News & Blogs

បទវិភាគប្រចាំសប្តាហ៍

បណ្តាប្រទេស G7 ផ្ញើសារទៅកាន់ចិនថា ៖ ប្រទេសលោកខាងលិចនៅមិនទាន់ចាញ់នៅឡើយទេ

china-ebook-cambodia

បណ្តាប្រទេស G7 ផ្ញើសារទៅកាន់ចិនថា ៖ ប្រទេសលោកខាងលិចនៅមិនទាន់ចាញ់នៅឡើយទេ

អ្នកការទូតកំពូលៗពីររូបរបស់សមាជិកប្រទេស G7បានថ្លែងថា នៅថ្ងៃអង្គារនេះក្រុមប្រទេសប្រជាធិបតេយ្យនិយមចំនួន ៧រូបនឹងពិភាក្សាគ្នាអំពីវិធីសាស្រ្តក្នុងការតបតជាមួយនឹងបញ្ហាប្រឈមអំពីប្រទេសចិន និងរុស្ស៊ី ដោយមិនព្យាយាមរារាំងទីក្រុងប៉េកាំង ឬបង្កើនភាពតានតឹងជាមួយវិមានគ្រីមឡាំង (Kremlin) ឡើយ ។

G7 បង្កើតឡើងក្នុងឆ្នាំ១៩៧៥ ដើម្បីធ្វើជាវេទិកាមួយសម្រាប់ប្រទេសដែលមានបំផុតនៅភាគខាងលិចក្នុងការពិភាក្សាគ្នាពីវិបត្តិនានាដូចជា ការហាមឃាត់ការដឹកប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC: Organization of the Petroleum Exporting Countries) G7 ថែមទាំងជជែកវែកញែក អំពីការឆ្លើយតបចំពោះប្រទេសធំៗពីរដែលកំពុងរីកចម្រើនជាលំដាប់ ក៏ដូចជាគ្រោះមហន្តរាយដែលកើតចេញពីជំងឺកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុផងដែរ ។

រដ្ឋមន្រ្តីក្រសួងការបរទេសរបស់លោកចូ បៃដិន គឺលោក អេនថូនី ប្លីងខេន (Antony Blinken) បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ មុនពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 លើកដំបូងកាលពីឆ្នាំ២០១៩ ថា “វាមិនមែនជាគោលបំណងរបស់ពួកយើងទេ ក្នុងការព្យាយាមទប់ទល់នឹងប្រទេសចិន ឬធ្វើឱ្យចិនចុះខ្សោយនោះ” ។

លោកបាននិយាយថា “ប្រទេសលោកខាងលិចគ្រាន់តែការពារបទបញ្ជានៃច្បាប់អន្តរជាតិ” ពីការប៉ុនប៉ងធ្វើវិទ្ធង្សនា (ការរម្លំរម្លាយ) នានាដោយប្រទេសណាមួយ រួមទាំងប្រទេសចិនផងដែរ ។

ប្រទេសចិនគឺជាចំណុចផ្តោតសំខាន់ដំបូងនៃការពិភាក្សានៅព្រឹកថ្ងៃអង្គារនេះ ខណៈពេលដែលកិច្ចចរចានៅពេលរសៀលនឹងងាកទៅរកប្រធានបទអំពីប្រទេសរុស្ស៊ី  រួមទាំងការរកវិធីសាស្រ្តដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារបស់រុស្ស៊ីនៅតាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន និងការដាក់ពន្ធនាគារអ្នករិះគន់វិមានរដ្ឋាភិបាលគ្រីមឡាំង (Kremlin) គឺលោកអាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) ។

ប្រទេស G7 ទាំងអស់រួមបញ្ចូលគ្នា នៅតែជាកណ្តាប់ដៃដ៏មានឥទ្ធិពលមួយ ៖ ពួកគេមានលុយប្រហែល ៤០ ទ្រីលានដុល្លារនៅក្នុងការដណ្តើមយកឥទ្ធិពលសេដ្ឋកិច្ច ហើយពួកគេក៏មានសមាជិក ៣ ប្រទេសផងដែរក្នុងចំណោមមហាអំណាចនុយក្លេអ៊ែរផ្លូវការចំនួន ៥  ។

ប្រទេសរុស្ស៊ីត្រូវបានរាប់បញ្ចូលទៅក្នុងសមាជិក G7 ក្លាយជាប្រទេស G8 នៅក្នុងឆ្នាំ១៩៩៧ ប៉ុន្តែត្រូវបានផ្អាកវិញនៅឆ្នាំ២០១៤ បន្ទាប់ពីរុស្ស៊ីបានយកតំបន់គ្រីមៀ (Crimea) ពីអ៊ុយក្រែន (Ukraine) មកដាក់ក្នុងការគ្រប់គ្រងរបស់ខ្លួន ។ ប្រទេសចិន ដែលបច្ចុប្បន្នជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី ២នៅលើពិភពលោក មិនដែលបានក្លាយជាសមាជិកនៃក្រុមប្រទេស G7 នោះឡើយ ។

ប្រទេសអង់គ្លេសនឹងជជែករកការយល់ព្រមលើការសម្រេចចិត្តពីដៃគូរបស់បណ្តាប្រទេស G7 ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងការគំរាមកំហែងជាសកល ដូចដែលប្រទេសចិន និងរុស្ស៊ីកំពុងតែធ្វើ ។

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោកឌោមីនីក រ៉ប (Dominic Raab) បានថ្លែងថា “ការធ្វើជាគណៈប្រធាននៃ G7 របស់ចក្រភពអង់គ្លេស គឺជាឱកាសមួយដើម្បីបើកចំហនូវសង្គមប្រជាធិបតេយ្យ និងបង្ហាញនូវសាមគ្គីភាព ពេលដែលវាត្រូវការជាចាំបាច់ ដើម្បីដោះស្រាយបញ្ហារួមគ្នា និងការគំរាមកំហែងដែលកំពុងកើតមានឡើង” ។

ជាយូរមកហើយ គឺមានការព្រួយបារម្ភជាខ្លាំងទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប អំពីវិធីសាស្រ្តដែលប្រទេសលោកខាងលិចគួរធ្វើសកម្មភាពទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង និងម៉ូស្គូ  ដែលប្រទេសទាំងពីរបានអះអាងថា ការរិះគន់របស់ប្រទេសលោកខាងលិច គឺមិនសមហេតុផល និងមានការអគតិចំពោះខ្លួន ។

លោកប្លីងខេនបាននិយាយថា “សហរដ្ឋអាម៉េរិកពេញចិត្តនឹងទំនាក់ទំនងដែលមានស្ថិរភាពរឹងមាំជាមួយរុស្ស៊ី ប៉ុន្តែវាក៏អាស្រ័យភាគច្រើនទៅលើថា តើប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន សម្រេចចិត្តធ្វើបែបណា ជាពិសេសគឺនៅក្នុងសាលប្រជុំ ប្រទេសអ៊ុយក្រែន ដែលលោកប្លីងឃីននឹងមកធ្វើចូលរួមនៅសប្តាហ៍ក្រោយ” ។

លោកប្លីងខេនបានមានប្រសាសន៍ទៀតថា “យើងបានបញ្ជាក់ជាថ្មី នូវការគាំទ្រឥតឈប់ឈររបស់យើង ចំពោះឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន” ។

យើងមិនចង់បានភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសទាំងពីនោះទេ យើងចង់ឱ្យមានទំនាក់ទំនងដែលមានស្ថិរភាព និងអាចព្យាករបាន ។ ហើយប្រសិនបើរុស្ស៊ីធ្វើដំណើរនៅក្នុងទិសដៅបែបនេះ យើងក៏នឹងធ្វើបែបហ្នឹងដូចគ្នាដែរ ។

រដ្ឋមន្រ្តីជាច្រើននឹងចាប់ផ្តើមរៀបចំដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងទៅតាមគម្រោងដែលលោកបៃដិនបានគ្រោងទុក ចាប់តាំងពីបានចូលកាន់តំណែង នោះគឺការទៅចូលរួមកិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេសក្នុងខែក្រោយនេះ ។

ក្រៅពីសមាជិកបណ្តាប្រទេស G7 ដែលមានប្រទេសកាណាដា បារាំង អាល្លឺម៉ង អ៊ីតាលី ជប៉ុន និងសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេសក៏បានអញ្ជើញរដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ឥណ្ឌា អាហ្វ្រិកខាងត្បូង និងកូរ៉េខាងត្បូងនៅសប្តាហ៍នេះផងដែរ ។

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖ ខ្មែរ អេឡិកត្រូនិក ប៊ុក Ebook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!