News & Blogs

បទវិភាគប្រចាំសប្តាហ៍

មានតែការចរចាទេដែលអាចនាំមកនូវសន្តិភាពដ៏យូរអង្វែងចំពោះអុីស្រាអែល និងប៉ាឡេស្ទីន

website-cover16

មានតែការចរចាទេដែលអាចនាំមកនូវសន្តិភាពដ៏យូរអង្វែងចំពោះអុីស្រាអែល និងប៉ាឡេស្ទីន

អុីស្រាអែល និងប៉ាឡេស្ទីន ការវាយប្រហារនេះ គឺជាការគ្រប់គ្រងជម្លោះ មិនមែនជាដោះស្រាយជម្លោះនោះទេ

វាគឺជាការប្រឈមមុខដាក់គ្នាមួយដែលកំពុងតែរង់ចាំការផ្ទុះឡើង នៅក្នុងជម្លោះមួយដែលពិភពលោកមិនអើពើទាល់តែសោះ ។ អ៊ីស្រាអែល និងប៉ាឡេស្ទីនបានប៉ះទង្គិចគ្នាសារជាថ្មីម្តងទៀតដែលនឹងធ្លាក់ចូលទៅក្នុងជ្រុងមួយនៃសង្គ្រាមនៅក្នុងដែនដីដែលពួកគេតែងតែគោរពបូជា ។ រ៉ុក្កែតរាប់រយគ្រាប់ត្រូវបានបាញ់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយរ៉ុក្កែតទាំងនោះត្រូវបានបាញ់ចេញសំដៅទៅលើទីក្រុងជេរូសាឡឹម (Jerusalem)

និង ទីក្រុងតេលអាវី (Tel Aviv) និងអ៊ីស្រាអែលខាងត្បូង ។ តំបន់ហ្គាហ្សា (Gaza)គឺជាទឹកដីរបស់ប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាស(Hamas) ដែលជាចលនាអ៊ីស្លាមជ្រុលនិយម ត្រូវបានរងការវាយប្រហារកាន់តែខ្លាំងឡើងៗដោយរ៉ុក្កែតរបស់អ៊ីស្រាអែល ។ ជនជាតិអារ៉ាប់ និងជនជាតិជីហ្វក៏បានប៉ះទង្គិចគ្នានៅតាមដងផ្លូវនៃទីក្រុងរបស់អ៊ីស្រាអែល ហើយមនុស្សរាប់សិបនាក់ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីនត្រូវបានសម្លាប់ ។

ការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជារឿយៗទីក្រុងជេរូសាឡឹមគឺជាគោលដៅចម្បងក្នុងការវាយប្រហាររបស់ពួកគេ ។ កាលពីខែមេសា នៅពេលចាប់ផ្តើមពិធីបុណ្យ    រ៉ាម៉ាដន (Ramadan) របស់មូស្លីម មេប៉ូលីសអ៊ីស្រាអែលបានដាក់របងនៅជុំវិញច្រកទ្វារដាម៉ាស្គឹស (Damascus Gate) ដែលជាច្រកមួយក្នុងចំណោមច្រកចូលទីក្រុងក្រុងជេរ៉ូសាឡឹមដែលមានជញ្ជាំងចាស់ៗជុំវិញ និងជាកន្លែងប្រមូលផ្តុំមួយសម្រាប់ប្រជាជនប៉ាឡេស្ទីន ។ ការធ្វើបែបនេះគឺក្នុងហេតុផលថា ដើម្បីការពារសន្តិសុខដែលទង្វើនេះបាននាំឱ្យមានការប៉ះទង្គិចគ្នារវាងជនជាតិប៉ាឡេស្ទីន និងប៉ូលីសអ៊ីស្រាអែល ហើយបណ្តាលឱ្យមានមនុស្សរាប់រយនាក់បានរងរបួស ។ បន្ទាប់មកគ្រាប់រ៉ុក្កែតក៏បានចាប់ផ្តើមហោះហើរពេញអាកាសតែម្ដង ។

អំពើហិង្សាដែលធ្លាប់កើតមានពីមុនក៏បានផ្ទុះឡើងមកម្តងទៀត ។ តាមពិតទៅ ការប្រែក្លាយទីក្រុងនានារបស់ប្រទេសអ៊ីស្រាអែលទៅជាឋាននរក ដោយការគំរាមកំហែងរបស់ក្រុមហាម៉ាសនឹងមិនបានជួយអ្វីដល់ប្រជាជនប៉ាឡេស្ទីនដែលរងទុក្ខវេទនាយ៉ាងខ្លាំងនៅតំបន់ហ្គាហ្សានោះទេ ។ រាល់គ្រាប់រ៉ុក្កែតដែលក្រុមហាម៉ាសបានបាញ់ វាកាន់តែធ្វើឱ្យមានភាពងាយស្រួលចំពោះអ៊ីស្រាអែលក្នុងការយកលេសថាខ្លួនគ្មានដៃគូសន្តិភាពបែបនេះនោះទេ ហើយក៏បង្កើនការឡោមព័ទ្ធទីក្រុងហ្គាហ្សាតែម្តង ។ ប៉ុន្តែ អ៊ីស្រាអែលក៏ត្រូវពិចារណាឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការវាយប្រហាទីក្រុងហ្គាហ្សានោះដែរ ។ មេដឹកនាំរបស់ខ្លួនចាត់ទុកជម្លោះដ៏ធំមួយនេះគឺជាការប្រយុទ្ធដើម្បីគ្រប់គ្រងទីក្រុងហ្គាហ្សា មិនមែនប្រយុទ្ធដើម្បីដោះស្រាយបញ្ហានោះទេ ។ ប៉ុន្តែ ការប្រព្រឹត្តដោយអយុត្តិធម៌របស់ខ្លួនទៅលើប្រជាជនប៉ាឡេស្ទីនបានបង្កជាបញ្ហាជាច្រើន ។ វិបត្តិនៅពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរនេះអាចឱ្យយើងទស្សន៍ទាយដឹងបានថា មេដឹកនាំអ៊ីស្រាអែលមានបំណងចង់គ្រប់គ្រងទីក្រុងហ្គាហ្សា ទោះបីជាសង្រ្គាមបានឆាបឆេះឡើងមកមិនបានបង្ហាញថាបែបហ្នឹងក៏ដោយ ។

ជម្លោះនៅទីក្រុងជេរ៉ូសាឡឹមគឺបានបង្ហាញអំពីបញ្ហាដ៏ធំបំផុតមួយ ។ អ៊ីស្រាអែលអះអាងថាទីក្រុងនេះជារដ្ឋធានីរបស់ខ្លួន ហើយមិនអាចបែងចែកឱ្យទៅប៉ាឡេស្ទីនបាននោះទេ ។ ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងទីក្រុងនេះបានបែងចែកគ្នារួចទៅហើយ ។ មូលហេតុគឺដោយសារតែផ្នែកខាងកើតនៃទីក្រុងនេះ ទោះបីជាត្រូវបានអ៊ីស្រាអែលកាន់កាប់តាំងពីឆ្នាំ១៩៦៧ ក៏ដោយ ក៏នៅតែមានជនជាតិប៉ាឡេស្ទីនជាច្រើនរស់នៅដែរ ។ កិច្ចព្រមព្រៀងអូស្លូ (Oslo) ដែលបានអនុម័តនៅឆ្នាំ១៩៩៣ បានបន្សល់ទុកនូវស្ថានភាពដ៏លំបាកនៅទីក្រុងនេះដែលត្រូវដោះស្រាយម្តងទៀតលើកិច្ចព្រមព្រៀងសន្តិភាព                 អចិន្រ្តៃយ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ ប៉ុន្តែ អ៊ីស្រាអែលបានសាងសង់ជញ្ជាំងមួយដើម្បីបំបែកទីក្រុងជេរ៉ូសាឡឹមចេញពីតំបន់ខ្ពង់រាបរបស់               ប៉ាឡេស្ទីន ហើយអ៊ីស្រាអែលក៏ព្យាយាមពង្រឹងការទាមទារបស់ខ្លួនទៅលើទីក្រុងទាំងមូល ដោយបានសាងសង់លំនៅដ្ឋានជនជាតិជីហ្វថ្មីៗជាច្រើន ហើយព្យាយាមបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីទីនោះ ។ ទោះបីជាប្រជាជនអ៊ីស្រាអែលមានចំនួនប្រមាណ ៣៨% នៃចំនួនប្រជាជនសរុបនៅទីក្រុងជេរ៉ូសាឡឹមក្តី ក៏ប្រជាជនប៉ាឡេស្ទីននៅទីនោះភាគច្រើនមិនមែនជាពលរដ្ឋរបស់ទីក្រុងអ៊ីស្រាអែលនោះដែរ ពួកគេគ្រាន់តែជាអ្នករស់នៅទីនោះ ដែលទទួលបានសិទ្ធិថែរក្សាសុខភាព និងសន្តិសុខសង្គមដែរ ប៉ុន្តែពួកគេមិនមានសិទ្ធិពេញលេញដូចជាជនជាតិជ្វីហ្វនោះទេ ។

ភាពខុសគ្នានៅក្នុងច្បាប់នេះគឺជាចំណុចសំខាន់នៃរឿងក្តីចំពោះមុខតុលាការកំពូលរបស់ប្រទេសអ៊ីស្រាអែលដែលកំពុងតែធ្វើឱ្យបរិយាកាសប្រទេសទាំងពីរកាន់តែយ៉ាប់យឺន ។ តុលាការកំពុងពិនិត្យឡើងវិញចំពោះសាលក្រមដើម្បីបណ្តេញក្រុមគ្រួសារប៉ាឡេស្ទីនចេញពីសង្កាត់ហ្សេកហ៍ ចារ៉ាហ៍ (Sheikh Jarrah) នៃក្រុងជេរ៉ូសាឡឹមខាងកើត ។ ផ្ទះរបស់ពួកគេស្ថិតនៅលើដីដែលធ្លាប់ជាកម្មសិទ្ធិរបស់ជនជាតិជីហ្វ មុនពេលដែលប្រទេសហ្ស៊កដានី (Jordan)កាន់កាប់ភាគខាងកើតនៃក្រុងទីក្រុងជេរ៉ូសាឡឹមក្នុងឆ្នាំ១៩៤៨ ។ ច្បាប់របស់អ៊ីស្រាអែលអនុញ្ញាតឱ្យជនជាតិអ៊ីស្រាអែលដែលជាម្ចាស់ដើមទាមទារកាន់កាប់ទ្រព្យសម្បត្តិ និងដីធ្លីទាំងអស់នៅក្រុងជេរ៉ូសាឡឹមខាងកើតមកវិញ ។ ប៉ុន្តែ សម្រាប់ប្រជាជនប៉ាឡេស្ទីនវិញមិនអាចទាមទារយកទ្រព្យសម្បត្តិ និងដីធ្លីចាស់របស់ពួកគេនៅភាគខាងលិចនៃក្រុងជេរ៉ូសាឡឹម ឬកន្លែងផ្សេងទៀតនៅអ៊ីស្រាអែលបាននោះទេ ។ ដូច្នេះ គ្មានអ្វីដែលគួរឱ្យឆ្ងល់ទេដែលប្រជាជនប៉ាឡេស្ទីននៃទីក្រុងជេរ៉ូសាឡឹមនេះ តែងតែត្រៀមខ្លួនដើម្បីតវ៉ាជាមួយនឹងប្រទេសអ៊ីស្រាអែលនោះ ។

ភាពអយុត្តិធម៌នៅកន្លែងផ្សេងទៀតគឺកាន់តែអាក្រក់ជាងនេះទៅទៀត ។ ប្រជាជនប៉ាឡេស្ទីននៅតំបន់​ West Bank ក៏ដូចជាអ្នកនៅទីក្រុងជេរ៉ូសាឡឹមដែរ គឺបានត្រឹមតែឈរមើលអ៊ីស្រាអែលរឹបអូសយកដីធ្លី និងសង់លំនៅដ្ឋានលើទឹកដីដែលកាន់កាប់ខុសច្បាប់ក្រោមច្បាប់អន្តរជាតិ ។ ពួកគេក៏ត្រូវតែដោះស្រាយជាមួយប៉ុស្តិ៍ត្រួតពិនិត្យរបស់អ៊ីស្រាអែលគ្រប់កន្លែង និងត្រូវសុំការអនុញ្ញាតិជាច្រើនពីមន្រ្តីទាំងនោះផងដែរ ។ នៅតំបន់ហ្គាហ្សាប្រជាជនប៉ាឡេស្ទីនជាង ២ លាននាក់ត្រូវបានកាត់ផ្ដាច់ពីពិភពលោកដោយការបិទផ្លូវពីសំណាក់ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបចាប់តាំងពីឆ្នាំ ២០០៧ មកម៉្លេះ នៅពេលដែលក្រុមហាម៉ាស់ដណ្តើមបានការគ្រប់គ្រងលើទឹកដីនៅតំបន់ហ្គាហ្សានេះ ។ ការតស៊ូចំពោះទឹកដីទាំងនេះគឺ​ដើម្បីថែរក្សាអគ្គិសនី និងទឹកស្អាតសម្រាប់ប្រើប្រាស់ ។ ការអស់សង្ឃឹមចំពោះលក្ខខណ្ឌបែបនេះ បានបណ្តាលឱ្យមានអំពើហិង្សាកាលពីឆ្នាំ២០១៨ និង២០១៩ ហើយទំនាស់ទាំងនេះក៏កំពុងតែរីករាលដាលមកដល់ពេលបច្ចុប្បន្ន ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយរបស់អ៊ីស្រាអែលមិនអើពើដោះស្រាយនឹងជម្លោះនេះទេ ។ ហើយបញ្ហាប៉ាឡេស្ទីនក៏មិនបានលើកយកមកនិយាយនៅក្នុងការបោះឆ្នោតណាមួយក្នុងចំណោមការបោះឆ្នោតទាំង ៤ លើក ដែលអ៊ីស្រាអែលបានធ្វើនាពេលថ្មីៗនេះដែរ ។ ប្រជាជនអ៊ីស្រាអែលភាគច្រើនមានអារម្មណ៍សប្បាយចិត្តជាមួយការប្រឆាំងនឹងដំណោះស្រាយនិយមរបស់នាយករដ្ឋមន្រ្តី ប៊ីនយ៉ាមីន នេតាន់យ៉ាហ៊ូ (Binyamin Netanyahu) ដែលបង្ហាញពីចំណាប់អារម្មណ៍តិចតួចរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ជាមួយប៉ាឡេស្ទីន ។ គូប្រជែងក្នុងប្រទេសរបស់ខ្លួនកំពុងតែខិតជិតទៅដល់កិច្ចព្រមព្រៀងមួយដែលនឹងជំរុញឱ្យគាត់ចុះចេញពីអំណាច ។ ប៉ុន្តែ មុនពេលដែលមានអំពើហិង្សាថ្មីៗនេះ ពួកគេក៏បាននិយាយបន្តិចបន្តួចដែរអំពីវិធីសាស្រ្តដែលពួកគេនឹងដោះស្រាយជម្លោះជាមួយគ្នា ។

មេដឹកនាំប៉ាឡេស្ទីនបានបង្កលក្ខណៈងាយស្រួលសម្រាប់អ៊ីស្រាអែលក្នុងការទទួលយកនូវសន្តិភាព។ ប៉ុន្តែ ក្រុមហាម៉ាសគឺចាប់អារម្មណ៍នឹងការបាញ់គ្រាប់រ៉ុក្កែតជាងការធ្វើឱ្យជីវិតប្រជាជនរបស់ហ្គាហ្សាមានភាពប្រសើរឡើងវិញ ។ គណបក្សហ្វាតា (Fatah) ដែលជាគូប្រជែងរបស់ខ្លួនធ្វើមិនបានល្អជាងក្រុមខ្លួននៅ West Bank នោះទេ ។ មេដឹកនាំបក្សគឺលោកម៉ាមូដ៍ អាបាស(Mahmoud Abbas) ដែលស្ថិតក្នុងឆ្នាំទី១៧ នៃអាណត្តិ៤ ឆ្នាំក្នុងនាមជាប្រធានាធិបតីប៉ាឡេស្ទីន ។ គាត់ហាក់ដូចជាមានការព្រួយបារម្ភជាខ្លាំងក្នុងការថែរក្សាអំណាចផ្ទាល់ខ្លួនរបស់គាត់ ។ នៅថ្ងៃទី ២៩ ខែមេសា គាត់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការរឹតត្បិតលើការបោះឆ្នោតនៅទីក្រុងជេរ៉ូសាឡឹមខាងកើត ហើយលោកម៉ាមូដ៍ អាបាស ក៏បានពន្យារពេលការបោះឆ្នោតដែលកំណត់ថាគណបក្សហ្វាតាទំនងជាចាញ់ ។ ដោយមានក្តីសង្ឃឹមតិចតួចអំពីអនាគតល្អប្រសើរ ប្រជាជនប៉ាឡេស្ទីនវ័យក្មេងជាច្រើនពេញចិត្តក្នុងការប្រឈមមុខនឹងអ៊ីស្រាអែល ហើយនោះក៏ធ្វើឱ្យកើតមានអំពើហិង្សាដែលសម្លាប់ប្រជាជនម្តងហើយម្តងទៀតដោយចៀសមិនរួច ។ មានតែការចរចាទេដែលនឹងនាំមកនូវសន្តិភាពយូរអង្វែង ។ មហាអំណាចប្រទេសលោកខាងលិច និងមហាអំណាចក្នុងតំបន់គួរតែជំរុញឱ្យពួកគេចរចាគ្នាឡើងវិញ ។ មេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីនគួរតែមកអង្គុយទល់មុខគ្នាដើម្បីជជែករកដំណោះស្រាយ ។ ការដោះស្រាយជម្លោះនឹងកាន់តែពិបាកជាងការគ្រប់គ្រងវា ប៉ុន្តែ ការចរចាគ្នាគឺជាមធ្យោបាយអចិន្រ្តៃយ៍មួយសម្រាប់ការរកច្រកចេញ ។

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!