ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បាននិយាយថា លោកនឹងប្រើប្រាស់កម្លាំងជា មធ្យោបាយចុងក្រោយ ដើម្បីរារាំងប្រទេសអ៊ីរ៉ង់ ពីការទទួលបាននូវអាវុធនុយក្លេអែរ នៅពេលលោកចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ 12 របស់អ៊ីស្រាអែល ដែលត្រូវបានថតមុនពេលគាត់ចាកចេញពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ប៉ុន្តែបានចាក់ផ្សាយកាលពីថ្ងៃពុធ លោក បៃដិន បាននិយាយថា លោកនឹងរក្សាកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់នៅក្នុងបញ្ជីអង្គការភេរវករបរទេស (FTO) របស់សហរដ្ឋអាម៉េរិក ។
នៅពេលសួរថាតើសេចក្តីថ្លែងការណ៍ពីមុនរបស់គាត់ដែលថា គាត់នឹងរារាំងទីក្រុងតេអេរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរមានន័យថា គាត់នឹងប្រើកម្លាំងប្រឆាំងនឹងអ៊ីរ៉ង់ឬអត់ លោក បៃដិន បានឆ្លើយតបថា “ប្រសិនបើនោះជាមធ្យោបាយចុងក្រោយ នោះប្រកដណាស់យើងនឹងប្រើកម្លាំងដើម្បីប្រឆាំងនឹងអ៊ីរ៉ង់” ។
អ៊ីរ៉ង់បដិសេធថា ខ្លួនមិនបានស្វែងរកការផលិតអាវុធនុយក្លេអ៊ែរដោយនិយាយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែមួយគត់ ។
ប្រភព ៖ Reuters