ទីភ្នាក់ងារសារព័ត៌មាន TASS បាននិយាយកាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលយន្តហោះគ្មានមនុស្សបើកអត្តឃាតចំនួនប្រាំគ្រឿង យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍មួយគ្រឿង និងអាវការពារគ្រាប់កាំភ្លើង ជាអំណោយពីអភិបាលតំបន់ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី ។
រថភ្លើងពាសដែករបស់លោក គីម បានចេញដំណើរទៅកូរ៉េខាងជើងវិញពីស្ថានីយ៍រថភ្លើងក្នុងទីក្រុង Artyom ដែលជាទីក្រុងភាគខាងកើតរបស់រុស្ស៊ី ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី ។
មន្ត្រីជាន់ខ្ពស់រួមទាំងរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិរបស់រុស្ស៊ី លោក Alexander Kozlov និងអភិបាលតំបន់ Primorye លោក Oleg Kozhemyako មានវត្តមាននៅក្នុងពិធីជូនដំណើរលោក ដែលមានក្រុមតន្រ្តីយោធារុស្ស៊ី លេងភ្លេងជាតិកូរ៉េខាងជើង និងរុស្ស៊ី។
វាគឺជាដំណើរទៅក្រៅប្រទេសដ៏វែងបំផុតរបស់មេដឹកនាំកូរ៉េខាងជើង ចាប់តាំងពីគាត់បានឡើងកាន់អំណាចនៅចុងឆ្នាំ ២០១១ ។ អ្នកសង្កេតការណ៍បាននិយាយថា គាត់ត្រូវបានគេរំពឹងថានឹងត្រលប់ទៅទីក្រុងព្យុងយ៉ាងវិញនៅរសៀលថ្ងៃចន្ទ ។ ជាដំណើរទស្សនកិច្ចមួយដែលធ្វើឲ្យប្រទេសលោកខាងលិចមានការព្រួយបារម្ភបំផុតដោយសារសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង។
ដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃនេះលោក គីម ជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ដោយបង្កើនលទ្ធភាពដែលកូរ៉េខាងជើងអាចផ្តល់អាវុធដល់រុស្ស៊ីដើម្បីជួយការឈ្លានពានអ៊ុយក្រែន ។
ជាដំណើរកម្សាន្តដោយផ្តោតលើកិច្ចសហប្រតិបត្តិការយោធា
លោក គីម និងលោក ពូទីន បានជួបគ្នានៅ កាលពីថ្ងៃពុធ ហើយបានចូលរួមក្នុងកិច្ចប្រជុំរយៈពេលប្រាំម៉ោងនៅឯទីតាំងបង្អស់យានអវកាសរុស្ស៊ី Vostochny Cosmodrom ដែលក្នុងនោះលោក ពូទីន បាននិយាយថាលោក គីម បានបង្ហាញ “ចំណាប់អារម្មណ៍យ៉ាងខ្លាំង” ។ លោក គីម បានផ្តល់ការគាំទ្រដល់លោកពូទីន បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេដោយនិយាយថា “ខ្ញុំនឹងឈរជាមួយរុស្ស៊ីជានិច្ច” ហើយបានបង្ហាញខ្លួន ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន។
គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានប្រកាសជាសាធារណៈទេ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មេដឹកនាំទាំងពីរមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេទេ ខណៈអំឡុងពេលទស្សនកិច្ចនេះអាម៉េរិកហាក់បង្កើនសំឡេងព្រមានខ្លាំងទៅកាន់កូរ៉េខាងជើងមិនឲ្យផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ។
ប៉ុន្តែកិច្ចពិភាក្សានេះបានបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលកំពុងឯកោពីឆាកអន្តរជាតិ ដោយរុស្ស៊ីឯកោសម្រាប់ការឈ្លានពានអ៊ុយក្រែន និងកូរ៉េខាងជើងសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ។
លោក គីម ក៏បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីដែល ហើយបើយោងតាម KCNA បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការយោធា “រវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ និងក្នុងវិស័យការពារជាតិ និងសន្តិសុខរបស់ពួកគេ” ត្រូវបានពិភាក្សារវាងលោក គីម និង លោកShoigu ។
CNN