តម្លៃឧស្ម័នរបស់អឺរ៉ុបមានការកើនឡើងយ៉ាងខ្លាំង ខណៈប្រទេសរុស្ស៊ីឯណោះវិញកំពុងដុតបំផ្លាញឧស្ម័នធម្មជាតិ ។

អ្នកជំនាញនិយាយថា រោងចក្រដុតបំផ្លាញឧស្ម័ននេះស្ថិតនៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ ដែលបាននឹងកំពុងដុតបំផ្លាញឧស្ម័នដែលមានតម្លៃប្រហែល 10 លានដុល្លារ ជារៀងរាល់ថ្ងៃ ។ អ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភអំពីបរិមាណដ៏ច្រើននៃកាបូនឌីអុកស៊ីត ដែលកំពុងបង្កើតដោយសារការដុតបំផ្លាញឧស្ម័ននេះ ដែលអាចនឹងធ្វើឱ្យការរលាយទឹកកកនៅក្នុងតំបន់អាកទិកកាន់តែមានភាពធ្ងន់ធ្ងរ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។
ក្រុមហ៊ុនស្រាវជ្រាវថាមពល Rystad Energy បានបង្ហាញថាឧស្ម័នប្រហែល 4.34 លានម៉ែត្រគូបត្រូវបានរុស្ស៊ីដុតដោយអណ្តាតភ្លើងជារៀងរាល់ថ្ងៃ ។ ឧស្ម័នដែលត្រូវបានដុតបំផ្លាញនេះបានមកពីរោងចក្រឧស្ម័នធម្មជាតិរាវថ្មី (LNG) នៅទីក្រុង Portovaya ភាគពាយព្យនៃទីក្រុង St Petersburg ។