Asia War

ប្រធានអង្គការណាតូជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែនបន្ថែមទៀត

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃចន្ទ បានជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដោយលើកឡើងពីប្រទេសផ្សេងទៀតដែលបានផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេក្នុងការមិនផ្តល់អាវុធដល់ប្រទេសដែលកំពុងមានជម្លោះបន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីមក។

ពេលនេះលោក Stoltenberg កំពុងនៅទីក្រុងសេអ៊ូល ដែលជាកន្លែងចុះចតដំបូងនៃដំណើរទស្សកិច្ចរបស់លោកនៅក្នុងតំបន់អាស៊ី ដោយលោកនឹងបន្តទៅកាន់ប្រទេសជប៉ុនផងដែរ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ដើម្បីប្រឈមមុខនឹងសង្រ្គាមនៅអ៊ុយក្រែន និងការបង្កើនការប្រកួតប្រជែងជាមួយប្រទេសចិនផងដែរ។

នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង លោក Stoltenberg បានអះអាងថា ព្រឹត្តិការណ៍នៅអឺរ៉ុប និងអាម៉េរិកខាងជើង មានទំនាក់ទំនងអន្តរកម្មជាមួយតំបន់ផ្សេងទៀត ហើយលោកថាសម្ពន្ធមិត្តចង់ជួយគ្រប់គ្រងលើការគំរាមកំហែងជាសកលដោយការបង្កើនភាពជាដៃគូនៅអាស៊ីនេះ។ ថ្លែងនៅឯវិទ្យាស្ថាន Chey Institute for Advanced Studies ក្នុងទីក្រុងសេអ៊ូល លោកបានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងត្បូងសម្រាប់ជំនួយដែលមិនបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន ប៉ុន្តែលោកបានជំរុញឱ្យប្រទេសកូរ៉េខាងត្បូងផ្គត់ផ្គង់បន្ថែមទៀត ដោយបន្ថែមថាពួកគេមាន “តម្រូវការបន្ទាន់” សម្រាប់គ្រាប់រំសេវ ដើម្បីទប់ស្កាត់ប្រតិបត្តិការពិសេសរបស់រុស្ស៊ីនេះ។

គួរបញ្ជាក់ដែរថា កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗដែលផ្តល់រថក្រោះ យន្តហោះ និងសព្វាវុធរាប់រយគ្រឿងដល់ប្រទេសប៉ូឡូញជាសមាជិកណាតូចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានចាប់ផ្តើមមកម្ល៉េះ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយថាច្បាប់របស់ប្រទេសរបស់គាត់បានប្រឆាំងនឹងការផ្តល់អាវុធដល់ប្រទេសណាដែលមានជម្លោះដែលធ្វើឱ្យការផ្តល់អាវុធដល់អ៊ុយក្រែនមានភាព តឹងតែងខ្លាំងណាស់។

Source : Reuters

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version