មនុស្សជាង ១៨០ នាក់ត្រូវបានសម្លាប់ក្នុងថ្ងៃដំបូងដែលអ៊ីស្រាអែលបន្តការវាយលុកនៅតំបន់ហ្គាហ្សា ​
War

មនុស្សជាង ១៨០ នាក់ត្រូវបានសម្លាប់ក្នុងថ្ងៃដំបូងដែលអ៊ីស្រាអែលបន្តការវាយលុកនៅតំបន់ហ្គាហ្សា ​

​យោងតាមមន្ត្រីប៉ាឡេស្ទីនបានឱ្យដឹងថា មនុស្សជាង ១៨០ នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែករបស់ពួកគេទៅលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍បានផុតកំណត់ ។

 

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា តំបន់ភាគខាងកើតនៃទីក្រុង Khan Younis នៅភាគខាងត្បូង​នៃតំបន់ហ្គាហ្សាស្ទ្រីប បាន​រងនូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា បន្ទាប់ពីព្រឹកព្រលឹមថ្ងៃសុក្រ ជាមួយនឹងផ្សែងហុយឡើងលើមេឃ ។ អ្នក​ស្រុក​បាន​នាំ​គ្នា​ទៅ​កាន់​ផ្លូវ​ដោយ​មាន​របស់​របរ​ដាក់​ក្នុង​រទេះភៀសខ្លួនទៅទិសខាង​លិច​ទៀត ។

 

ស៊ីរ៉ែនបានបន្លឺពេញតំបន់ភាគខាងត្បូងអ៊ីស្រាអែល ខណៈដែលក្រុមសកម្មប្រយុទ្ធហាម៉ាសបានបាញ់រ៉ុក្កែតចេញពីតំបន់ឆ្នេរចូលទៅក្នុងទីក្រុង។ ក្រុមហាម៉ាសបាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុង Tel Aviv ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតនៅទីនោះទេ។

មន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងថ្ងៃដំបូងបន្ទាប់ពីបញ្ចប់បទឈប់បាញ់បានសម្លាប់មនុស្ស១៨៤នាក់ របួសយ៉ាងតិច៥៨៩នាក់ និងបានវាយប្រហារផ្ទះជាង២០ខ្នង។

 

យោធាអ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណពីលើទីក្រុង Gaza និងផ្នែកភាគខាងត្បូងនៃតំបន់ជុំវិញកាលពីថ្ងៃសុក្រ ដោយជំរុញឱ្យជនស៊ីវិលភៀសខ្លួនដើម្បីជៀសវាងការប្រយុទ្ធគ្នា ប៉ុន្តែក្រុមសិទ្ធិមនុស្សបានព្រមានម្តងហើយម្តងទៀតថា មិនមានកន្លែងសុវត្ថិភាពនៅក្នុងតំបន់ហ្គាហ្សាទេ ។

 

​អង្គការសហប្រជាជាតិបាននិយាយថា ការប្រយុទ្ធគ្នានឹងកាន់តែអាក្រក់ទៅៗ ភាពអាសន្នផ្នែកមនុស្សធម៌នឹងកាន់តែធ្ងន់ធ្ងរ ។ លោក Jens Laerke អ្នក​នាំ​ពាក្យ​ការិយាល័យ​មនុស្សធម៌​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​និយាយ​ថា​៖ «នរក​នៅ​លើ​ផែនដី​បាន​វិល​ត្រឡប់​មក​តំបន់​ហ្គាហ្សា​វិញ​ហើយ»។

 

អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) និយាយថា កងកម្លាំងអ៊ីស្រាអែលបានជូនដំណឹងដល់អង្គការ និងអង្គភាពទាំងអស់ដែលប្រតិបត្តិការនៅច្រកឆ្លងកាត់ថា ការចូលនៃរថយន្តដឹកទំនិញត្រូវបានហាមឃាត់ ចាប់ពីថ្ងៃនេះ និងរហូតដល់មានការជូនដំណឹងបន្ថែម។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *