រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាម៉េរិកបានធ្វើ “សំណើជាច្រើន” ដល់ប្រទេសរុស្ស៊ី ដើម្បីដោះលែងជនជាតិអាម៉េរិក រួមទាំងតារាបាល់បោះ Brittney Griner ខណៈដែលលោកបានប្រកាសថា លោកនឹងនិយាយទៅកាន់សមភាគីទីក្រុងម៉ូស្គូជាលើកដំបូងចាប់តាំងពីសង្រ្គាមអ៊ុយក្រែន នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AFP ។
លោក Blinken បាននិយាយថាគាត់រំពឹងថានឹងមានការហៅទូរស័ព្ទ “នៅប៉ុន្មានថ្ងៃខាងមុខនេះ” ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov លើការផ្តល់ជូននូវការដោះលែងអតីតទាហានម៉ារីន Paul Whelan ក៏ដូចជា តារាបាល់បោះ Griner ។
លោកបានមានប្រសាសន៍ថា “យើងបានដាក់សំណើយ៉ាងសំខាន់មួយនៅលើតុកាលពីសប្តាហ៍មុន ដើម្បីសម្រួលដល់ការដោះលែងពួកគេ ។ រដ្ឋាភិបាលរបស់យើងបានទំនាក់ទំនងម្តងហើយម្តងទៀត និងដោយផ្ទាល់លើសំណើនោះ ហើយខ្ញុំនឹងប្រើការសន្ទនាដើម្បីតាមដានដោយផ្ទាល់” ។
ដោយលើកឡើងពីភាពរសើបនេះ Blinken បានបដិសេធមិននិយាយលម្អិត ឬបញ្ជាក់របាយការណ៍ដែលថាសហរដ្ឋអាម៉េរិកកំពុងដោះដូរពួកគេទាំង២ហើយប្រគល់ឲ្យរុស្ស៊ីវិញនូវលោក Viktor Bout ដែលជាអ្នករត់ពន្ធអាវុធរុស្ស៊ីដែលត្រូវបានអាម៉េរិកកាត់ទោសទេ ។