កងកម្លាំងរបស់អ៊ុយក្រែនបានដណ្តើមមកវិញនូវភូមិភាគខាងកើតមួយនៅផ្នែកខាងត្បូងនៃទីក្រុង Bakhmut នៅក្នុងអ្វីដែលនឹងក្លាយជាការជោគជ័យដ៏សំខាន់ទីពីររបស់អ៊ុយក្រែនក្នុងរយៈពេលបីថ្ងៃនៅក្នុងការវាយលុកដ៏ខ្លាំងក្លារបស់ខ្លួនប្រឆាំងនឹងកងទ័ពរុស្ស៊ី នេះបើតាមការប្រកាសដោយប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី ។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងវីដេអូមួយទៅកាន់ប្រជាជាតិអ៊ុយក្រែនថា “ថ្ងៃនេះខ្ញុំចង់សរសើរជាពិសេសទាហានដែលបានបោះមួយជំហានម្តងៗត្រលប់ទៅរំដោះអ៊ុយក្រែនវិញនូវអ្វីដែលជាកម្មសិទ្ធិរបស់វា ពោលគឺនៅតំបន់ Bakhmut” ។
នៅក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាអ៊ុយក្រែនបានរំដោះភូមិ Klishchiivka ភាគខាងត្បូងនៃ Bakhmut មកវិញដោយបានកើតឡើងបន្ទាប់ពីទីក្រុងគៀវបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានគ្រប់គ្រងភូមិ Andriivka នៅទីក្រុង Bakhmut ។
លោក Oleksandr Syrskyi មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន ដែលគ្រប់គ្រងប្រតិបត្តិការវាយលុកនោះ បានបង្ហោះវីដេអូនៃកងកម្លាំងអ៊ុយក្រែន ដែលបង្ហាញទង់ជាតិពណ៌ខៀវ និងពណ៌លឿង នៅលើអគារដែលបាក់បែក ជាមួយនឹងសំឡេងនៃការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន ។
ចំណែកនៅក្នុងទឹកដីរុស្ស៊ីឯណោះវិញ អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីក្រុងម៉ូស្គូ និងតំបន់គ្រីមៀរដែលកំពុងគ្រប់គ្រងដោយរុស្ស៊ី ។ ការវាយប្រហាររបស់អ៊ុយក្រែនបានរំខានដល់ចរាចរណ៍ផ្លូវអាកាសក្នុងរដ្ឋធានីម៉ូស្គូ និងបណ្តាលឱ្យមានអគ្គីភ័យនៅឃ្លាំងស្តុកប្រេងមួយនៅភាគនិរតីនៃប្រទេស ។
ការវាយប្រហារយ៉ាងជ្រៅនៅក្នុងប្រទេសរុស្ស៊ី ដែលនៅឆ្ងាយពីជួរមុខ ក៏បានកើនឡើងផងដែរ ដោយអភិបាលក្រុងម៉ូស្គូបាននិយាយថា យ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើកពីរគ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់នៃរដ្ឋធានីកាលពីព្រឹកថ្ងៃអាទិត្យ ។
Reuters