រុស្ស៊ីចង់ឲ្យអង្គការសហប្រជាជាតិដាក់សម្ពាធអាម៉េរិកឲ្យផ្ដល់ទិដ្ឋាការដល់អ្នកការទូតរុស្ស៊ី ដើម្បីបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ
Breaking News

រុស្ស៊ីចង់ឲ្យអង្គការសហប្រជាជាតិដាក់សម្ពាធអាម៉េរិកឲ្យផ្ដល់ទិដ្ឋាការដល់អ្នកការទូតរុស្ស៊ី ដើម្បីបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីនៅអង្គការសហប្រជាជាតិលោក Vasily Nebenzia បានស្នើឱ្យអង្គការនេះបញ្ចុះបញ្ចូលសហរដ្ឋអាម៉េរិកឱ្យផ្តល់ទិដ្ឋាការសម្រាប់សមាជិកនៃគណៈប្រតិភូរបស់ទីក្រុងម៉ូស្គូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ។ ខណៈប្រតិភូរបស់រុស្ស៊ីកំពុងរៀបចំធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមការជជែកដេញដោលទូទៅកម្រិតខ្ពស់ដែលនឹងធ្វើឡើងនៅចន្លោះថ្ងៃទី 20 និង 26 ខែកញ្ញា ។

សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​លោក Nebenzia បាន​បញ្ជូន​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres កាល​ពី​ថ្ងៃ​សុក្រ ។ ​

នៅក្នុងសាររបស់គាត់ បេសកជនបានចង្អុលបង្ហាញថា នៅសល់តិចជាងបីសប្តាហ៍មុនមហាសន្និបាត មិនមានសមាជិកណាមួយនៃគណៈប្រតិភូរុស្ស៊ី បានទទួលទិដ្ឋាការចូលសហរដ្ឋអាម៉េរិកទេ ។ អ្នកការទូតរុស្ស៊ីបានរាយការណ៍បន្ថែមថា ភាគីរុស្ស៊ីដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានដាក់សំណើពាក់ព័ន្ធដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះទៅកាន់ស្ថានទូតអាម៉េរិកនៅទីក្រុងម៉ូស្គូ ។

លិខិតនោះបានសរសេរថា “នេះកាន់តែគួរឱ្យព្រួយបារម្ភចាប់តាំងពីប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធររបស់សហរដ្ឋអាមេរិកបានបដិសេធឥតឈប់ឈរក្នុងការផ្តល់ទិដ្ឋាការចូលដល់គណៈប្រតិភូរុស្ស៊ីមួយចំនួនដែលត្រូវបានចាត់ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ផ្លូវការរបស់អង្គការសហប្រជាជាតិ”។ ដកស្រង់ដោយសារព័ត៌មាន។

កាលពីដើមសប្តាហ៍នេះ លោក Nebenzia បានចង្អុលបង្ហាញថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី លោក Vladimir Kolokoltsev និងគណៈប្រតិភូរបស់គាត់ ក៏មិនអាចចូលរួមកិច្ចប្រជុំរបស់ប្រមុខប៉ូលីសអង្គការសហប្រជាជាតិបានទេ ដោយសារសហរដ្ឋអាម៉េរិកបដិសេធមិនផ្តល់ទិដ្ឋាការដល់ពួកគេ ។

ទំនាក់ទំនងដ៏តានតឹងរួចទៅហើយរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កាន់តែយ៉ាប់យ៉ឺនថែមទៀត ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន ។ អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​តឹងរ៉ឹង​លើ​រុស្ស៊ី ខណៈ​ដែលអាម៉េរិកបាន​គាំទ្រ​ទីក្រុង​គៀវ និង​ផ្តល់​ជំនួយ​យោធា​រាប់​ពាន់​លាន​ដុល្លារ ព្រម​ទាំង​ការ​ស៊ើបការណ៍សម្ងាត់ទៀតផង ។

Leave a Reply

Your email address will not be published. Required fields are marked *