ស្ថានីយ៍ទូរទស្សន៍ជាតិរុស្ស៊ីបង្ហើបឲ្យដឹងហើយត្រូវបានដកស្រង់យកមកចុះផ្សាយដោយសារព័ត៌មានអង់គ្លេស Express ថា រដ្ឋាភិបាលកូរ៉េខាងជើងបានស្នើបញ្ជូនកម្លាំងចំនួន 10ម៉ឺននាក់ទៅចូលរួមប្រតិបត្តិការយោធាជាមួយនឹងរុស្ស៊ីនៅអ៊ុយក្រែន ។
សំណើនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេថា ជាការពិតឬយ៉ាងណា ដោយឡែកលោក Igor Korotchenko ដែលជាអ្នកជំនាញផ្នែកយោធា មានមូលដ្ឋាននៅក្នុងទីក្រុងម៉ូស្គូ បានចេញមកធ្វើការបកស្រាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍រុស្ស៊ីថា “យើងមិនគួរខ្មាស់អៀនក្នុងការទទួលយកសំណើសប្បុរសរបស់លោក គីម ជុងអ៊ុន” នោះឡើយ ។
គាត់បានប្រាប់ទៅកាន់ទូរទស្សន៍ Channel One ថា “វាត្រូវបានគេរាយការណ៍ថា អ្នកស្ម័គ្រចិត្តកូរ៉េខាងជើងចំនួន 100,000នាក់ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចូលរួមក្នុងប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន” ។
លោក Gorotchenko ក៏បានសរសើរដល់កងទ័ពកូរ៉េខាងជើងផងដែរថា “ជាកងទ័ពដ៏ពោរពេញទៅដោយបទពិសោធន៍ក្នុងការធ្វើសង្គ្រាម” លោកបានបន្ថែមថា “ប្រសិនបើប្រទេសកូរ៉េខាងជើងបង្ហាញអំពីបំណងរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងទៅនឹងរបបហ្វាស៊ីសនៅអ៊ុយក្រែន យើងគួរតែអនុញ្ញាតឲ្យពួកគេចូលរួមផងដែរ” ។