតិបត្តិករបានបន្ថែមថាការបិទនេះទទួលបានយល់ព្រមពីមុនជាមួយដៃគូទាំងអស់។
សេចក្តីថ្លែងការណ៍បានសរសេរថា “ក្រុមហ៊ុន Nord Stream AG នឹងបិទជាបណ្តោះអាសន្ននូវប្រព័ន្ធបំពង់បង្ហូរឧស្ម័នទាំងពីររបស់ខ្លួនសម្រាប់ការងារថែទាំ និងជួសជុលជាប្រចាំដើម្បីធ្វើការសាកល្បងដោយរួមបញ្ចូលនូវធាតុមេកានិក និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីធានាបាននូវប្រតិបត្តិការបំពង់បង្ហូរឧស្ម័នដែលអាចទុកចិត្តបាន សុវត្ថិភាព និងប្រសិទ្ធភាព”។
កាលពីខែមិថុនា លំហូរឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរប្រេងក្រោមសមុទ្រត្រូវបានកាត់បន្ថយរហូតដល់ 60% ដោយសារតែបញ្ហាបច្ចេកទេសដែលកើតចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ជាការឆ្លើយតប រដ្ឋាភិបាលអាល្លឺម៉ង់បានចាប់ផ្តើមដំណាក់កាល ការជូនដំណឹងទីពីរនៃផែនការសង្គ្រោះបន្ទាន់ឧស្ម័នបីកម្រិតរបស់ខ្លួន ។ ក្រុងប៊ែកឡាំងបានព្រមានថា ខ្លួនកំពុងប្រឈមនឹងការខ្វះខាតប្រេងយ៉ាងធ្ងន់ធ្ងរចំពេលមានការធ្លាក់ចុះការផ្គត់ផ្គង់ពីរុស្ស៊ី ។
ប្រភព ៖ RT