ប៉ូឡូញរកឃើញគ្រោងឆ្អឹង(អាចជាបិសាចជញ្ជក់ឈាម)ត្រូវមួយកណ្ដៀវចំក
Breaking News

ប៉ូឡូញរកឃើញគ្រោងឆ្អឹង(អាចជាបិសាចជញ្ជក់ឈាម)ត្រូវមួយកណ្ដៀវចំក

ក្រុមអ្នកបុរាណវិទូជនជាតិប៉ូឡូញ បានរកឃើញគ្រោងឆ្អឹងមួយ ដែលគេជឿជាក់ថា អាចជាបិសាចជញ្ជក់ឈាមភេទស្រី នៅក្នុងផ្នូរបុរាណមួយ ជាមួយនឹងកណ្ដៀវនៅបំពង់ករបស់នាង ហើយម្រាមជើងរបស់នាងត្រូវបានជាប់សោផងដែរ ។ ក្រុមអ្នកបុរាណវត្ថុវិទូខាងលើក៏បានរកឃើញផងដែរនូវមួកធ្វើអំពីសូត្រនៅលើលលាដ៍ក្បាល ជាការបង្ហាញថាស្ត្រីម្នាក់នេះធ្លាប់ជាត្រកូលអភិជនក្នុងសង្គម ។

សាស្ត្រាចារ្យ Darius Polinski ប្រធានក្រុមអ្នកបុរាណវិទ្យាមកពីសាកលវិទ្យាល័យ Nicholas Copernicus ក្នុងទីក្រុង Torun ប្រទេសប៉ូឡូញ នៅជិតនឹងទីបញ្ចុះសពបុរាណនេះបាននិយាយថា ស្ថានភាពផ្នូរមើលទៅហាក់ខុសពីធម្មតា មានយកកណ្ដៀវមកដាក់កាត់បំពង់កសព បើតាមរបៀបនេះរបស់មនុស្សសម័យនោះ គឺធ្វើឡើងដើម្បីការពាររូបកាយនេះពីការរស់ឡើងវិញ ។

សាស្ត្រាចារ្យ Darius Polinski បានបន្ថែមថា កណ្ដៀវមិនត្រូវបានដាក់នៅលើដីនោះទេ ប៉ុន្តែត្រូវបានដាក់នៅលើបំពង់ក ការដាក់កណ្ដៀវបែបនេះ គឺដើម្បីប្រសិនបើរូបកាយនេះព្យាយាមងើបក្បាល នោះនឹងត្រូវកណ្ដៀវកាត់បំពង់ករហូតដល់ស្លាប់ ឬរបួសធ្ងន់ ហើយការចាក់សោនៅនឹងកជើងគឺជានិមិត្តរូបនៃការបញ្ចប់នៃដំណើរការរបស់រូបកាយនោះជារៀងរហូតគ្មានផ្លូវដែលរូបកាយនេះអាចរស់ឡើងវិញបានឡើយ ។

មធ្យោបាយក្នុងការទប់ស្កាត់ការរស់ឡើងវិញរបស់មនុស្សក្នុងសម័យនោះរួមមាន ការកាត់ក្បាល កាត់ដៃកាត់ជើង ដាក់អ្នកស្លាប់ផ្កាប់មុខនឹងដី ដុតបំផ្លាញសាកសព និងវាយកំទេចសាកសពដោយដុំថ្ម ។

មានរឿងព្រេងជាច្រើនដែលបានកត់ត្រាអំពីបិសាចជញ្ជក់ឈាម ចាប់តាំងពីសតវត្សទី11 នៅក្នុងអឺរ៉ុបខាងកើត មនុស្សក្នុងសម័យនោះខ្លាចបិសាចជញ្ជក់ឈាមនោះខ្លាំងណាស់ ។ យោងទៅតាមរឿងព្រេង បិសាចជញ្ជក់ឈាមមើលទៅដូចមនុស្សទូទៅ ប៉ុន្តែមានធ្មេញមុតស្រួច បឺតជញ្ជក់ឈាមមនុស្សជាអាហារ ហើយអ្នកដែលត្រូវបានសង្ស័យថាជាបិសាចជញ្ជក់ឈាម នឹងមានស្ថានភាពដូចគ្នានឹងមេធ្មប់ ឬបិសាចចចកដែលនឹងត្រូវទទួលរងការកាត់ទោសដោយប្រហារជីវិត ។

ប្រភព ៖ ancient-origins

Leave a Reply

Your email address will not be published. Required fields are marked *