ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍ទី ២១ ខែកញ្ញានៅឯសេតវិមាន នេះបើតាមការបញ្ជាក់ដោយទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ខណៈសហរដ្ឋអាម៉េរិកតត្រូវបានគេរំពឹងថា នឹងប្រកាសជំនួយបន្ថែមដល់អ៊ុយក្រែននៅសប្តាហ៍ក្រោយនេះ ។
លោក Sullivan បាននិយាយថា លោក ហ្សេលេនស្គីក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយមេដឹកនាំសភាមកពីគណបក្សនយោបាយទាំងពីរផង ។
ទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្តីមន្ត្រីអាម៉េរិកបីនាក់ បានរាយការណ៍កាលពីថ្ងៃចន្ទថា សហរដ្ឋអាម៉េរិកកំពុងពិចារណាលើការដឹកជញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ (ATACMS) ដែលអាចហោះបានចម្ងាយ ៣០០ គីឡូម៉ែត្រ ឬប្រព័ន្ធកាំជ្រួច Guided Multiple Launch Rocket System (GMLRS) ដែលអាចហោះបានចម្ងាយជាង ៧០គីឡូម៉ែត្រផ្ទុកដោយគ្រាប់បែកចង្កោម ។
ទីក្រុងគៀវបានស្នើម្តងហើយម្តងទៀតដល់រដ្ឋបាលលោក បៃដិន សម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដើម្បីជួយវាយប្រហារ និងរំខានដល់បណ្តាញផ្គត់ផ្គង់ មូលដ្ឋានទ័ពអាកាស និងបណ្តាញផ្លូវដែកក្នុងទឹកដីកាន់កាប់របស់រុស្ស៊ី ។
ប៉ុន្តែប្រភពដែលដឹងពីស្ថានភាពនេះបាននិយាយថា សហរដ្ឋអាម៉េរិកមិនមានគម្រោងប្រកាស ផ្ដល់ ATACMS សម្រាប់អ៊ុយក្រែនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ទៅកាន់សេតវិមាននៅសប្តាហ៍ក្រោយនោះទេ។
Reuters