អភិបាលខេត្ត Andrey Vorobyov បានរាយការណ៍កាលពីថ្ងៃអង្គារថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានធ្លាក់នៅជិតរោងចក្រឧស្ម័ន Gazprom ក្នុងតំបន់ Kolomna ក្បែរទីក្រុងម៉ូស្គូ ។ យោងតាមមន្ត្រីខាងលើ យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណបានធ្លាក់នៅជិតភូមិ Gubastovo ហើយហាក់ដូចជាបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប៉ុន្តែមិនបណ្តាលឲ្យមានការខូចខាត ឬរបួសនោះទេ ។
លោកអភិបាលបានបន្ថែមថា សេវាសន្តិសុខ និងភ្នាក់ងារផ្សេងទៀតកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ ហើយមិនមានគ្រោះថ្នាក់ដល់ប្រជាជនទេ ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗក៏បានបញ្ជាក់ផងដែរថា សេវាសង្គ្រោះបន្ទាន់ និងក្រុមបំផ្ទុះគ្រាប់បែកត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ។
ក្រុមហ៊ុន Gazprom ក៏បានបញ្ជាក់អំពីឧបទ្ទវហេតុនេះផងដែរ ដោយអ្នកគ្រប់គ្រងស្ថានីយ៍បង្ហាប់ឧស្ម័ន Voskresensk បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា យន្តហោះគ្មានមនុស្សបើកបានធ្លាក់នៅជិតយើង ប៉ុន្តែមិនប៉ះពាល់ដល់ប្រតិបត្តិការរបស់យើងទាល់តែសោះ ។ ពួកគេបានបន្ថែមថា បញ្ហានេះកំពុងស្ថិតនៅក្រោមយុត្តាធិការរបស់សេវាសន្តិសុខសហព័ន្ធ (FSB)។
រូបថតដែលគេចោទប្រកាន់ថាពណ៌នាអំពីយន្តហោះគ្មានមនុស្សបើក បានចាប់ផ្តើមចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយអំពីភាពត្រឹមត្រូវនៃរូបភាពទាំងនេះនៅឡើយ ។ យោងតាមទិន្នន័យបឋម នេះគឺជាយន្តហោះវាយប្រហារតាមអាកាស UJ-22 ដែលផលិតដោយអ៊ុយក្រែន ។
ព័ត៌មាននេះកើតឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអង្គារថាទីក្រុងគៀវបានព្យាយាមប្រើយន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ភាគខាងត្បូងនៃ Krasnodar និងសាធារណរដ្ឋ Adygea ។
ប្រភព ៖ RT
By Suon Visal