ប្រធានអង្គការណាតូ លោក Jens Stoltenberg បានព្រមាននៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃអាទិត្យនេះថា នឹងមិនមានការបញ្ចប់សង្គ្រាមអ៊ុយក្រែនភ្លាមៗនោះទេ ខណៈដែលទីក្រុងគៀវបន្តការវាយលុករបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។
លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយ Funke របស់ប្រទេសអាល្លឺម៉ង់ថា សង្រ្គាមនេះនឹងមានរយៈពេលយូរជាងការរំពឹងទុកនៅពេលដែលសង្រ្គាមចាប់ផ្តើមដំបូង ។ ដូច្នេះ យើងត្រូវតែរៀបចំខ្លួនយើងសម្រាប់សង្រ្គាមដ៏យូរនៅអ៊ុយក្រែន។
ជម្លោះដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលទីក្រុងម៉ូស្គូបានបញ្ជូនកងកម្លាំងរបស់ខ្លួនចូលទៅក្នុងប្រទេសអ៊ុយក្រែន ដោយនាំយកសង្រ្គាមត្រឡប់ទៅអឺរ៉ុបវិញជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។ ទីក្រុងគៀវក៏បានបើកការវាយលុករបស់ខ្លួននៅក្នុងខែមិថុនា ដោយបានរុញច្រានមកវិញប្រឆាំងនឹងទីតាំងរបស់រុស្ស៊ីដែលបានពង្រឹងនៅភាគខាងត្បូង និងខាងកើត ប៉ុន្តែអ៊ុយក្រែនទទួលបានជោគជ័យតិចតួចប៉ុណ្ណោះ ។
លោក Stoltenberg បាននិយាយថា “យើងទាំងអស់គ្នាប្រាថ្នាចង់បានសន្តិភាពឆាប់រហ័ស” ។“ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងត្រូវតែទទួលស្គាល់៖ ប្រសិនបើប្រធានាធិបតីអ៊ុយក្រែន និងអ៊ុយក្រែនឈប់ប្រយុទ្ធ ប្រទេសរបស់ពួកគេនឹងលែងមានទៀតហើយ។ តែប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងរុស្ស៊ីដាក់អាវុធ នោះយើងនឹងមានសន្តិភាព”។
នៅពេលសួរអំពីមហិច្ឆតារបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូ លោក Stoltenberg បាននិយាយថា “គ្មានការងឿងឆ្ងល់ទេអ៊ុយក្រែននឹងស្ថិតនៅក្នុងអង្គការណាតូ”។ “នៅពេលដែលសង្រ្គាមនេះបញ្ចប់ យើងត្រូវការការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ បើមិនដូច្នេះទេ ប្រវត្តិសាស្ត្រដដែលៗអាចនឹងកើតឡើងវិញ»។
នៅក្នុងកិច្ចប្រជុំកំពូលខែកក្កដានៅទីក្រុង Vilnius មេដឹកនាំណាតូបានព្រមព្រៀងគ្នាថាអ៊ុយក្រែនអាចចូលរួមសម្ពន្ធភាពនៅពេលដែលលក្ខខណ្ឌជាក់លាក់ត្រូវបានបំពេញ ហើយមន្ត្រីអាម៉េរិក និងអាល្លឺម៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែនតម្រូវឲ្យអនុវត្តកំណែទម្រង់ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។
AFP