News & Blogs

News អត្ថបទព័ត៌មាន

ប្រទេសចិនបោះជំហានបន្ទាប់របស់ខ្លួនទៅលើប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការចាកចេញនៃកម្លាំងយោធាអាម៉េរិក

ប្រទេសចិន

ប្រទេសចិនបោះជំហានបន្ទាប់របស់ខ្លួនទៅលើប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការចាកចេញនៃកម្លាំងយោធាអាម៉េរិក

នៅពេលដែលកងទ័ពអាម៉េរិកកំពុងចាកចេញពីមូលដ្ឋានយោធាដ៏សំខាន់របស់ពួកគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីពេលថ្មីៗនេះ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុងប្រទេសដែលកំពុងត្រូវបានហែកហួរដោយសង្គ្រាមមួយនេះដើម្បីបំពេញចន្លោះទំនេរដែលកើតពីការចាកចេញរបស់កងទ័ពសហរដ្ឋអាម៉េរិក និងកងទ័ពអង្គការអូតង់។

អាជ្ញាធរនៅទីក្រុងកាប៊ុលកំពុងពិចារណាអំពីការពង្រីកបណ្តាញសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលមានតម្លៃចំនួន ៦២ពាន់លានដុល្លារដែលជាផ្នែកមួយនៃគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ប្រទេសចិន (BRI) ។

គម្រោងនេះត្រូវបានបើកដំណើរការដំបូងក្នុងឆ្នាំ២០១៣ ដោយប្រធានាធិបតីចិនលោកស៊ី ជិនពីង និងបានសរសេរចូលទៅក្នុងរដ្ឋធម្មនុញ្ញប្រទេសចិនក្នុងឆ្នាំ២០១៧ វាត្រូវបានចំណាយថវិកាដោយរដ្ឋាភិបាលទីក្រុងប៉េកាំងថាជាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធពិភពលោកដែលមានគោលបំណងដើម្បីភ្ជាប់ប្រទេសចិនទៅកាន់ពិភពលោក ។

ការឈានជើងចូលរបស់ជនជាតិចិនកើតឡើងចំពេលដែលមានការគំរាមកំហែងពីពួកតាលីបង់ទៅកាន់អង្គការណាតូដើម្បីឱ្យពួកគេចាកចេញពីប្រទេសអាហ្វហ្គានីស្ថានតាមឱសានវាទរបស់លោកចូ បៃដិន នៅថ្ងៃទី១១ ខែកញ្ញា ឬបើមិនដូច្នេះទេ ពួកកេនឹងត្រូវប្រឈមមុខនឹងការសងសឹក ។

ប្រមុខភេរវកម្មលោក Suhail Shaheen បាននិយាយថា កងកម្លាំងរបស់គាត់នឹងមិនជ្រៀតជ្រែកចូលក្នុងបេសកកម្មការទូតបរទេសនោះទេ ប៉ុន្តែប្រសិនបើកងកម្លាំងជួយសង្គ្រោះរបស់បរទេសនៅតែឈរជើងនៅទីនោះ ពួកតាលីនឹងវាយប្រហារជាមិនខាន ។

កងទ័ពអាហ្វហ្គានីស្ថានច្រើនជាង ១,០០០ នាក់បានភៀសខ្លួនឆ្លងកាត់ព្រំដែនភាគខាងជើងចូលទៅក្នុងប្រទេសតាហ្សីគីស្ថាន (Tajikistan) ដែលជាប្រទេសជិតខាង កាលពីថ្ងៃចន្ទ បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយក្រុមជីហាដដែលបានងើបឡើងប្រយុទ្ធដណ្តើមកាន់កាប់តំបន់នៅទូទាំងប្រទេស បន្ទាប់ពីក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាម៉េរិកបានចាកចេញ ។

គម្រោងថ្មីរបស់ចិនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅអាហ្វហ្គានីស្ថាន ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០៤៩ គឺជាគម្រោងហេដ្ឋារចនាសម្ពន្ធគោលដៅមួយក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ពន្ធគោលដៅនានាដែលរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញពីទ្វីបអាហ្វ្រិកទៅទ្វីបអឺរ៉ុបដោយផ្តល់ប្រាក់កម្ចីចំនួនច្រើន និងទទួលបានទីតាំងឈរជើងនៅក្នុងទឹកដីដែលត្រួតត្រាដោយលោកខាងលិចនេះ ។

គម្រោងមួយដែលកំពុងត្រូវបានពិភាក្សាគឺការកសាងផ្លូវធំមួយរវាងអាហ្វហ្គានីស្ថាន និងភាគពាយព្យនៃក្រុងផេស្សាវ៉ា (Peshawar) របស់ប្រទេសប៉ាគីស្ថាន ។

ប្រភពមួយបានប្រាប់សារព័ត៌មាន Daily Beast ថា “គឺមានការពិភាក្សាអំពីផ្លូវហាយវេ Peshawar-Kabul រវាងអាជ្ញាធរនៅក្រុងកាប៊ុល និងប៉េកាំង” ។

ការភ្ជាប់ទីក្រុងកាប៊ុលជាមួយទីក្រុងផេស្សាវ៉ាតាមរយៈផ្លូវថ្នល់មានន័យថា ប្រទេសអាហ្វហ្គានីស្ថានចូលរួមជាផ្លូវការក្នុងគម្រោង CPEC នេះហើយ។ 

ប្រទេសចិនបានព្យាយាមពង្រីកគម្រោង BRI របស់ខ្លួនទៅកាន់ប្រទេសអាហ្វហ្គានីស្ថានយ៉ាងហោចណាស់អស់រយៈពេល ៥ឆ្នាំចុងក្រោយនេះ ប៉ុន្តែដោយសារសហរដ្ឋអាម៉េរិកដែលមានការចូលរួមយ៉ាងខ្លាំងនៅក្នុងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដូច្នេះហើយទើបទីក្រុងកាប៊ុលបានស្ទាក់ស្ទើរក្នុងការយល់ព្រមលើកិច្ចព្រមព្រៀងណាមួយជាមួយចិនដោយខ្លាចទីក្រុងវ៉ាស៊ីនតោនអន់ចិត្ត ។

តែពេលនេះកងទ័ពអាម៉េរិកបានចាកចេញពីបន្ទាយធំ Bagram Airbase ហើយ ដូច្នេះប្រទេសចិនជិតត្រូវបានស្វាគមន៍ដោយបើកចំហហើយ ។

ប្រភពដដែលបានប្រាប់កាសែត Beast ថា “មានការចូលរួមជាបន្តបន្ទាប់រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងរដ្ឋាភិបាលចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែវាបានធ្វើឱ្យសហរដ្ឋអាម៉េរិកមានការសង្ស័យទៅលើលោកប្រធានាធិបតី Ashraf Ghani” ។

លោក Ghani ត្រូវការសម្ពន្ធមិត្តដែលមានធនធាន ការតស៊ូ និងសមត្ថភាពក្នុងការផ្តល់ការគាំទ្រផ្នែកយោធាដល់រដ្ឋាភិបាលរបស់គាត់ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកចាវ លីជៀន (Zhao Lijian) បានបញ្ជាក់កាលពីខែមុនថា ប្រទេសចិនកំពុងពិភាក្សាជាមួយភាគីទីបីក្នុងនោះក៏មានអាហ្គានីស្ថានផងដែរ ។

ប្រទេសចិនសង្ឃឹមថា តាមរយៈយុទ្ធសាស្ត្រនៃគម្រោង BRI របស់ខ្លួន វានឹងអាចភ្ជាប់ប្រទេសនៅក្នុងទ្វីបអាស៊ីជាមួយប្រទេសនៅក្នុងទ្វីបអាហ្រ្វិក និងទ្វីបអឺរ៉ុបតាមរយៈបណ្តាញផ្លូវគោក និងផ្លូវសមុទ្រដែលនឹងមាននៅទូទាំង ៦០ប្រទេស ។

យុទ្ធសាស្ត្រនេះនឹងបង្កើនឥទ្ធិពលរបស់ប្រទេសចិននៅទូទាំងពិភពលោកជាមួយនឹងតម្លៃប៉ាន់ស្មានចំនួន ៤ លានលានដុល្លារ ។

អាហ្វហ្គានីស្ថានអាចផ្តល់ឱ្យប្រទេសចិននូវមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រនៅក្នុងតំបន់សម្រាប់ធ្វើពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ និងដើរតួរជាមជ្ឈមណ្ឌលកណ្តាលតភ្ជាប់តំបន់មជ្ឈឹមបូព៌ាអាស៊ីកណ្តាល និងអឺរ៉ុប ។

ប្រភពដដែលបានបន្តទៀតថា“ ប្រជាជនចិនបានប្រមូលផ្តុំមេដឹកនាំនយោបាយជាច្រើនដោយយកចិត្តទុកដាក់ដើម្បីទិញការគាំទ្រផ្នែកនយោបាយសម្រាប់គម្រោងនានានៅក្នុងប្រទេសអាហ្គានីស្ថានក្នុងពេលតែមួយ ។

ពិតណាស់ ការវិនិយោគដែលនឹងត្រូវចាក់ចូលទៅក្នុងសេដ្ឋកិច្ចប្រាកដប្រជានឹងផ្តល់ការងារដល់មនុស្សជាច្រើន ហើយក្នុងករណីដែលគ្មានសកម្មភាពសេដ្ឋកិច្ចផ្សេងទៀតដូចសព្វថ្ងៃ ប្រជាជនអាហ្វហ្គានីស្ថានក៏អាចនឹងស្វាគមន៍វា ។

ប៉ុន្តែ ទិដ្ឋភាពនយោបាយនៅក្នុងប្រទេសអាហ្គានីស្ថានបានបែកបាក់គ្នាយ៉ាងខ្លាំង ហើយនឹងមានមេដឹកនាំជនជាតិភាគតិចខ្លះអាចប្រឆាំងនឹងគម្រោង BRI  ។ ការប្រឆាំងនេះ មិនមែនដោយសារពួកគេមើលឃើញពីគុណវិបត្តិរបស់គម្រោង BRI នោះទេ ប៉ុន្តែក៏ដោយសារតែតួអង្គខាងក្រៅចង់បញ្ឈប់វាច្រើនជាង ។

ការចាកចេញរបស់អាម៉េរិកពីប្រទេសនេះ នឹងផ្តល់កម្លាំងបន្ថែមសម្រាប់ទីក្រុងប៉េកាំងដើម្បីចាប់ផ្តើមការពិភាក្សាឡើងវិញអំពីគំនិតនៃការបញ្ចូលទីក្រុងកាប៊ុលទៅក្នុងគម្រោង BRI ។

លោក Michael Kugelman អ្នកជំនាញកិច្ចការអាស៊ីខាងត្បូងបានប្រាប់សារព័ត៌មាន Beast ថា “ការចាកចេញរបស់ទីក្រុងវ៉ាស៊ីនតោនពីប្រទេសអាហ្វហ្គានីស្ថានបានផ្តល់ឱកាសយុទ្ធសាស្ត្រយ៉ាងល្អដល់ទីក្រុងប៉េកាំង ។

វានឹងមានកន្លែងទំនេរមួយសម្រាប់ចាក់បំពេញ ប៉ុន្តែយើងមិនគួរឱ្យតម្លៃទៅលើសមត្ថភាពរបស់ប្រទេសចិនក្នុងការបំពេញចន្លោះប្រហោងនោះខ្លាំងពេកទេ ។ ជាមួយនឹងស្ថានការណ៍សន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងមិនអាចគ្រប់គ្រងបានទេ ចិនត្រូវតែបង្កើនការព្យាយាមឱ្យខ្លាំងប៉ុណ្ណោះ ។

“វាត្រូវអាស្រ័យមួយផ្នែកធំទៅលើការចរចាររបស់ទីក្រុងប៉េកាំងជាមួយក្រុមឧទ្ទាមតាលីបង់ ទោះបីជាក្រុមនេះអាចឈានមកដឹកនាំរដ្ឋាភិបាល ឬអត់ក៏ដោយ ។ ប្រសិនបើក្រុមតាលីបង់យល់ព្រមមិនប្រឆាំងទៅលើគម្រោងនៃការកសាងហេដ្ឋារចនាសម្ពន្ធ និងគម្រោងផ្សេងៗទេ នោះប្រទេសចិននឹងការតែមានភាពងាយស្រួលមួយកម្រិតទៀត ។ 

លោក Kugelman បានលើកឡើងថា ប្រទេសចិនប្រាកដជាអាចនាំក្រុមតាលីបង់មកអង្គុយនៅលើតុចរចាសម្រាប់គម្រោង BRI បានជាមិនខាន ។

គម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ប្រទេសចិនពិតជាពឹងផ្អែកលើសន្តិភាពយូរអង្វែងនៅក្នុងតំបន់ដែលធ្លាប់ជាតំបន់ដែលមិនមានស្ថិរភាពបំផុតនៅលើភពផែនដី ។

រដ្ឋាភិបាលទីក្រុងប៉េកាំងត្រូវបានគេរំពឹងថា នឹងផ្តល់គម្រោងហេដ្ឋារចនាសម្ពន្ធ និងថាមពលដែលមានតម្លៃរាប់ពាន់លានដុល្លារដល់ក្រុមតាលីបង់ដើម្បីជាថ្នូរនឹងសន្តិភាពនៅប្រទេសអាហ្គានីស្ថាន។

 លោក Kugelman បានកត់សម្គាល់ថា “ពួកតាលីបង់មិនមែនជាបញ្ហាប្រឈមតែមួយគត់ដើម្បីយកឈ្នះនោះទេ ។ គឺនៅមានប្រភពនៃអំពើហិង្សាជាច្រើនផ្សេងទៀតរួមមានទាំងក្រុមគាំទ្រ និងក្រុមប្រឆាំងរដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថាន ។ ដូច្នេះ ប្រទេសចិននៅតែប្រឈមមុខនឹងបរិយាកាសអសន្តិសុខយ៉ាងខ្លាំង បើទោះបីជាមានក្រុមតាលីបង់ យល់ព្រមមិនប្រឆាំងទៅលើគម្រោងរបស់ខ្លួនយ៉ាងណាក៏ដោយ ។

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!