មហាសេដ្ឋីតៃវ៉ាន់បរិច្ចាគប្រាក់ជាង​ ៣០លានដុល្លារ ដើម្បីបណ្តុះបណ្តាលពលរដ្ឋសម្រាប់ការពារទឹកដី
Breaking News

មហាសេដ្ឋីតៃវ៉ាន់បរិច្ចាគប្រាក់ជាង​ ៣០លានដុល្លារ ដើម្បីបណ្តុះបណ្តាលពលរដ្ឋសម្រាប់ការពារទឹកដី

(01 កញ្ញា 2022) មហាសេដ្ឋីតៃវ៉ាន់ម្នាក់បានប្រកាសបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ៣០​ លានដុល្លារ ដើម្បីបណ្តុះបណ្តាលពលរដ្ឋចំនួន 3លាននាក់ ឱ្យក្លាយជាអ្នកចម្បាំងដើម្បីការពារកោះតៃវ៉ាន់ ពីការឈ្លានពានរបស់ចិន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Taiwan News ។

លោក Robert Tsao អាយុ 75ឆ្នាំ ជាស្ថាបនិកក្រុមហ៊ុន United Microelectronics Corp (UMC) ដែលជាក្រុមហ៊ុនផលិតមីក្រូឈីបដ៏ធំបំផុតរបស់តៃវ៉ាន់បានប្រកាសថា ការគំរាមកំហែងរបស់ចិនចំពោះកោះតៃវ៉ាន់កំពុងកើនឡើង ដូច្នេះតៃវ៉ាន់ត្រូវតែក្រោកឈរឡើង និងតស៊ូដើម្បីការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ។

លោកបានប្រកាសថា លោកនឹងបរិច្ចាគប្រាក់ចំនួន ២០ លានដុល្លារ ដើម្បីបណ្តុះបណ្តាលពលរដ្ឋចំនួន 3លាននាក់ឱ្យក្លាយជា “អ្នកចម្បាំងខ្លាឃ្មុំខ្មៅ” ក្នុងរយៈពេល 3ឆ្នាំខាងមុខ ដើម្បីប្រយុទ្ធជាមួយទាហានរបស់ចិន ។ លោកក៏នឹងបរិច្ចាគប្រាក់ចំនួន ១៣​ លានដុល្លារ សម្រាប់ការបណ្តុះបណ្តាល “កងលបបាញ់” ចំនួន 3សែននាក់បន្ថែមទៀត ។

លោក Robert Tsao ក៏បាននិយាយផងដែរថា បើចិនប្រើកម្លាំងប្រឆាំងតៃវ៉ាន់ នោះប្រទេសចិនត្រូវបានគេចាត់ទុកថា មានចេតនាប៉ុនប៉ងសម្លាប់មនុស្ស និងមានបំណងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដ៏ឃោរឃៅ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

ការវិវត្តន៍នេះកើតឡើងបន្ទាប់ពីកងទ័ពចិនព្យាយាមបង្ហាញពីឥទ្ធិពល ជាមួយនឹងសមយុទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីប្រឆាំងនឹងករណីលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តអាម៉េរិក ធ្វើដំណើរទស្សនកិច្ចតៃវ៉ាន់កាលពីខែកក្កដាកន្លងមកនេះ ។

កាលពីមុនលោក Robert Tsao បានជះលុយវិនិយោគមួយដុំធំនៅក្នុងប្រទេសចិន ដែលជាហេតុធ្វើឱ្យគាត់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការលើកឡើងអំពីរដ្ឋាភិបាលក្រុងប៉េកាំង ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គាត់ចាប់ផ្តើមរិះគន់កាន់តែច្រើនចំពោះរដ្ឋាភិបាលចិន បន្ទាប់ពីការបញ្ចប់តួនាទីរបស់លោកនៅ UMC និងជាពិសេសគឺបន្ទាប់ពីរដ្ឋាភិបាលចិនបានចាប់ផ្តើមធ្វើការបង្ក្រាបផ្នែកនយោបាយនៅក្នុងទីក្រុងហុងកុងផងដែរនោះ ។

Leave a Reply

Your email address will not be published. Required fields are marked *