Breaking News

ប្រទេសជាង 40 ដឹកនាំដោយសហរដ្ឋអាម៉រិក និងសហភាពអឺរ៉ុបបានអំពាវនាវឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ហើយប្រគល់រោងចក្រនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន!!

ប្រទេសជាង 40 បានអំពាវនាវឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ហើយឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយគណៈប្រតិភូសហភាពអឺរ៉ុបទៅកាន់អង្គការអន្តរជាតិនៅទីក្រុងវីយែន ហើយត្រូវបានសារព័ត៌មានរដ្ឋរុស្ស៊ី TASS ដកស្រង់យកមកចុះផ្សាយ ។

សេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាដោយប្រទេសចំនួន 42 រួមទាំងប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ ក៏ដូចជាសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស អូស្ត្រាលី នូវែលសេឡង់ ន័រវេស ជប៉ុន បាននិយាយថា “ការដាក់ពង្រាយបុគ្គលិកយោធា និងសព្វាវុធរបស់រុស្ស៊ីនៅឯរោងចក្រនុយក្លេអ៊ែរគឺមិនអាចទទួលយកបានឡើយ” ។ ​ ពួកគេអះអាងថា រុស្ស៊ីបានរំលោភលើ “គោលការណ៍សុវត្ថិភាព សន្តិសុខ និងការការពារ ដែលសមាជិកទាំងអស់នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានប្តេជ្ញាគោរព”។

សេចក្តីថ្លែងការណ៍អំពាវនាវឱ្យរុស្ស៊ីប្រគល់ការគ្រប់គ្រងលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ទៅកាន់ទីក្រុងគៀវ ។ យោងតាមឯកសារនេះមានតែអ្នកជំនាញរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិទេដែលនឹងអាចត្រួតពិនិត្យស្ថានីយ៍ថាមពលនុយក្លេអ៊ែរនេះបាន។ ប្រទេសហត្ថលេខីក៏បានសម្តែងការគាំទ្រជារួមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយក ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi ក្នុងការធានាសុវត្ថិភាពរបស់រោងចក្រនេះ ។

មានទីតាំងនៅទីក្រុង Energodar រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ត្រូវបានគ្រប់គ្រងដោយកងទ័ពរុស្ស៊ី ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងកម្លាំងអ៊ុយក្រែនបានធ្វើការវាយប្រហារជាច្រើនលើកលើទឹកដីរបស់ខ្លួន ដោយប្រើយន្តហោះគ្មានមនុស្សបើក កាំភ្លើងធំធុនធ្ងន់ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើន ។​

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version