កាសែតអ៊ីតាលី Il Tirreno បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គីបានជួលវីឡាប្រណីតរបស់គាត់នៅតំបន់ Tuscany ក្នុងប្រទេសអ៊ីតាលីទៅឱ្យជនជាតិរុស្ស៊ីកាលពីខែសីហា ។ ខណៈលោក ហ្សេលេនស្គី បានអំពាវនាវឱ្យមេដឹកនាំសហភាពអឺរ៉ុប បដិសេធមិនផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចររុស្ស៊ី ។
កាសែតនេះបានរាយការណ៍ថា គូស្នេហ៍ជនជាតិរុស្សីមួយគូដែលមានអាសយដ្ឋាននៅទីក្រុងឡុងដ៍ បានជួលវីឡានេះក្នុងខែសីហា ដោយបង់ប្រាក់ចំនួន ៥០,០០០ អឺរ៉ូ (៥០,២៣៧ ដុល្លារ)ក្នុងមួយខែ ។ របាយការណ៍បានបន្ថែមថា វីឡាដែលមានទីតាំងនៅទីក្រុងមាត់សមុទ្រ Forte dei Marmi ត្រូវបានទិញដោយលោក ហ្សេលេនស្គីក្នុងតម្លៃ 4 លានអឺរ៉ូ នៅពេលដែលមេដឹកនាំអ៊ុយក្រែនកំពុងធ្វើជាតារាសម្តែង។
Il Tirreno បាននិយាយថា រូបថតដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគូស្នេហ៍បានបញ្ជាក់ថាពួកគេកំពុងស្នាក់នៅក្នុងវីឡាប្រណីតរបស់លោក ហ្សេលេនស្គី ។
Corriere Della Serra ដែលជាកាសែតអ៊ីតាលីមួយផ្សេងទៀតបានទាក់ទងអ្នកគ្រប់គ្រងអចលនទ្រព្យដែលបាននិយាយថា “អ្នកជួលមិនមែនជាជនជាតិរុស្សីទេ ប៉ុន្តែខ្ញុំមិនអាចនិយាយបន្ថែមទៀតបានទេ ព្រោះវាជាឯកជនភាព” ។ ទោះជាយ៉ាងណាក៏ដោយ កាសែតនេះបាននិយាយថា អ្នកជួលទំនងជាមានដើមកំណើតរុស្ស៊ី “ប៉ុន្តែមានទីលំនៅតាំងពីយូរយារណាស់មកហើយ ហើយប្រហែលជាមានសញ្ជាតិអង់គ្លេស”។