News & Blogs

News

បដិវត្តវប្បធម៌ ម៉ៅ សេទុង

website-cover-2

បដិវត្តវប្បធម៌ ម៉ៅ សេទុង

នៅឆ្នាំ ១៩៦៦ ម៉ៅសេទុងបានជួបនឹងបញ្ហាមួយ

មេដឹកនាំចិនដែលបានដឹកនាំកងទ័ពដែលកើតចេញពីអ្នកស្រែចម្ការដែលបានទទួលជ័យជំនះនៅក្នុងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសចិន និងបានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ ១៩៤៩ ពេលនោះគាត់មានវ័យជរាណាស់ទៅហើយ ។ អ្វីដែលអាក្រក់នោះគឺថា គោលនយោបាយកែប្រែប្រទេស របស់គាត់បានបំផ្លិចបំផ្លាញប្រទេសចិន និង បង្កឲ្យមានទុរ្ភិក្សដ៏សាហាវបំផុតដែលត្រូវបានពិភពលោកចងចាំនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។

នៅដើមទស្សវត្សឆ្នាំ ១៩៦០ ឥទ្ធិពល និងការបង្ហាញវត្តមានជាសាធារណៈរបស់លោកម៉ៅ គឺមិនសូវមាននោះទេ ហើយ ក៏មានលេចលឺនូវពាក្យចចាមអារាមមកថា គាត់គឺកំពុងឈឺធ្ងន់ និងអ្នកខ្លះទៀតថែមទាំងនិយាយថា គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ។ គាត់ចាំបាច់ត្រូវរកវិធីដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាតំណាងឲ្យបក្សកុម្មុយនីស្តចិន និង បង្កើតបដិវត្តថ្មីដើម្បីដឹកនាំប្រទេសចិន ។

វាបានចាប់ផ្តើមពីទន្លេមួយ៖

គោលនយោបាយមហាលោតផ្លោះ គឺជាគ្រោះមហន្តរាយមួយរបស់ប្រទេសចិន ។ វាជាផែនការរបស់លោកម៉ៅនៅឆ្នាំ ១៩៥៨ ដើម្បីធ្វើឧស្សាហូបនីយកម្មប្រទេសចិនរីកចម្រើនបានឆាប់រហ័សដោយពឹងផ្អែកទៅលើកម្លាំងពលកម្មដ៏សកម្មរបស់ប្រជាជនទូទាំងប្រទេស ។

យោងតាមឯកសារ៖ គាត់សន្យាថានឹងកែប្រែសាធារណរដ្ឋប្រជាមានិតចិនឲ្យក្លាយទៅជាឋានសួគ៌ដ៏អស្ចារ្យភ្លាមៗតាមរយៈកម្លាំងពលកម្មរបស់ប្រជាជនទាំងមូល ។  ពេលនោះគឺមានការបង្ខំប្រជាជននៅទីជនបទឲ្យធ្វើស្រែចំការដែលមានរដ្ឋជាអ្នកគ្រប់គ្រង និងប្រជាជនរាប់លាននាក់ទៀតទៅធ្វើការនៅក្នុង ឡផលិតដែកថែបឆៅ ដោយដៃផ្ទាល់ ។ ទោះបីជាលោកម៉ៅបានប្រាប់ទៅពិភពលោកថា ផែនការរបស់គាត់កំពុងទទួលជោគជ័យក៏ដោយ ។

ស្ទើតែគ្រប់ទីកន្លែងមានការរាយការណ៍មកថា “រោងចក្រផលិតកម្ម មានការខូចខាតអស់ហើយ” ។ អ្វីដែលជាការពិតនោះ គឺវាពិតជាមានការខកចិត្តជាខ្លាំង ។

ពួកគេបង្ហូរទឹកពន្លិចដីស្រែ ធ្វើឲ្យដីអស់ជីវជាតិ ដែលជាហេតុមិនបានធ្វើឲ្យផលិតកម្មកសិកម្មមានការកើនឡើងបែជាធ្លាក់ចុះទៅវិញ ។

ប្រជាជនចិនត្រូវបានបង្ខំឲ្យធ្វើការទាំងនឿយហត់នៅលើដីស្រែដែលពួកគេធ្លាប់ធ្វើជាម្ចាស់កម្មសិទ្ធិ ហើយពួកគេបានចាប់ផ្តើមបាត់បង់សីលធម៌ ។ បើទោះបីជាមានរបាយការណ៍អំពីការរីករាលដាលនៃភាពអត់ឃ្លាន និងមានប្រជាជនរាប់លាននាក់បានអត់អាហាររហូតដល់ស្លាប់ក៏ដោយ ក៏លោកម៉ៅនៅតែរក្សាការកំណត់កូតាផលិតកម្មឲ្យនៅខ្ពស់ដដែល ។

ឯកសារ: អ្នកសង្កេតការណ៍ម្នាក់បានសរសេរថា៖ ប្រជាជនកាន់តតែរងទុក្ខវេទនា ពួកគេត្រូវបានបង្ខំឲ្យធ្វើការគ្មានឈប់ឈរ ។ ស្ថានការណ៍នៅតាមទីជនបទស្ទើរតែគ្រប់គ្រងលែងបានទៅហើយ ។

នយោបាយមហាលោតផ្លោះរបស់ម៉ៅបានបញ្ចប់នៅឆ្នាំ ១៩៦២ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ចន្លោះប្រមាណ ២៣ ទៅ ៥៥ លាននាក់ពីការស្រេកឃ្លាន ។

នៅសហភាពសូវៀតភាពឯណោះវិញ ក៏មានចលាចលនយោបាយមួយកំពុងកើតឡើងដែរ ។ មេដឹកនាំសូវៀតលោកយ៉ូសែប ស្តាលីន (Joseph Stalin) ជាអ្នកដែលលោកម៉ៅយកគំរូតាមបានទទួលមរណៈភាព ។ ហើយលោកម៉ៅបានមើលឃើញថាជា នីគីតា គ្រូសឆេវ (Nikita Krushchev) ដែលជាអ្នកស្នងតំណែងបន្តពីលោកស្តាលីនបានអនុវត្តគោលនយោបាយដែលត្រូវបានគេហៅថា “ស្តាលីននីយកម្ម” ។ ជាពេលដែលលោកគ្រូសឆេវបានដាក់ចេញគោលនយោបាយដើម្បីប្រឆាំងគោលនយោបាយរបស់ស្តាលីន និងរុះរើរចនាសម្ព័ន្ធរបស់គាត់ផងដែរ ។

កេរដំណែលរបស់លោកម៉ៅក៏បានទទួលរងវាសនាដូចគ្នាទៅនឹងលោកស្ដាលីនដែរ ។ បដិវត្តកុម្មុយនិស្តរបស់គាត់បានកន្លងផុតទៅ ហើយគោលនយោបាយរបស់គាត់លែងត្រូវបានគេយកចិត្តទុកដាក់ដូចមុន បន្ទាប់ពីវាបាន បង្កគ្រោះមហន្តរាយដ៏ធំមួយពីនយោបាយមហាលោតផ្លោះរបស់គាត់នោះមក ។

វាចាប់ផ្តើមមើលទៅដូចជាលោកម៉ៅត្រូវបានគេចាត់ទុកថាជាឥស្សរជនកុម្មុយនិស្តដ៏មានឥទ្ធិពលដូចលោកវ្ល៉ាឌីមៀរ លេនីន (Vladimir Lenin)  និងកាល ម៉ាក្ស (Karl Marx) គឺស្ថិតក្នុងមហន្តរាយ ។

ព្រឹត្តការណ៍នៃការហែលទឹក

ចំនុចនេះ គឺនិយាយអំពីព្រឹត្តការណ៍នៅទន្លេមួយ ។

លោកម៉ៅមានកេរ្តិ៍ឈ្មោះល្បីល្បាញថាជាអ្នកហែលទឹកដ៏ពូកែម្នាក់ ហើយថែមទាំងបានប្រើការហែលទឹកនោះជានិមិត្តសញ្ញានៃមនោគមវិជ្ជារបស់គាត់ទៀតផង ។

ក្នុងឆ្នាំ ១៩៥៦ គាត់បានហែលឆ្លងទន្លេដ៏ធំបំផុតមួយរបស់ប្រទេសចិន គឺទន្លេយេងហ្ស៊ី (Yangtze) នេះជាលើក ទីបីហើយដែលគាត់បានហែលទឹកជាសាធារណៈ ដើម្បីបង្ហាញពីរឿងធំៗ ហើយក៏ជាសារផ្ញើទៅចក្រពត្តិនិយមអាមេរិកថា “មិនបានបំភ័យគាត់បានទេ” ។ ១០ ឆ្នាំក្រោយមក លោកម៉ៅបានទៅហែលទឹកនៅទន្លេយេងហ្ស៊ី (Yangtze) ម្តងទៀត ដើម្បីបំបាត់ពាក្យចចាមអារាមនិយាយទាក់ទងទៅនឹងបញ្ហាសុខភាពរបស់គាត់ ។

លើកនេះគឺមានមនុស្សជាច្រើនបានហែលហមអមដំណើរជាមួយគាត់ ព្រមទាំងមានសំឡេងហ៊ោកញ្ចៀវអបអរសាទរយ៉ាងអើងកង ។ គាត់បានយកអ្នកថតរូបផ្ទាល់ខ្លួនរបស់គាត់ទៅជាមួយផងដែរ ដែលជាថតនោះបានផ្តិតយករូបថតរបស់ជនផ្តាច់ការវ័យចំណាស់ម្នាក់នេះកំពុងឈរត្រាំទឹកនៅក្នុងទន្លេ ។ ហើយមួយសន្លឹកទៀតបង្ហាញពីគាត់កំពុងគ្រវីដៃទៅកាន់អ្នកហែលទឹកផ្សេងទៀតដោយមានការថតជាប់ស្ពានវូហាន យេងហ្ស៊ី (Wuhan Yangtze Bridge) នៅពីក្រោយផងដែរ ។ ស្ពានវូហាន យេងហ្ស៊ី (Wuhan Yangtze Bridge) នេះគឺជាសមិទ្ធិផលស្ថាបត្យកម្មដ៏លេចធ្លោមួយរបស់រដ្ឋាភិបាលកុម្មុយនិស្ត និងជាភស្តុតាងមួយដែលបង្ហាញថាគាត់បានទៅដល់ទីនោះ ។

ការហែលទឹករបស់គាត់ត្រូវបានចុះផ្សាយនៅទំព័រមុខនៃកាសែតរដ្ឋរបស់ប្រទេសចិនដោយបានសរសេរថា “លោកម៉ៅហែលបានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ស្មើនឹងជាង ៩ ម៉ាយក្នុងរយៈពេល ៦៥ នាទី ដែលមានន័យថាបុរសវ័យ ៧២ ឆ្នាំរូបនេះបានបំបែកឯកទគ្គកម្មល្បឿននៃការហែលទឹករបស់ពិភពលោក” ។

មនុស្សជាច្រើននៅខាងក្រៅប្រទេសចិនបានសើចចំអកចំពោះរឿងរ៉ាវដ៏ហួសចិត្តមួយនេះ ប៉ុន្តែអ្នកខ្លះបានមើលឃើញការហែលទឹករបស់គាត់នេះថា ជាសញ្ញានៃគ្រោះមហន្តរាយ ដោយពួកគេបានចង្អុលបង្ហាញថាការហែលទឹករបស់លោកម៉ៅកាលពីមួយទសវត្សរ៍មុនបាននាំមកនៅមហន្តរាយដ៏ធំមួយគឺការអនុវត្តនយោបាយមហាលោតផ្លោះរបស់គាត់ ។ ក្រុមអ្នកជំនាញបានបារម្ភថា លោកម៉ៅកំពុងតែបង្កភាពវឹកវរនៅក្នុងប្រទេសចិនទៀតមិនខាន ។ ពួកគេពិតជានិយាយមិនខុសទេ ។

បដិវត្តវប្បធម៌

ពីរខែមុនពេលហែលទឹក លោកម៉ៅបានប្រកាសពីការចាប់ផ្តើមបដិវត្តវប្បធម៌ដ៏អស្ចារ្យមួយរបស់គាត់ (Great Proletarian Cultural Revolution) ។ ការបញ្ជាឲ្យតាមប្រមាញ់ និងបោសសម្អាត “ពួកប្រកាន់វណ្ណៈគហបតីដែលលួចបន្លំនៅក្នុងបក្ស” ។ ដើម្បីធ្វើវិសុទ្ធិកម្មរដ្ឋាភិបាល ពួកគេបានតាមចាប់អ្នកណាដែលដើរខុសពីគោលការណ៍ម៉ៅនិយមយកមកសម្លាប់ ។ វិធានការណ៍នោះត្រូវបានអនុវត្តកាន់តែតឹងរឹងឡើង បន្ទាប់ពីការហែលទឹកជាប្រវត្តិសាស្ត្ររបស់គាត់ត្រូវបានបញ្ចប់ ។ រឿងដ៏សំខាន់ដែលគាត់ចង់បង្ហាញឥទ្ធិពល ទៅដល់យុវជនដែលជាអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់ ឈ្មោះ លាង ហេង (Liang Heng) ដើម្បីរំលឹកថា ម៉ៅ គឺជាមនុស្សដែលស្រេកឃ្លាន សាច់ និងឈាម ។ ជាលទ្ធិផលក្រោយការហែលទឹករបស់គាត់ គាត់បានបំពេញបំណងរបស់គាត់ហើយ ។

យុវជនរាប់លាននាក់ត្រូវបានរៀបចំជាក្រុមឆ្មាំក្រហម (Red Guards) ជាកងកម្លាំងប្រដាប់អាវុធដែលបាន ប្រមូលផ្តុំភាគច្រើននៅក្នុងទីក្រុងនានានៅក្នុងប្រទេសចិន ។ ហើយជាមួយនឹងការជូនពររបស់លោកម៉ៅ ពួកគេបានធ្វើឲ្យមានអន្តរាយក្រោមឈ្មោះជាបដិវត្តវប្បធម៌ ។ បេសកកម្មរបស់ពួកគេគឺដើម្បីលុបបំបាត់របស់ចាស់ៗ ទាំងបួនយ៉ាង ។

ឯកសារ៖ វប្បធម៌ចាស់ៗ មនោគមវិជ្ជាចាស់ៗ ទំនៀមទម្លាប់ចាស់ៗ និងប្រពៃណីចាស់ៗ ។ អ្វីដែលចាស់ៗទាំងអស់ត្រូវតែលុបបំបាត់ ។

គំនិតនេះមានមូលដ្ឋានគ្រឹះដើម្បីកម្ទេចចោលកេរដំណែលដ៏វិសេសវិសាល ដើម្បីសរសេរប្រវត្តិសាស្ត្រឡើងវិញអំពីលោកម៉ៅ សេទុង ។ មានការប្តូរឈ្មោះអគារ និងផ្លូវថ្នល់ បំផ្លាញទីកន្លែងវប្បធម៌ផ្សេងៗ និងមានការប្រើហិង្សា ធ្វើទារុណកម្ម កាប់សម្លាប់ទៅលើនរណាដែលពួកគេចោទប្រកាន់ថាប្រឆាំងនឹងគំនិតរបស់លោកម៉ៅដែលពួកគេបានបិទនៅពាស់ពេញជញ្ជាំងទីក្រុង ហើយដាក់តាមហោប៉ៅរបស់ពួកគេក្នុងទម្រង់ជាកូនសៀវភៅក្រហមដែលជាបណ្ដុំនូវពាក្យសម្ដី និងគោលការណ៍របស់គាត់ ។ ទោះបីជាឆ្មាំក្រហមដ៏ឃោរឃៅនោះត្រូវបានរំលាយនៅឆ្នាំ ១៩៦៩ ក៏ដោយ ក៏បដិវត្តវប្បធម៌ត្រូវបានគេចាត់ទុកថាបានបន្តរហូតដល់មរណភាពរបស់លោកម៉ៅនៅឆ្នាំ ១៩៧៦ ។ ការបញ្ចប់ការបំផ្លិតបំផ្លាញពេញមួយទសវត្សបានធ្វើឲ្យមេដឹកនាំនោះត្រូវបានគេគោរពដូចព្រះ ហើយជាលទ្ធផលមនុស្សជាង ១ លាននាក់ត្រូវបានស្លាប់ ។

ភាពវឹកវរនៃបដិវត្តវប្បធម៌ធ្វើឲ្យប្រជាជនចិនមានការភ័យខ្លាចតជំនាន់  ប៉ុន្តែលោកម៉ៅជាមូលដ្ឋាននៅតែទទួលបាននូវអ្វីដែលគាត់ចង់បាន ។ ទោះបីជាបក្សកុម្មុយនិស្តចិនបានថ្កោលទោសទៅលើបដិវត្តវប្បធម៌នៅឆ្នាំ ១៩៨១ក្ដី ហើយប្រទេសកុម្មុយនិស្តចិនបានបង្វែរគោលនយោបាយងាកឆ្ងាយពីលទ្ធិម៉ៅនិយមក៏ដោយ ក៏ពួកគេមិនបានបដិសេធចំពោះសមិទ្ធផលរបស់លោកម៉ៅដែរ ។ បដិវត្តវប្បធម៌បានពង្រឹងឥទ្ធិពលរបស់លោកម៉ៅយ៉ាងទូលំទូលាយ ហើយឥទ្ធិពលនោះនៅតែបន្តមករហូត ។

ព្រឹត្តការណ៍នៃការហែលទឹករបស់លោកម៉ៅ នៅតែត្រូវបានគេរំលឹកជារៀងរាល់ឆ្នាំនៅក្នុងប្រទេសចិនគឺមិនត្រឹមតែដើម្បីបង្ហាញពីភាពខ្លាំងក្លាប៉ុណ្ណោះទេ វាក៏ជាសារមួយនៅពីក្រោយការចាប់ផ្តើមធ្វើបដិវត្តចុងក្រោយរបស់គាត់ផងដែរ ។

ស្តាប់ អាន តាមដានព័ត៌មាន

ចុះឈ្មោះចូលជាសមាជិក ចាប់ផ្តើមពី ២.៩៩ដុល្លារ/ខែ

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!