កិច្ចពិភាក្សារយៈពេល ២ថ្ងៃរវាងទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បានជួបពិភាក្សាគ្នា “ដោយស្មោះត្រង់” ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងប្រទេសម៉ាល់តា នៅចុងសប្តាហ៍នេះ ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ស្វែងរកការផ្សះផ្សារទំនាក់ទំនងដែលមានបញ្ហាជុំវិញពាណិជ្ជកម្ម និងបញ្ហាយោធានៅមហាសមុទ្រប៉ាស៊ីហ្វិក។
ក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ លោក Wang Yi បានបន្តលើកយកបញ្ហាតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនថាជា “ខ្សែបន្ទាត់ក្រហមដែលមិនអាចឆ្លងកាត់បានក្នុងទំនាក់ទំនងចិន-អាម៉េរិក” ស្របពេលដែលសហរដ្ឋអាម៉េរិកបានប្តេជ្ញាការពារតៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានរបស់ចិន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយសេតវិមានបាននិយាយថា “សហរដ្ឋអាម៉េរិកបានកត់សម្គាល់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ដោយបន្ថែមថាមន្រ្តីទាំងពីរ “បានប្តេជ្ញាចិត្តរក្សាបណ្តាញទំនាក់ទំនងជាយុទ្ធសាស្ត្រនេះ និងបន្តការភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់បន្ថែមទៀត” ។ ចំណែកសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិនស្តីពីកិច្ចប្រជុំនៅប្រទេសម៉ាល់តា និយាយថា “ភាគីទាំងពីរបានធ្វើការទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ជាក់ស្តែង និងស្ថាបនា”។
ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាម៉េរិកពីសង្រ្គាមបច្ចេកវិទ្យាអាវុធ និងពាណិជ្ជកម្ម ក្រោមរូបភាពនៃសន្តិសុខជាតិ ខណៈដែលក្រុងវ៉ាស៊ីនតោនបានព្រមានទីក្រុងប៉េកាំងប្រឆាំងនឹងមហិច្ឆតាយោធារបស់ខ្លួននៅតៃវ៉ាន់ និងប៉ាស៊ីហ្វិក ។
កិច្ចប្រជុំរយៈពេល ២ថ្ងៃរបស់លោក Sullivan ជាមួយលោក Wang គឺជាជំនួបចុងក្រោយបង្អស់ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមន្ត្រីអាម៉េរិក និងចិន ដែលអាចដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនពីង នៅចុងឆ្នាំនេះ។ សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា លោក Sullivan និង Wang បានពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ បញ្ហាសន្តិសុខពិភពលោក និងក្នុងតំបន់ សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងច្រកសមុទ្រតៃវ៉ាន់ ។
Al Jazeera